កាឡាទី 4:19-31

កាឡាទី 4:19-31 គខប

កូន​ចៅ​អើយ ខ្ញុំ​ឈឺ​ចាប់​ក្នុង​ការ​បង្កើត​អ្នក​រាល់​គ្នា​សា​ជា​ថ្មី ប្រៀប​បី​ដូច​ស្ត្រី​ឈឺ​ចាប់​នៅ​ពេល​ហៀប​នឹង​ឆ្លង​ទន្លេ​យ៉ាង​នោះ​ដែរ គឺ​រហូត​ទាល់​តែ​ព្រះ‌គ្រិស្ត​បាន​កើត​ជា​រូប​រាង​ឡើង ក្នុង​អ្នក​រាល់​គ្នា។ ខ្ញុំ​ចង់​នៅ​ជិត​បងប្អូន​ឥឡូវ​នេះ​ណាស់ ដើម្បី​និយាយ​ជា​មួយ​បងប្អូន​ផ្ទាល់ តាម​របៀប​មួយ​ផ្សេង​ទៀត ដ្បិត​ខ្ញុំ​ទ័ល​គំនិត មិន​ដឹង​ជា​ត្រូវ​សរសេរ​យ៉ាង​ដូច​ម្ដេច​មក​បងប្អូន​ទេ។ បងប្អូន​ដែល​ជា​អ្នក​ចង់​ចុះ​ចូល​នឹង​ក្រឹត្យ‌វិន័យ​អើយ សូម​ប្រាប់​ខ្ញុំ​មើល៍ តើ​បងប្អូន​មិន​យល់​សេចក្ដី​ដែល​ក្រឹត្យ‌វិន័យ​ចែង​ទុក​មក​ទេ​ឬ? ក្នុង​គម្ពីរ​មាន​ចែង​ទុក​មក​ថា លោក​អប្រាហាំ​មាន​កូន​ប្រុស​ពីរ​នាក់ គឺ​ម្នាក់​ជា​កូន​របស់​ស្ត្រី​អ្នក​ងារ ម្នាក់​ទៀត​ជា​កូន​របស់​ស្ត្រី​អ្នក​ជា ។ ប៉ុន្តែ កូន​របស់​ស្ត្រី​អ្នក​ងារ​នោះ​ជា​កូន​កើត​មក​តាម​របៀប​លោកីយ៍ រីឯ​កូន​របស់​ស្ត្រី​អ្នក​ជា​វិញ កើត​មក​តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌ជាម្ចាស់។ យើង​អាច​ចាត់​ទុក​រឿង​នេះ​ជា​និមិត្ត‌រូប​មួយ​ដែរ ដ្បិត​ស្ត្រី​ទាំង​ពីរ​នេះ​ជា​តំណាង​សម្ពន្ធ‌មេត្រី*​ពីរ ម្នាក់​ជា​តំណាង​នៃ​សម្ពន្ធ‌មេត្រី​ដែល​ចង​នៅ​ភ្នំ​ស៊ីណៃ គឺ​នាង​ហាការ​ដែល​បង្កើត​កូន​ជា​ខ្ញុំ​បម្រើ។ នាង​ហាការ​ជា​តំណាង​ភ្នំ​ស៊ីណៃ​នៅ​ស្រុក​អារ៉ាប់ ជា​និមិត្ត‌រូប​នៃ​ក្រុង​យេរូ‌សាឡឹម​សព្វ​ថ្ងៃ​នេះ ដ្បិត​នាង​ហាការ និង​កូន​ចៅ​របស់​នាង សុទ្ធ​តែ​ជា​អ្នក​ងារ។ រីឯ​ក្រុង​យេរូ‌សាឡឹម​នៅ​ស្ថាន​លើ​វិញ គឺ​ស្ត្រី​អ្នក​ជា​ដែល​ជា​មាតា​របស់​យើង​ហ្នឹង​ហើយ ដ្បិត​មាន​ចែង​ទុក​មក​ថា: «នាង​ជា​ស្ត្រី​អារ នាង​ជា​ស្ត្រី​មិន​បាន បង្កើត​កូន​អើយ ចូរ​អរ​សប្បាយ​ឡើង! នាង​ពុំ​ធ្លាប់​ឈឺ​ផ្ទៃ​អើយ ចូរ​បន្លឺ​សំឡេង​ស្រែក​ដោយ​អំណរ​ឡើង! ដ្បិត​កូន​របស់​ស្ត្រី​ដែល​ប្ដី​បោះ​បង់​ចោល​នោះ នឹង​មាន​ចំនួន​ច្រើន​ជាង​កូន​របស់​ស្ត្រី ដែល​មាន​ប្ដី​ទៅ​ទៀត។» បងប្អូន​អើយ បងប្អូន​បាន​កើត​មក​តាម​ព្រះ‌បន្ទូល​សន្យា​ដូច​លោក​អ៊ីសាក​ដែរ។ ប៉ុន្តែ ពី​អតីត‌កាល​កូន​ដែល​កើត​មក​តាម​របៀប​លោកីយ៍ បាន​ធ្វើ​ទុក្ខ​បៀត‌បៀន​កូន​ដែល​កើត​មក​តាម​ព្រះ‌វិញ្ញាណ​យ៉ាង​ណា នៅ​បច្ចុប្បន្ន​កាល ក៏​នឹង​មាន​យ៉ាង​នោះ​ដែរ។ តើ​ក្នុង​គម្ពីរ​មាន​ចែង​ទុក​ដូច​ម្ដេច? គឺ​មាន​ចែង​ថា: «ចូរ​បណ្ដេញ​ស្ត្រី​អ្នក​ងារ និង​កូន​របស់​នាង​ចេញ​ទៅ ដ្បិត​កូន​របស់​ស្ត្រី​អ្នក​ងារ​ពុំ​ត្រូវ​ទទួល​មត៌ក រួម​ជា​មួយ​កូន​របស់​ស្ត្រី​អ្នក​ជា​ឡើយ» ។ ហេតុ​នេះ បងប្អូន​អើយ យើង​មិន​មែន​ជា​កូន​របស់​ស្ត្រី​អ្នក​ងារ​ទេ គឺ​ជា​កូន​របស់​ស្ត្រី​អ្នក​ជា។