លោកុប្បត្តិ 32:22-32

លោកុប្បត្តិ 32:22-32 គខប

នៅ​យប់​ដដែល​នោះ លោក​បាន​ក្រោក​ឡើង នាំ​ភរិយា​ទាំង​ពីរ និង​ស្រី​បម្រើ​ទាំង​ពីរ ព្រម​ទាំង​កូន​ដប់​មួយ​នាក់​ឆ្លង​អូ​យ៉ាបុក ត្រង់​កន្លែង​ទឹក​រាក់។ កាល​លោក​ឲ្យ​ក្រុម​គ្រួសារ​ឆ្លង​ទឹក​រួច​ហើយ លោក​ក៏​ឲ្យ​គេ​ចម្លង​អ្វីៗ​ដែល​ជា​របស់​លោក​ទៅ​ដែរ។ លោក​យ៉ាកុប​នៅ​តែ​ម្នាក់​ឯង។ ពេល​នោះ មាន​បុរស​ម្នាក់​មក​បោក‌ចំបាប់​ជា​មួយ​លោក​រហូត​ដល់​ភ្លឺ។ កាល​បុរស​នោះ​ឃើញ​ថា​ពុំ​អាច​ឈ្នះ​លោក​យ៉ាកុប​បាន ក៏​វាយ​លោក​ចំ​ចង្កេះ។ លោក​យ៉ាកុប​ក៏​ថ្លោះ​ចង្កេះ នៅ​ពេល​បោក‌ចំបាប់​គ្នា​នោះ។ បុរស​នោះ​ពោល​ថា៖ «ទុក​ឲ្យ​ខ្ញុំ​ចេញ​ទៅ​វិញ ដ្បិត​ភ្លឺ​ហើយ»។ លោក​តប​វិញ​ថា៖ «ខ្ញុំ​មិន​ឲ្យ​លោក​ទៅ​ទេ ទាល់​តែ​ឲ្យ​ពរ​ខ្ញុំ​សិន»។ បុរស​នោះ​សួរ​លោក​ថា៖ «អ្នក​ឈ្មោះ​អី?»។ លោក​ឆ្លើយ​ថា៖ «ខ្ញុំ​ឈ្មោះ​យ៉ាកុប»។ បុរស​នោះ​ពោល​ទៀត​ថា៖ «គេ​នឹង​លែង​ហៅ​អ្នក​ថា​យ៉ាកុប​ទៀត​ហើយ គឺ​គេ​នឹង​ហៅ​អ្នក​ថា​អ៊ីស្រា‌អែល​វិញ ដ្បិត​អ្នក​បាន​បោក‌ចំបាប់​ជា​មួយ​ព្រះ‌ជាម្ចាស់ និង​ជា​មួយ​មនុស្ស ហើយ​អ្នក​មាន​ជ័យ‌ជម្នះ»។ លោក​យ៉ាកុប​សួរ​បុរស​នោះ​វិញ​ថា៖ «សូម​មេត្តា​ប្រាប់​ឈ្មោះ​លោក​ឲ្យ​ខ្ញុំ​ស្គាល់​ផង»។ បុរស​នោះ​តប​វិញ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​សួរ​ចង់​ដឹង​ឈ្មោះ​យើង?»។ បុរស​នោះ​ក៏​ឲ្យ​ពរ​លោក​យ៉ាកុប​នៅ​ទី​នោះ​ទៅ។ លោក​យ៉ាកុប​ដាក់​ឈ្មោះ​កន្លែង​នោះ​ថា «ព្នីអែល» ដ្បិត​លោក​ពោល​ថា «ខ្ញុំ​បាន​ឃើញ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌ជាម្ចាស់​ផ្ទាល់​នឹង​ភ្នែក តែ​ខ្ញុំ​នៅ​មាន​ជីវិត​នៅ​ឡើយ»។ ពេល​លោក​យ៉ាកុប​ឆ្លង​ពី​កន្លែង​ព្នីអែល​ទៅ​នោះ ថ្ងៃ​បាន​រះ​ឡើង​ហើយ។ លោក​ដើរ​ខ្ញើចៗ ព្រោះ​ថ្លោះ​ចង្កេះ។ ហេតុ​នេះ​ហើយ​បាន​ជា​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​អ៊ីស្រា‌អែល​មិន​បរិភោគ​សាច់​ចន្លក នៅ​ត្រង់​ចង្កេះ​សត្វ​ឡើយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​វាយ​ចំ​ចន្លក​ចង្កេះ​របស់​លោក​យ៉ាកុប។