លោកុប្បត្តិ 3:9-15

លោកុប្បត្តិ 3:9-15 គខប

ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ហៅ​មនុស្ស​ប្រុស​ថា៖ «អ្នក​នៅ​ឯ​ណា?» គាត់​ទូល​ព្រះអង្គ​វិញ​ថា៖ «ទូលបង្គំ​បាន​ឮ​ព្រះ‌សូរសៀង​របស់​ព្រះអង្គ​នៅ​ក្នុង​សួន​ឧទ្យាន ទូលបង្គំ​ភ័យ​ណាស់ ព្រោះ​ទូលបង្គំ​នៅ​ខ្លួន​ទទេ ហេតុ​នេះ​ហើយ​បាន​ជា​ទូលបង្គំ​ពួន»។ ព្រះអង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «នរណា​ប្រាប់​អ្នក​ឲ្យ​ដឹង​ថា​អ្នក​នៅ​ខ្លួន​ទទេ​ដូច្នេះ? តើ​អ្នក​បរិភោគ​ផ្លែ​ឈើ​ដែល​យើង​ហាម​នោះ​ឬ?»។ បុរស​ឆ្លើយ​ថា៖ «ស្ត្រី​ដែល​ព្រះអង្គ​ប្រទាន​ឲ្យ​មក​នៅ​ជា​មួយ​ទូលបង្គំ​នោះ បាន​ឲ្យ​ផ្លែ​ឈើ​ទូលបង្គំ ហើយ​ទូលបង្គំ​ក៏​ទទួល​ទាន​ដែរ»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​ស្ត្រី​ថា៖ «ម្ដេច​ក៏​នាង​ធ្វើ​ដូច្នេះ?» ស្ត្រី​ឆ្លើយ​ថា៖ «ពស់​បាន​មក​បញ្ឆោត​ខ្ញុំ​ម្ចាស់ ហើយ​ខ្ញុំ​ម្ចាស់​ក៏​ទទួល​ទាន​ផ្លែ​ឈើ​នោះ​ទៅ»។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​សត្វ​ពស់​ថា៖ «ដោយ​ឯង​បាន​ធ្វើ​ដូច្នេះ ក្នុង​បណ្ដា​សត្វ​ស្រុក សត្វ​ព្រៃ​ទាំង​ប៉ុន្មាន ឯង​នឹង​ត្រូវ​បណ្ដាសា​ហើយ។ ឯង​ត្រូវ​តែ​លូន​នឹង​ពោះ ហើយ​ស៊ី​តែ​ធូលី​ដី​អស់​មួយ​ជីវិត។ យើង​នឹង​ធ្វើ​ឲ្យ​ឯង និង​ស្ត្រី ព្រម​ទាំង​ពូជ​ឯង និង​ពូជ​ស្ត្រី ក្លាយ​ទៅ​ជា​សត្រូវ​នឹង​គ្នា ពូជ​នាង​នឹង​ជាន់​ក្បាល​របស់​ឯង ហើយ​ឯង​នឹង​ចឹក​កែង​ជើង​ពូជ​នាង»។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លោកុប្បត្តិ 3:9-15