លោកុប្បត្តិ 17:5-15

លោកុប្បត្តិ 17:5-15 គខប

គេ​លែង​ហៅ​អ្នក​ថា​“អាប់រ៉ាម”​ទៀត​ហើយ តែ​អ្នក​នឹង​មាន​ឈ្មោះ​ថា​“អប្រាហាំ”​វិញ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​ជា​អនេក យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​នឹង​មាន​ស្ដេច​ជា​ច្រើន​កើត​ចេញ​ពី​អ្នក​ដែរ។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក ដែល​កើត​មក​តាម​ក្រោយ​គ្រប់​តំណ​ត​ទៅ។ សម្ពន្ធ‌មេត្រី​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប គឺ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក ហើយ​ជា​ព្រះ​របស់​ពូជ‌ពង្ស​អ្នក​ដែល​កើត​មក​តាម​ក្រោយ​ដែរ។ យើង​នឹង​ប្រគល់​ស្រុក​ដែល​អ្នក​មក​ស្នាក់​នៅ​នេះ គឺ​ស្រុក​កាណាន​ទាំង​មូល​ឲ្យ​អ្នក និង​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​ដែល​កើត​មក​តាម​ក្រោយ ទុក​ជា​កេរ‌មត៌ក​រហូត​ត​ទៅ ហើយ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពូជ‌ពង្ស​អ្នក»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​អប្រាហាំ​ថា៖ «ចំណែក​ឯ​អ្នក​វិញ អ្នក​ត្រូវ​គោរព​សម្ពន្ធ‌មេត្រី​របស់​យើង គឺ​ទាំង​អ្នក ទាំង​ពូជ‌ពង្ស​របស់​អ្នក​ដែល​នឹង​កើត​មក​តាម​ក្រោយ ត្រូវ​គោរព​តាម​គ្រប់​តំណ​ត​ទៅ។ អ្នក​រាល់​គ្នា​ត្រូវ​គោរព​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក​ដែល​នឹង​កើត​មក​តាម​ក្រោយ ដូច​ត​ទៅ​នេះ គឺ​ត្រូវ​កាត់​ស្បែក*​ឲ្យ​ប្រុសៗ​ទាំង​អស់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​កាត់​ស្បែក​ជា​សញ្ញា​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី ដែល​យើង​បាន​ចង​ជា​មួយ​អ្នក​រាល់​គ្នា។ នៅ​ពេល​កើត​បាន​ប្រាំ​បី​ថ្ងៃ ប្រុសៗ​ទាំង​អស់ គ្រប់​តំណ​ត​ទៅ ទោះ​បី​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក​ក្ដី ឬ​ក៏​ទិញ​មក​ពី​អ្នក​ដទៃ​ដែល​មិន​មែន​ជា​ពូជ‌ពង្ស​របស់​អ្នក​ក្ដី ត្រូវ​តែ​ទទួល​ពិធី​កាត់​ស្បែក​គ្រប់ៗ​គ្នា។ គេ​ត្រូវ​កាត់​ស្បែក​ឲ្យ​ប្រុសៗ ដែល​កើត​នៅ​ក្នុង​គ្រួសារ​របស់​អ្នក និង​ប្រុសៗ​ដែល​អ្នក​ទិញ​មក​ដោយ​ប្រាក់ ទុក​ជា​សញ្ញា​សម្គាល់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា ដើម្បី​បញ្ជាក់​អំពី​សម្ពន្ធ‌មេត្រី​ដែល​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប។ រីឯ​បុរស​ណា​ដែល​គ្មាន​សញ្ញា​សម្គាល់​កាត់​ស្បែក​នៅ​លើ​រូប​កាយ​ទេ ត្រូវ​កាត់‌កាល់​បុរស​នោះ​ឲ្យ​ដាច់​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន ព្រោះ​អ្នក​នោះ​បាន​ផ្ដាច់​សម្ពន្ធ‌មេត្រី​របស់​យើង​ហើយ»។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អប្រាហាំ​ទៀត​ថា៖ «រីឯ​សារ៉ាយ​ជា​ភរិយា​របស់​អ្នក​វិញ មិន​ត្រូវ​ហៅ​នាង​ថា​“សារ៉ាយ”​ទៀត​ទេ គឺ​នាង​នឹង​មាន​ឈ្មោះ​ថា​“សារ៉ា”​វិញ ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ