លោកុប្បត្តិ 12:1-9

លោកុប្បត្តិ 12:1-9 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​អាប់រ៉ាម​ថា៖ «ចូរ​ចាក​ចេញ​ពី​ស្រុក​របស់​អ្នក ចាក​ចេញ​ពី​ញាតិ‌សន្ដាន និង​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់​អ្នក តម្រង់​ឆ្ពោះ​ទៅ​ស្រុក​ដែល​យើង​នឹង​បង្ហាញ​អ្នក ។ យើង​នឹង​ឲ្យ​ប្រជា‌ជាតិ​មួយ​ដ៏​ធំ​កើត​ចេញ​ពី​អ្នក ហើយ​យើង​នឹង​ឲ្យ​ពរ​អ្នក។ យើង​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ឈ្មោះ​ល្បី។ ដូច្នេះ ចូរ​ធ្វើ​ជា​អ្នក​ផ្ដល់​ពរ​ដល់​អ្នក​ដទៃ​ចុះ!។ យើង​នឹង​ឲ្យ​ពរ​ដល់​ជន​ទាំង‌ឡាយ​ណា ដែល​ឲ្យ​ពរ​អ្នក យើង​ក៏​នឹង​ដាក់​បណ្ដាសា ដល់​ជន​ទាំង‌ឡាយ​ណា ដែល​ដាក់​បណ្ដាសា​អ្នក​ដែរ ក្រុម​គ្រួសារ​ទាំង​អស់​នៅ​លើ​ផែនដី នឹង​បាន​ទទួល​ពរ​ដោយ‌សារ​អ្នក» ។ លោក​អាប់រ៉ាម​ក៏​ចេញ​ដំណើរ​ទៅ តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ហើយ​លោក​ឡុត​ក៏​ទៅ​ជា​មួយ​លោក​ដែរ។ នៅ​ពេល​លោក​អាប់រ៉ាម​ចាក​ចេញ​ពី​ស្រុក​ហារ៉ាន​ទៅ​នោះ លោក​មាន​អាយុ​ចិត‌សិប​ប្រាំ​ឆ្នាំ។ លោក​បាន​នាំ​លោក​ស្រី​សារ៉ាយ​ជា​ភរិយា និង​លោក​ឡុត​ជា​ក្មួយ​ទៅ​ជា​មួយ។ លោក​ក៏​យក​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន ដែល​ពួក​លោក​រក​បាន ព្រម​ទាំង​អ្នក​បម្រើ​ដែល​ពួក​លោក​ទិញ​បាន នៅ​ស្រុក​ហារ៉ាន​ទៅ​ជា​មួយ​ដែរ។ ពួក​លោក​នាំ​គ្នា​ចេញ​ដំណើរ​ឆ្ពោះ​ទៅ​ស្រុក​កាណាន។ លុះ​បាន​មក​ដល់​ស្រុក​កាណាន​ហើយ លោក​អាប់រ៉ាម​ដើរ​កាត់​ស្រុក​កាណាន​រហូត​ដល់​កន្លែង​មួយ ឈ្មោះ​ស៊ីគែម គឺ​ទៅ​ដល់​ដើម​ជ្រៃ​របស់​លោក​តា​ម៉ូរេ។ នៅ​សម័យ​នោះ ជន‌ជាតិ​កាណាន​ជា​ម្ចាស់​ស្រុក។ ព្រះ‌អម្ចាស់​បាន​យាង​មក​ឲ្យ​លោក​អាប់រ៉ាម​ឃើញ ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក»។ នៅ​ទី​នោះ លោក​អាប់រ៉ាម​បាន​សង់​អាសនៈ​មួយ សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ដែល​បាន​យាង​មក​ឲ្យ​លោក​ឃើញ។ បន្ទាប់​មក លោក​ចាក​ចេញ​ពី​ទី​នោះ​ឆ្ពោះ​ទៅ​កាន់​តំបន់​ភ្នំ ដែល​នៅ​ខាង​កើត​បេត‌អែល លោក​បោះ​ជំរំ​នៅ​ចន្លោះ​បេត‌អែល ដែល​នៅ​ខាង​លិច និង​ក្រុង​អៃ ដែល​នៅ​ខាង​កើត។ លោក​បាន​សង់​អាសនៈ​មួយ​សម្រាប់​ថ្វាយ​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ហើយ​គោរព​បម្រើ​ព្រះ‌នាម​ព្រះ‌អម្ចាស់។ លោក​បន្ត​ដំណើរ​ពី​កន្លែង​មួយ ទៅ​កន្លែង​មួយ ឆ្ពោះ​ទៅ​កាន់​តំបន់​ណេកិប។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង លោកុប្បត្តិ 12:1-9