គេក៏នាំលោកឡុតជាក្មួយលោកអាប់រ៉ាម ព្រមទាំងទ្រព្យសម្បត្តិរបស់គាត់ទៅជាមួយដែរ។ លោកឡុតរស់នៅក្នុងក្រុងសូដុម។ មានម្នាក់ដែលរត់រួច បាននាំដំណឹងមកជម្រាបលោកអាប់រ៉ាម ជាជនជាតិហេប្រឺ។ លោកអាប់រ៉ាមតាំងទីលំនៅនៅតំបន់ដើមជ្រៃរបស់លោកតាម៉ាមរ៉េ។ លោកម៉ាមរ៉េជាជនជាតិអាម៉ូរី ហើយត្រូវជាបងប្អូនរបស់លោកអែសកុល និងលោកអាន់នើរ ដែលជាសម្ពន្ធមិត្តរបស់លោកអាប់រ៉ាម។ កាលលោកអាប់រ៉ាមទទួលដំណឹងថា គេបានចាប់ក្មួយរបស់លោកយកទៅជាឈ្លើយសឹក លោកក៏ចែកអាវុធឲ្យអស់អ្នកដែលនៅជាមួយលោក ចំនួនបីរយដប់ប្រាំបីនាក់ ជាញាតិសន្ដាននៅក្នុងក្រុមគ្រួសាររបស់លោក ហើយដេញតាមស្ដេចទាំងនោះរហូតទៅដល់ក្រុងដាន់។ លោកបានចែកកងទ័ពរបស់លោកជាក្រុមៗ រួចវាយស្ដេចទាំងនោះនៅពេលយប់។ លោកវាយឈ្នះស្ដេចទាំងនោះ ហើយដេញតាមរហូតដល់ក្រុងហូបា ដែលនៅខាងជើងក្រុងដាម៉ាស។ លោកយកទ្រព្យសម្បត្តិទាំងអស់មកវិញ ហើយក៏នាំលោកឡុតជាបងប្អូនរបស់លោក ដោយមានទាំងទ្រព្យសម្បត្តិ ប្រពន្ធ និងក្រុមញាតិទាំងអស់មកជាមួយដែរ។ ក្រោយពេលដែលលោកអាប់រ៉ាមត្រឡប់មកពីធ្វើសឹកឈ្នះស្ដេចកេដូឡោមើរ និងស្ដេចទាំងប៉ុន្មានដែលនៅជាមួយ ស្ដេចក្រុងសូដុមក៏ចេញមកទទួលលោកនៅជ្រលងភ្នំសាវេ គឺជ្រលងភ្នំហ្លួង។ ព្រះបាទម៉ិលគីស្សាដែកជាមហាក្សត្រនៅក្រុងសាឡឹម បានឲ្យគេយកនំប៉័ង និងស្រាទំពាំងបាយជូរមកជូនលោកអាប់រ៉ាម។ ស្ដេចជាបូជាចារ្យរបស់ព្រះដ៏ខ្ពង់ខ្ពស់បំផុត។ ស្ដេចបានឲ្យពរលោកអាប់រ៉ាមថា៖ «សូមព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ប្រទានពរដល់លោកអាប់រ៉ាម សូមលើកតម្កើងព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានប្រគល់ខ្មាំងសត្រូវទាំងឡាយ មកក្នុងកណ្ដាប់ដៃរបស់លោក!»។ លោកអាប់រ៉ាមបានយកអ្វីៗទាំងអស់ដែលលោករឹបអូសបាន មកថ្វាយព្រះបាទម៉ិលគីស្សាដែកមួយភាគដប់។ ស្ដេចក្រុងសូដុមមានរាជឱង្ការទៅកាន់លោកអាប់រ៉ាមថា៖ «សូមលោកប្រគល់ប្រជាជនមកយើង ហើយទុកទ្រព្យសម្បត្តិសម្រាប់លោកទៅ»។ លោកអាប់រ៉ាមទូលស្ដេចសូដុមវិញថា៖ «ទូលបង្គំសូមយកព្រះអម្ចាស់ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត ដែលបានបង្កើតផ្ទៃមេឃ និងផែនដី ធ្វើជាសាក្សីថា ទូលបង្គំមិនយកអ្វីៗដែលជាសម្បត្តិរបស់ព្រះករុណាសោះឡើយ សូម្បីតែអំបោះមួយសរសៃ ឬខ្សែស្បែកជើងមួយ ក៏ទូលបង្គំមិនយកដែរ កុំឲ្យព្រះករុណាមានរាជឱង្ការថា “យើងបានធ្វើឲ្យអាប់រ៉ាមទៅជាអ្នកមាន”។ ទូលបង្គំមិនចង់បានអ្វីឡើយ គឺសុំតែម្ហូបអាហារសម្រាប់ពួកយុវជន ដែលមកច្បាំងជាមួយទូលបង្គំ និងសុំយកអ្វីៗជាចំណែករបស់អស់អ្នក ដែលមកជាមួយទូលបង្គំប៉ុណ្ណោះ គឺរបស់លោកអាន់នើរ លោកអេសកុល និងលោកម៉ាមរ៉េ។ អ្នកទាំងនោះនឹងយកអ្វីៗដែលជាចំណែករបស់ខ្លួន ដោយខ្លួនឯងផ្ទាល់»។
អាន លោកុប្បត្តិ 14
ស្ដាប់នូវ លោកុប្បត្តិ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: លោកុប្បត្តិ 14:12-24
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ