នៅគ្រានោះ មានកើតទុរ្ភិក្សក្នុងស្រុក ជាទុរ្ភិក្សមួយផ្សេងពីទុរ្ភិក្ស ដែលកើតមាននៅជំនាន់លោកអប្រាហាំ។ លោកអ៊ីសាកក៏ទៅនៅក្រុងកេរ៉ា ជ្រកកោននឹងព្រះបាទអប៊ីម៉ាឡិច ជាស្ដេចនៃជនជាតិភីលីស្ទីន។ ព្រះអម្ចាស់បានយាងមកជួបគាត់ ហើយមានព្រះបន្ទូលថា៖ «កុំចុះទៅស្រុកអេស៊ីបឡើយ តែត្រូវទៅរស់នៅក្នុងស្រុក ដែលយើងនឹងបង្ហាញប្រាប់អ្នកវិញ។ ចូរស្នាក់នៅក្នុងស្រុកនេះហើយ។ យើងនឹងស្ថិតនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក ដ្បិតយើងនឹងប្រគល់ទឹកដីនេះឲ្យអ្នក ព្រមទាំងពូជពង្សរបស់អ្នក។ យើងនឹងសម្រេចតាមពាក្យដែលយើងបានសន្យាជាមួយអប្រាហាំ ជាឪពុករបស់អ្នក។ យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដូចផ្កាយនៅលើមេឃ យើងនឹងប្រគល់ទឹកដីនេះឲ្យពូជពង្សរបស់អ្នក។ ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងពោលថា គេបានទទួលពរ ដោយសារពូជពង្សរបស់អ្នក ដ្បិតអប្រាហាំបានស្ដាប់តាមពាក្យយើង គាត់បានធ្វើតាមបង្គាប់ តាមបទបញ្ជា តាមក្បួនច្បាប់ និងតាមក្រឹត្យវិន័យរបស់យើង»។ លោកអ៊ីសាកក៏រស់នៅក្នុងក្រុងកេរ៉ានោះ។ ពេលណាអ្នកស្រុកនៅទីនោះសួរលោកអំពីភរិយារបស់លោក លោកតែងពោលថា នាងជាប្អូនស្រីរបស់ខ្ញុំ។ លោកមិនហ៊ានប្រាប់គេថា នាងជាភរិយារបស់លោកឡើយ ព្រោះលោកខ្លាចអ្នកស្រុកនោះសម្លាប់លោក ដ្បិតលោកស្រីរេបិកាមានរូបឆោមស្អាតល្អណាស់។ លោកស្នាក់នៅយ៉ាងយូរក្នុងស្រុកនោះ ជួនជាមានថ្ងៃមួយ ព្រះបាទអប៊ីម៉ាឡិចជាស្ដេចរបស់ជនជាតិភីលីស្ទីន ក្រឡេកមើលតាមបង្អួចឃើញលោកអ៊ីសាកកំពុងតែប្រឡែងលេងជាមួយលោកស្រីរេបិកា ជាភរិយារបស់លោក។ ព្រះបាទអប៊ីម៉ាឡិចបានប្រើគេឲ្យទៅហៅលោកអ៊ីសាកមក ហើយមានរាជឱង្ការថា៖ «នាងជាភរិយារបស់លោកទេតើ! ហេតុដូចម្ដេចបានជាលោកថា “នាងជាប្អូនស្រីរបស់ខ្ញុំ” ទៅវិញ?»។ លោកអ៊ីសាកទូលស្ដេចថា៖ «ទូលបង្គំនិយាយដូច្នេះ មកពីទូលបង្គំខ្លាចគេសម្លាប់ ព្រោះតែភរិយារបស់ទូលបង្គំ»។ ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការទៅលោកថា៖ «ម្ដេចក៏លោកធ្វើដូច្នេះចំពោះយើង? ប្រសិនបើមាននរណាម្នាក់ក្នុងចំណោមប្រជារាស្ត្ររបស់យើង យកភរិយារបស់លោកនោះ លោកមុខជាបណ្ដាលឲ្យយើងទាំងអស់គ្នា មានទោសមិនខាន»។ ព្រះបាទអប៊ីម៉ាឡិចចេញបញ្ជាទៅប្រជារាស្ត្រទាំងមូលដូចតទៅនេះ៖ «ប្រសិនបើនរណាម្នាក់ប៉ះពាល់បុរសនេះ និងភរិយារបស់គាត់ អ្នកនោះត្រូវទទួលទោសដល់ស្លាប់»។ លោកអ៊ីសាកសាបព្រោះស្រូវនៅស្រុកនោះ ហើយច្រូតបានផលមួយជាមួយរយ ដ្បិតព្រះអម្ចាស់ប្រទានពរឲ្យលោក។ លោកក៏ទៅជាអ្នកមាន ហើយរកបានសម្បត្តិកាន់តែច្រើនឡើងៗ រហូតបានទៅជាមហាសេដ្ឋី។ លោកមានហ្វូងចៀម និងហ្វូងគោ ព្រមទាំងមានអ្នកបម្រើជាច្រើនផង។ ដូច្នេះ ជនជាតិភីលីស្ទីនមានចិត្តច្រណែននឹងលោក ហើយយកដីមកលុបបំពេញអណ្ដូងទឹកទាំងប៉ុន្មាន ដែលពួកអ្នកបម្រើរបស់ឪពុកលោកបានជីក កាលពីជំនាន់លោកអប្រាហាំនៅរស់នៅឡើយ។ ព្រះបាទអប៊ីម៉ាឡិចមានរាជឱង្ការមកលោកអ៊ីសាកថា៖ «សូមលោកចាកចេញពីស្រុកយើងទៅ ដ្បិតលោកមានសម្បត្តិស្ដុកស្ដម្ភជាងយើងណាស់»។ លោកអ៊ីសាកក៏ចាកចេញពីស្រុកនោះ ទៅបោះជំរំនៅក្នុងជ្រលងភ្នំកេរ៉ា ហើយស្នាក់នៅទីនោះទៅ។ លោកអ៊ីសាកឲ្យគេស្ដារអណ្ដូងទឹកទាំងប៉ុន្មាន ដែលគេបានជីកកាលពីជំនាន់លោកអប្រាហាំ ជាឪពុកលោក ហើយត្រូវពួកភីលីស្ទីនចាក់ដីបំពេញ ក្រោយពេលលោកអប្រាហាំទទួលមរណភាព។ លោកដាក់ឈ្មោះអណ្ដូងទឹកទាំងនោះ តាមឈ្មោះដែលឪពុកលោកបានដាក់ឲ្យកាលពីមុន។ ពួកអ្នកបម្រើរបស់លោកអ៊ីសាកជីកអណ្ដូងមួយទៀត នៅក្នុងជ្រលងភ្នំនោះ ហើយមានប្រភពទឹកមួយហូរចេញមក។ ពេលនោះ ពួកគង្វាលនៅស្រុកកេរ៉ារករឿងនឹងពួកគង្វាលរបស់លោកអ៊ីសាក ដោយពោលថា «ទឹកនេះជារបស់យើងទេ!»។ លោកអ៊ីសាកក៏ដាក់ឈ្មោះអណ្ដូងនោះថា“អេសេក” ព្រោះគេបានរករឿងជាមួយនឹងលោក។ ពួកអ្នកបម្រើរបស់លោកអ៊ីសាកនាំគ្នាជីកអណ្ដូងទឹកមួយទៀត ហើយអ្នកស្រុកក៏រករឿងម្ដងទៀត ដូច្នេះ លោកដាក់ឈ្មោះអណ្ដូងនោះថា “ស៊ីតណា”។ លោករើជំរំពីទីនោះ ហើយជីកអណ្ដូងមួយទៀត ដែលគ្មាននរណារករឿងទៀតទេ។ លោកដាក់ឈ្មោះអណ្ដូងនោះថា “រេហូបូត” ដ្បិតលោកពោលថា «ឥឡូវនេះ ព្រះអម្ចាស់បើកចំហផ្លូវឲ្យយើងហើយ យើងនឹងបានចម្រុងចម្រើនក្នុងស្រុកនេះ»។ លោកចាកចេញពីទីនោះ ឆ្ពោះទៅកាន់ក្រុងបៀរសេបា។ នៅពេលយប់ ព្រះអម្ចាស់យាងមកជួបលោក មានព្រះបន្ទូលថា៖ «យើងជាព្រះរបស់អប្រាហាំ ឪពុកអ្នក។ សូមកុំភ័យខ្លាចអី ដ្បិតយើងនៅជាមួយអ្នក យើងនឹងឲ្យពរអ្នក យើងនឹងធ្វើឲ្យពូជពង្សរបស់អ្នកកើនចំនួនច្រើនឡើង ដោយយល់ដល់អប្រាហាំជាអ្នកបម្រើរបស់យើង»។ លោកអ៊ីសាកបានសង់អាសនៈមួយនៅទីនោះ ហើយគោរពបម្រើព្រះអង្គ ដោយហៅព្រះនាមព្រះអង្គថាព្រះអម្ចាស់។ លោកបានបោះជំរំនៅទីនោះ ហើយអ្នកបម្រើរបស់លោកក៏នាំគ្នាជីកអណ្ដូងទឹកនៅទីនោះដែរ។ ព្រះបាទអប៊ីម៉ាឡិចបានចេញពីក្រុងកេរ៉ាមកជួបលោកអ៊ីសាក ដោយមានលោកអហ៊ូសាតជាទីប្រឹក្សារបស់ស្ដេច និងលោកភីកុល ជាមេទ័ពរបស់ស្ដេចមកជាមួយផង។ លោកអ៊ីសាកមានប្រសាសន៍ថា៖ «ហេតុអ្វីបានជាព្រះរាជា និងអស់លោកយាង និងអញ្ជើញមកជួបទូលបង្គំដូច្នេះ ដ្បិតព្រះរាជា និងអស់លោកស្អប់ទូលបង្គំ ព្រមទាំងបណ្ដេញទូលបង្គំចេញពីស្រុករបស់ព្រះរាជា និងអស់លោកថែមទៀតផង!»។ ព្រះបាទអប៊ីម៉ាឡិច និងអស់អ្នកដែលមកជាមួយស្ដេចតបទៅលោកវិញថា៖ «យើងសង្កេតឃើញថា ព្រះអម្ចាស់ពិតជាគង់ជាមួយលោកមែន។ ហេតុនេះហើយបានជាយើងគិតគ្នាថា យើងគួរតែធ្វើកិច្ចសន្យាមួយ ដោយយើងចងសម្ពន្ធមេត្រីជាមួយគ្នា។ រីឯលក្ខខណ្ឌនៃសម្ពន្ធមេត្រីនោះ គឺសូមលោកស្បថនឹងយើងថា លោកមិនប្រព្រឹត្តអំពើអ្វីទាស់នឹងយើង ហើយយើងក៏ស្បថមិនធ្វើបាបលោកដែរ។ យើងតែងតែប្រព្រឹត្តល្អចំពោះលោក និងឲ្យលោកចាកចេញមក ដោយសុខសាន្ត ហើយឥឡូវនេះ លោកក៏បានទទួលព្រះពរពីព្រះអម្ចាស់ថែមទៀតផង»។ លោកអ៊ីសាកធ្វើពិធីជប់លៀងថ្វាយស្ដេច និងជូនលោកទាំងនោះ ហើយពួកគេក៏បរិភោគជាមួយគ្នា។ បន្ទាប់មក ពួកគេក្រោកឡើងពីព្រលឹម ហើយស្បថសន្យានឹងគ្នាទៅវិញទៅមក។ លោកអ៊ីសាកជូនដំណើរស្ដេច និងអស់លោកដែលមកជាមួយ ហើយពួកគេនាំគ្នាចាកចេញទៅដោយសុខសាន្ត។ នៅថ្ងៃដដែលនោះ អ្នកបម្រើរបស់លោកអ៊ីសាកនាំគ្នាមកជម្រាបលោក អំពីអណ្ដូងដែលគេកំពុងជីកថា៖ «យើងខ្ញុំរកឃើញទឹកហើយ!»។ លោកអ៊ីសាកដាក់ឈ្មោះអណ្ដូងនោះថា “សេបា” ហេតុនេះហើយបានជាគេហៅក្រុងនោះថា “បៀរសេបា” រហូតមកទល់សព្វថ្ងៃ។ ពេលលោកអេសាវអាយុសែសិបឆ្នាំ លោករៀបការជាមួយនាងយូឌីត ជាកូនរបស់លោកបេរី ជនជាតិហេត ព្រមទាំងរៀបការជាមួយនឹងនាងបាសម៉ាត់ ជាកូនរបស់លោកអេឡូន ជនជាតិហេត។ នាងទាំងពីរបានធ្វើឲ្យលោកអ៊ីសាក និងលោកស្រីរេបិកាពិបាកចិត្តជាខ្លាំង។
អាន លោកុប្បត្តិ 26
ស្ដាប់នូវ លោកុប្បត្តិ 26
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 26:1-35
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ