លោកុប្បត្តិ 17:1-7

លោកុប្បត្តិ 17:1-7 គខប

នៅ​ពេល​លោក​អាប់រ៉ាម​មាន​អាយុ​កៅ‌សិប​ប្រាំ​បួន​ឆ្នាំ ព្រះ‌អម្ចាស់​យាង​មក​ឲ្យ​លោក​អាប់រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «យើង​ជា​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត ចូរ​អ្នក​រស់​នៅ​ក្នុង​មាគ៌ា​របស់​យើង​ឲ្យ​បាន​ល្អ​ឥត​ខ្ចោះ​ចុះ។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក យើង​នឹង​ធ្វើ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក​កើន​ចំនួន​ច្រើន​ជា​អនេក»។ លោក​អាប់រ៉ាម​ក្រាប​ចុះ​ឱន​មុខ​ដល់​ដី ហើយ​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «ចំណែក​យើង យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​ដូច​ត​ទៅ: អ្នក​នឹង​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន គេ​លែង​ហៅ​អ្នក​ថា​“អាប់រ៉ាម”​ទៀត​ហើយ តែ​អ្នក​នឹង​មាន​ឈ្មោះ​ថា​“អប្រាហាំ”​វិញ ដ្បិត​យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បាន​ទៅ​ជា​ឪពុក​របស់​ប្រជា‌ជាតិ​ដ៏​ច្រើន។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​កូន​ចៅ​ច្រើន​ជា​អនេក យើង​នឹង​ធ្វើ​ឲ្យ​អ្នក​បង្កើត​ប្រជា‌ជាតិ​ជា​ច្រើន ហើយ​នឹង​មាន​ស្ដេច​ជា​ច្រើន​កើត​ចេញ​ពី​អ្នក​ដែរ។ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក និង​ជា​មួយ​ពូជ‌ពង្ស​របស់​អ្នក ដែល​កើត​មក​តាម​ក្រោយ​គ្រប់​តំណ​ត​ទៅ។ សម្ពន្ធ‌មេត្រី​នេះ​នឹង​នៅ​ស្ថិត‌ស្ថេរ​ជា​ដរាប គឺ​យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​អ្នក ហើយ​ជា​ព្រះ​របស់​ពូជ‌ពង្ស​អ្នក​ដែល​កើត​មក​តាម​ក្រោយ​ដែរ។