លោកុប្បត្តិ 29:1-32

លោកុប្បត្តិ 29:1-32 គខប

លោក​យ៉ាកុប​ចេញ​ដំណើរ​ត​ទៅ​មុខ​ទៀត ឆ្ពោះ​ទៅ​កាន់​ស្រុក​ខាង​កើត។ លោក​ឃើញ​អណ្ដូង​ទឹក​មួយ​នៅ​ទី​វាល ហើយ​ឃើញ​ចៀម​បី​ហ្វូង​សម្រាក​នៅ​ក្បែរ​នោះ​ដែរ ដ្បិត​គេ​នាំ​ហ្វូង​សត្វ​មក​ឲ្យ​ផឹក​ទឹក​ពី​អណ្ដូង​នោះ រីឯ​ផ្ទាំង​ថ្ម​ដែល​គ្រប​ពី​លើ​មាត់​អណ្ដូង​មាន​ទំហំ​ធំ​ណាស់។ កាល​គេ​ប្រមូល​ហ្វូង​សត្វ​ទាំង​ប៉ុន្មាន​មក​ផ្ដុំ​គ្នា​នៅ​ទី​នោះ​ហើយ ទើប​គេ​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង​ឲ្យ​ហ្វូង​ចៀម​ផឹក​ទឹក រួច​ហើយ​គេ​ប្រមៀល​ថ្ម​គ្រប​មាត់​អណ្ដូង​វិញ។ លោក​យ៉ាកុប​សួរ​ពួក​គង្វាល​ថា៖ «បងប្អូន​អើយ តើ​បងប្អូន​មក​ពី​ស្រុក​ណា?»។ គេ​ឆ្លើយ​ថា៖ «យើង​មក​ពី​ស្រុក​ខារ៉ាន»។ លោក​សួរ​គេ​ទៀត​ថា៖ «តើ​បងប្អូន​ស្គាល់​លោក​ឡាបាន់ ដែល​ត្រូវ​ជា​កូន​របស់​លោក​ណាឃរ​ឬ​ទេ?»។ គេ​តប​ថា៖ «បាទ យើង​ស្គាល់​គាត់»។ លោក​យ៉ាកុប​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ?»។ គេ​ឆ្លើយ​ថា៖ «គាត់​សុខ​សប្បាយ​ជា​ទេ! នុ៎ះ‌ហ្ន៎ នាង​រ៉ាជែល កូន​ស្រី​របស់​គាត់​កំពុង​តែ​មក​ជា​មួយ​ហ្វូង​ចៀម»។ លោក​មាន​ប្រសាសន៍​ថា៖ «មើល៍ ថ្ងៃ​នៅ​ខ្ពស់​នៅ​ឡើយ មិន​ទាន់​ដល់​ពេល​ប្រមូល​ហ្វូង​សត្វ​ឲ្យ​មក​នៅ​ជុំ​គ្នា​ទេ។ សូម​ឲ្យ​ទឹក​វា​ផឹក រួច​ឲ្យ​ស៊ី​ស្មៅ​បន្ត​ទៀត​ទៅ»។ គេ​តប​មក​វិញ​ថា៖ «យើង​មិន​អាច​ឲ្យ​វា​ផឹក​ឥឡូវ​នេះ​បាន​ទេ គឺ​ត្រូវ​ចាំ​ទាល់​តែ​ហ្វូង​សត្វ​ទាំង​អស់​មក​ជុំ​គ្នា​សិន សឹម​បើក​គម្រប​អណ្ដូង​ឲ្យ​វា​ផឹក​ទឹក»។ លោក​យ៉ាកុប​កំពុង​និយាយ​ជា​មួយ​ពួក​គង្វាល​ទាំង​នោះ​នៅ​ឡើយ ស្រាប់​តែ​នាង​រ៉ាជែល​នាំ​ហ្វូង​ចៀម​របស់​ឪពុក​នាង​មក​ដល់ ដ្បិត​នាង​ជា​អ្នក​ឃ្វាល។ ពេល​លោក​យ៉ាកុប​ឃើញ​នាង​រ៉ាជែល ជា​កូន​របស់​លោក​ឡាបាន់ ដែល​ជា​បង​ប្រុស​របស់​ម្ដាយ​លោក និង​ហ្វូង​ចៀម​របស់​លោក​ឡាបាន់​មក​ដល់ លោក​ក៏​ចូល​ទៅ​ជិត​ប្រមៀល​ថ្ម​ចេញ​ពី​មាត់​អណ្ដូង រួច​ដង​ទឹក​ឲ្យ​សត្វ​របស់​លោក​ឡាបាន់​ផឹក។ បន្ទាប់​មក លោក​ថើប​នាង​រ៉ាជែល ហើយ​ទ្រហោ​យំ។ លោក​យ៉ាកុប​ប្រាប់​នាង​រ៉ាជែល​ថា លោក​ត្រូវ​ជា​សាច់‌ញាតិ​នឹង​ឪពុក​នាង គឺ​លោក​ជា​កូន​របស់​លោក​ស្រី​រេបិកា នាង​រ៉ាជែល​ក៏​រត់​នាំ​ដំណឹង​នេះ​ទៅ​ប្រាប់​ឪពុក។ កាល​លោក​ឡាបាន់​ឮ​ដំណឹង​ថា លោក​យ៉ាកុប​ជា​កូន​របស់​ប្អូន​ស្រី​គាត់​មក​ដល់ គាត់​ក៏​រត់​ទៅ​ទទួល ទាំង​ឱប​ថើប​ទៀត​ផង ហើយ​នាំ​លោក​យ៉ាកុប​ចូល​ទៅ​ក្នុង​ផ្ទះ។ លោក​យ៉ាកុប​រៀប​រាប់​ប្រាប់​លោក​ឡាបាន់ តាម​ដំណើរ​រឿង​ទាំង​អស់។ លោក​ឡាបាន់​ក៏​ពោល​ឡើង​ថា៖ «ក្មួយ​ពិត​ជា​សាច់​ឈាម​របស់​អ៊ំ​មែន!»។ លោក​យ៉ាកុប​ស្នាក់​នៅ​ជា​មួយ​លោក​ឡាបាន់​អស់​រយៈ​ពេល​មួយ​ខែ។ ថ្ងៃ​មួយ លោក​ឡាបាន់​ពោល​ទៅ​កាន់​លោក​យ៉ាកុប​ថា៖ «ក្មួយ​ជា​សាច់‌ញាតិ​របស់​អ៊ំ​មែន តែ​ក្មួយ​មិន​ត្រូវ​ធ្វើ​ការ​ឲ្យ​អ៊ំ ដោយ​មិន​យក​កម្រៃ​នោះ​ឡើយ។ សូម​ក្មួយ​ប្រាប់​អ៊ំ​មក ក្មួយ​ចង់​បាន​ថ្លៃ​ឈ្នួល​ប៉ុន្មាន?»។ លោក​ឡាបាន់​មាន​កូន​ស្រី​ពីរ​នាក់ កូន​បង​ឈ្មោះ​លេអា ហើយ​កូន​ប្អូន​ឈ្មោះ​រ៉ាជែល។ នាង​លេអា​មាន​ភ្នែក​ស្រស់​ល្អ រីឯ​នាង​រ៉ាជែល​វិញ នាង​មាន​រូប​ឆោម​ស្អាត​ល្អ​ណាស់។ ដោយ​លោក​យ៉ាកុប​ស្រឡាញ់​នាង​រ៉ាជែល លោក​ឆ្លើយ​ថា៖ «ក្មួយ​សុខ​ចិត្ត​នៅ​បម្រើ​លោក​អ៊ំ​ប្រាំ‌ពីរ​ឆ្នាំ ដើម្បី​ឲ្យ​បាន​រ៉ាជែល ជា​កូន​ពៅ​របស់​លោក​អ៊ំ​មក​ធ្វើ​ជា​ប្រពន្ធ»។ លោក​ឡាបាន់​តប​ថា៖ «អ៊ំ​ពេញ​ចិត្ត​នឹង​លើក​កូន​ឲ្យ​ក្មួយ ជា​ជាង​លើក​ឲ្យ​ប្រុស​ដទៃ​ទៀត។ ដូច្នេះ ចូរ​ក្មួយ​នៅ​ជា​មួយ​នឹង​អ៊ំ​ទៅ!»។ លោក​យ៉ាកុប​នៅ​បម្រើ​លោក​ឡាបាន់ អស់​រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ ដើម្បី​បាន​នាង​រ៉ាជែល ប៉ុន្តែ ដោយ​លោក​ស្រឡាញ់​នាង​រ៉ាជែល​ជា​ខ្លាំង រយៈ​ពេល​ប្រាំ‌ពីរ​ឆ្នាំ​នោះ​ហាក់​ដូច​ជា​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ។ បន្ទាប់​មក លោក​យ៉ាកុប​ជម្រាប​លោក​ឡាបាន់​ថា៖ «សូម​លោក​អ៊ំ​ឲ្យ​ក្មួយ​រៀបការ​ជា​មួយ​នឹង​រ៉ាជែល​ទៅ ព្រោះ​ក្មួយ​នៅ​បម្រើ​លោក​អ៊ំ​ចប់​សព្វ​គ្រប់ តាម​ដែល​យើង​បាន​កំណត់​នោះ​ហើយ»។ លោក​ឡាបាន់​ក៏​អញ្ជើញ​អ្នក​ស្រុក​ទាំង​អស់​មក ហើយ​រៀបចំ​ជប់‌លៀង។ នៅ​ពេល​ល្ងាច គាត់​នាំ​នាង​លេអា​ទៅ​ផ្សំ​ដំណេក​ជា​មួយ​លោក​យ៉ាកុប។ លោក​ឡាបាន់​ប្រគល់​នាង​ស៊ីលផា ជា​អ្នក​បម្រើ​របស់​លោក ឲ្យ​បម្រើ​នាង​លេអា។ លុះ​ព្រលឹម​ឡើង លោក​យ៉ាកុប​ឃើញ​ថា​ជា​នាង​លេអា លោក​ពោល​ទៅ​កាន់​លោក​ឡាបាន់​ថា៖ «ម្ដេច​ក៏​លោក​ឪពុក​ធ្វើ​ដូច្នេះ? ខ្ញុំ​នៅ​បម្រើ​លោក​ឪពុក ដើម្បី​នាង​រ៉ាជែល​ទេ តើ​ហេតុ​អ្វី​បាន​ជា​លោក​ឪពុក​បោក​ប្រាស់​ខ្ញុំ​បែប​នេះ?»។ លោក​ឡាបាន់​តប​វិញ​ថា៖ «នៅ​ស្រុក​យើង​នេះ​មិន​ដែល​មាន​នរណា​លើក​កូន​ពៅ​ឲ្យ​គេ មុន​កូន​ច្បង​ឡើយ ចូរ​បង្គ្រប់​ពិធី​មង្គល‌ការ​ជា​មួយ​នាង​ឲ្យ​បាន​មួយ​អាទិត្យ​សិន រួច​ហើយ​សឹម​ពុក​លើក​នាង​មួយ​ទៀត​ឲ្យ តែ​កូន​ត្រូវ​ធ្វើ​ការ​ឲ្យ​ពុក​ប្រាំ‌ពីរ​ឆ្នាំ​ទៀត»។ លោក​យ៉ាកុប​ក៏​ធ្វើ​តាម​ពាក្យ​គាត់ គឺ​បង្គ្រប់​ពិធី​មង្គល‌ការ​ជា​មួយ​នាង​លេអា​អស់​មួយ​អាទិត្យ។ បន្ទាប់​មក លោក​ឡាបាន់​បាន​ឲ្យ​នាង​រ៉ាជែល​ទៅ​លោក​យ៉ាកុប​ទៀត។ លោក​ឡាបាន់​ប្រគល់​នាង​ប៊ីល‌ហា ជា​អ្នក​បម្រើ​របស់​លោក ឲ្យ​បម្រើ​នាង​រ៉ាជែល។ លោក​យ៉ាកុប​ក៏​បាន​រួម​ដំណេក​ជា​មួយ​នាង​រ៉ាជែល​ដែរ។ លោក​ស្រឡាញ់​នាង​រ៉ាជែល​ខ្លាំង​ជាង​នាង​លេអា។ បន្ទាប់​មក លោក​នៅ​បម្រើ​លោក​ឡាបាន់​ប្រាំ‌ពីរ​ឆ្នាំ​ទៀត។ កាល​ព្រះ‌អម្ចាស់​ទត​ឃើញ​ថា លោក​យ៉ាកុប​មិន​សូវ​ស្រឡាញ់​លោក​ស្រី​លេអា​ដូច្នេះ ព្រះអង្គ​ក៏​ប្រោស​ឲ្យ​គាត់​មាន​កូន រីឯ​លោក​ស្រី​រ៉ាជែល​វិញ នៅ​ជា​ស្ត្រី​អារ។ លោក​ស្រី​លេអា​មាន​ផ្ទៃ​ពោះ ហើយ​សម្រាល​បាន​កូន​ប្រុស​មួយ ដែល​គាត់​ដាក់​ឈ្មោះ​ថា “រូបេន” ដ្បិត​គាត់​ពោល​ថា៖ «ព្រះ‌អម្ចាស់​បាន​ទត​ឃើញ​ថា ខ្ញុំ​ជា​ស្ត្រី​អភ័ព្វ ហើយ​ឥឡូវ​នេះ ប្ដី​ខ្ញុំ​មុខ​ជា​ស្រឡាញ់​ខ្ញុំ​មិន​ខាន»។