បន្ទាប់មក គេយកម្ហូបអាហារជូនគាត់ពិសា។ ប៉ុន្តែ គាត់ពោលថា៖ «ខ្ញុំមិនទទួលទានទេ ដរាបណាមិនទាន់បានជម្រាបជូននូវសេចក្ដី ដែលខ្ញុំត្រូវនិយាយនេះសិន»។ ឡាបាន់តបថា៖ «សូមអញ្ជើញមានប្រសាសន៍មក!»។ បុរសនោះក៏ពោលឡើងថា៖ «ខ្ញុំបាទជាអ្នកបម្រើរបស់លោកអប្រាហាំ។ ព្រះអម្ចាស់បានប្រទានពរដល់ម្ចាស់ខ្ញុំយ៉ាងច្រើន រហូតដល់លោកបានទៅជាអ្នកមានឋានៈខ្ពស់។ ព្រះអង្គប្រទានឲ្យលោកមានហ្វូងចៀម និងហ្វូងគោ មានប្រាក់ មាស អ្នកបម្រើស្រីប្រុស អូដ្ឋ និងលាជាច្រើនផង។ ក្នុងគ្រាដែលម្ចាស់របស់ខ្ញុំមានវ័យចាស់ណាស់ទៅហើយ លោកស្រីសារ៉ា ជាភរិយា បង្កើតបានកូនប្រុសមួយជូនលោក គឺកូនប្រុសនេះហើយ ដែលនឹងទទួលអ្វីៗទាំងអស់ពីលោក។ ម្ចាស់របស់ខ្ញុំបានឲ្យខ្ញុំស្បថថា “អ្នកមិនត្រូវដណ្ដឹងកូនស្រីជនជាតិកាណាន ក្នុងស្រុកដែលខ្ញុំនៅនេះ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំឡើយ។ ក៏ប៉ុន្តែ អ្នកត្រូវធ្វើដំណើរទៅរកក្រុមគ្រួសារ និងញាតិសន្ដានខ្ញុំ ហើយដណ្ដឹងកូនស្រីម្នាក់ពីស្រុកនោះ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំ”។ ខ្ញុំបានជម្រាបលោកម្ចាស់របស់ខ្ញុំថា “ប្រហែលជានាងនោះមិនព្រមមកស្រុកនេះ តាមខ្ញុំប្របាទទេមើលទៅ”។ លោកតបមកខ្ញុំវិញថា “ព្រះអម្ចាស់ ជាព្រះដែលខ្ញុំគោរពប្រណិប័តន៍ ទ្រង់នឹងចាត់ទេវតា*របស់ព្រះអង្គឲ្យទៅជាមួយអ្នក ហើយទ្រង់នឹងធ្វើឲ្យដំណើររបស់អ្នកបានសម្រេចតាមបំណងជាមិនខាន។ អ្នកនឹងដណ្ដឹងកូនស្រីម្នាក់ក្នុងចំណោមញាតិសន្ដាន និងក្រុមគ្រួសារខ្ញុំ មកធ្វើជាប្រពន្ធឲ្យកូនប្រុសខ្ញុំ។ ពេលអ្នកទៅជួបញាតិសន្ដានរបស់ខ្ញុំ ហើយប្រសិនបើគេមិនព្រមលើកកូនឲ្យទេ អ្នកនឹងបានរួចពីសម្បថនេះ”។ ថ្ងៃនេះ ខ្ញុំបានមកដល់អណ្ដូងទឹក ហើយទូលអង្វរថា បពិត្រព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ដែលជាចៅហ្វាយរបស់ទូលបង្គំ ប្រសិនបើព្រះអង្គសព្វព្រះហឫទ័យឲ្យដំណើររបស់ទូលបង្គំបានសម្រេចដូចប្រាថ្នាមែន ទូលបង្គំនៅជិតអណ្ដូងទឹកនេះស្រាប់ហើយ បើទូលបង្គំនិយាយទៅកាន់នាងក្រមុំណាម្នាក់ដែលចេញមកដងទឹកថា “សុំនាងឲ្យទឹកក្នុងក្អមរបស់នាង មកខ្ញុំទទួលទានបន្តិច” ហើយបើនាងតបមកទូលបង្គំវិញថា “សូមអញ្ជើញពិសា ខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋរបស់លោកផឹកថែមទៀត” នោះសូមឲ្យចំលើនារីដែលព្រះអង្គបានបម្រុងទុកជាភរិយារបស់កូនប្រុសម្ចាស់ទូលបង្គំ។ ខ្ញុំនិយាយក្នុងចិត្តមិនទាន់ចប់ផង ស្រាប់តែនាងរេបិកាកណ្ដៀតក្អមទឹកចេញពីទីក្រុងមក។ នាងចុះទៅឯប្រភពទឹក ហើយដងទឹក។ ខ្ញុំនិយាយទៅនាងថា “សុំនាងមេត្តាឲ្យទឹកមកខ្ញុំទទួលទានបន្តិច”។ នាងក៏ប្រញាប់ផ្អៀងក្អមដែលនាងកណ្ដៀតនោះ ទាំងពោលថា “សូមអញ្ជើញពិសា នាងខ្ញុំនឹងទៅដងទឹកឲ្យអូដ្ឋលោកម្ចាស់ផឹកថែមទៀត”។ ខ្ញុំសួរនាងថា “នាងត្រូវជាកូនចៅរបស់លោកណា” នាងឆ្លើយថា “នាងខ្ញុំជាកូនរបស់លោកបេធូអែល ជាចៅរបស់លោកតាណាឃរ និងលោកយាយមីលកា”។ ខ្ញុំយកចិញ្ចៀន និងកងដៃពាក់ឲ្យនាង។ បន្ទាប់មក ខ្ញុំក៏លុតជង្គង់ថ្វាយបង្គំព្រះអម្ចាស់ ហើយអរព្រះគុណព្រះអម្ចាស់ ជាព្រះរបស់លោកអប្រាហាំ ជាម្ចាស់ខ្ញុំ ដែលទ្រង់បានដឹកនាំខ្ញុំ ដោយព្រះហឫទ័យស្មោះត្រង់ ឲ្យខ្ញុំបានមកដណ្ដឹងក្មួយស្រីរបស់លោក យកទៅធ្វើជាភរិយាឲ្យកូនប្រុសរបស់លោក។ ឥឡូវនេះ ប្រសិនបើអស់លោកចង់សម្តែងចិត្តសន្តោសមេត្តា និងចិត្តស្មោះត្រង់ចំពោះម្ចាស់របស់ខ្ញុំ សូមមានប្រសាសន៍មក ដើម្បីឲ្យខ្ញុំអាចគិតគូរទៅតាមនោះផង»។ លោកឡាបាន់ និងលោកបេធូអែលតបទៅវិញថា៖ «ហេតុការណ៍នេះកើតមកពីព្រះអម្ចាស់ ដូច្នេះ យើងខ្ញុំពុំអាចប្រាប់លោកថា យើងយល់ព្រម ឬជំទាស់ឡើយ។ នាងរេបិកានៅមុខលោកស្រាប់ហើយ សូមទទួលនាងយកទៅចុះ ឲ្យនាងបានទៅជាភរិយារបស់កូនប្រុសម្ចាស់លោក ដូចព្រះអម្ចាស់មានព្រះបន្ទូល»។ កាលអ្នកបម្រើរបស់លោកអប្រាហាំបានឮពាក្យទាំងនោះ គាត់ក៏ក្រាបថ្វាយបង្គំព្រះអម្ចាស់ រួចគាត់យកគ្រឿងអលង្ការ ជាប្រាក់ ជាមាស ព្រមទាំងសម្លៀកបំពាក់ចេញមកជូននាងរេបិកា ហើយគាត់លើកជំនូនដ៏មានតម្លៃផ្សេងៗទៀត ជូនទៅបងប្រុស និងម្ដាយរបស់នាងដែរ។ បន្ទាប់មក ទើបគាត់បរិភោគបាយទឹកជាមួយអស់អ្នកដែលរួមដំណើរជាមួយគាត់ ហើយយប់នោះ គេក៏នាំគ្នាស្នាក់នៅទីនោះទៅ។ លុះព្រឹកឡើងពេលក្រោកពីដំណេក អ្នកបម្រើពោលឡើងថា៖ «ខ្ញុំសូមលាត្រឡប់ទៅរកម្ចាស់ខ្ញុំវិញហើយ»។ បងប្រុស និងម្ដាយរបស់នាងរេបិកាពោលថា៖ «សុំឲ្យរេបិកានៅទីនេះជាមួយយើងបន្តិចសិន ចាំដប់ថ្ងៃទៀត សឹមអញ្ជើញទៅ»។ គាត់តបទៅវិញថា៖ «ព្រះអម្ចាស់បានធ្វើឲ្យដំណើររបស់ខ្ញុំបានសម្រេចតាមបំណងហើយ ដូច្នេះ សូមកុំឃាត់ខ្ញុំអី សូមអនុញ្ញាតឲ្យខ្ញុំវិលត្រឡប់ទៅរកម្ចាស់ខ្ញុំវិញចុះ»។ គេតបមកគាត់វិញថា៖ «សូមហៅនាងមក ហើយសួរយោបល់នាងផ្ទាល់ទៅ»។ គេក៏ហៅនាងរេបិកាមកសួរថា៖ «តើកូនយល់ព្រមទៅជាមួយលោកឬទេ?»។ នាងឆ្លើយថា៖ «ចាស ព្រម!»។ គេក៏អនុញ្ញាតឲ្យនាងរេបិកាជាប្អូន និងមេដោះរបស់នាង ចាកចេញទៅជាមួយអ្នកបម្រើរបស់លោកអប្រាហាំ និងអស់អ្នកដែលមកជាមួយគាត់។ ក្រុមគ្រួសារបានឲ្យពរនាងរេបិកាថា៖ «ប្អូនរេបិកាអើយ សូមឲ្យនាងបានទៅជាម្ដាយរបស់មនុស្ស រាប់លានរាប់កោដិនាក់ សូមឲ្យពូជពង្សនាងគ្រប់គ្រង លើពួកខ្មាំងសត្រូវរបស់នាង»។ រេបិកាក្រោកឡើងជាមួយពួកស្រីបម្រើរបស់នាង ឡើងជិះអូដ្ឋទៅតាមបុរសនោះ រួចហើយអ្នកបម្រើក៏នាំនាងរេបិកាចេញទៅ។ នៅគ្រានោះ អ៊ីសាកបានចាកចេញពីអណ្ដូងទឹកឡាហាយ-រយហើយ។ គាត់រស់នៅតាមតំបន់វាលរហោស្ថានណេកិប។ ល្ងាចមួយ គាត់ដើរចេញទៅសញ្ជឹងគិតនៅតាមវាល ហើយគាត់ក្រឡេកមើលទៅឃើញក្បួនអូដ្ឋមកដល់។ រីឯនាងរេបិកាវិញ នាងក៏ក្រឡេកមើលមកដែរ។ ពេលនាងឃើញអ៊ីសាក នាងលោតចុះពីខ្នងអូដ្ឋ សួរអ្នកបម្រើថា៖ «អ្នកដែលឈរនៅតាមវាល ហើយកំពុងតែដើរមករកយើងនោះជានរណា?» អ្នកបម្រើតបថា៖ «គឺលោកហើយដែលជាម្ចាស់របស់ខ្ញុំ»។ នាងក៏យកស្បៃមកគ្របមុខ ។ អ្នកបម្រើក៏រៀបរាប់ប្រាប់លោកអ៊ីសាក នូវកិច្ចការទាំងប៉ុន្មានដែលគាត់បានធ្វើ។ លោកអ៊ីសាកនាំនាងរេបិកាចូលទៅក្នុងជំរំ ដែលលោកស្រីសារ៉ា ជាម្ដាយ ធ្លាប់នៅកាលពីមុន។ គាត់បានយកនាងធ្វើជាភរិយា គាត់ស្រឡាញ់ថ្នាក់ថ្នមនាង ហើយនាងក៏ធ្វើឲ្យគាត់បានធូរស្បើយពីទុក្ខ ក្រោយពីម្ដាយស្លាប់។
អាន លោកុប្បត្តិ 24
ស្ដាប់នូវ លោកុប្បត្តិ 24
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 24:33-67
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ