រីឯអស់អ្នកដែលពឹងផ្អែកលើការប្រព្រឹត្តតាមក្រឹត្យវិន័យនោះវិញ គេត្រូវបណ្ដាសាហើយ ដ្បិតមានចែងទុកមកថា «អ្នកណាមិនប្រតិបត្តិតាមសេចក្ដីទាំងប៉ុន្មាន ដែលមានចែងទុកក្នុងគម្ពីរវិន័យយ៉ាងខ្ជាប់ខ្ជួនទេនោះ អ្នកនោះត្រូវបណ្ដាសាហើយ» ។ មួយវិញទៀត យើងដឹងច្បាស់ថា គ្មាននរណាម្នាក់បានសុចរិតនៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ ដោយពឹងលើក្រឹត្យវិន័យនោះឡើយ ដ្បិត «មនុស្សសុចរិតនឹងមានជីវិតដោយសារជំនឿ» ។ រីឯក្រឹត្យវិន័យប្លែកពីជំនឿទាំងស្រុង ព្រោះមានចែងថា «អ្នកណាប្រតិបត្តិតាមសេចក្ដីទាំងនេះ អ្នកនោះនឹងមានជីវិតដោយបានប្រព្រឹត្តតាមសេចក្ដីទាំងនេះ» ។ ដោយព្រះគ្រិស្តបានទទួលបណ្ដាសាសម្រាប់យើង ព្រះអង្គលោះយើងឲ្យរួចផុតពីបណ្ដាសាដែលមកពីក្រឹត្យវិន័យ ដ្បិតមានចែងទុកមកថា «អ្នកណាដែលត្រូវគេព្យួរជាប់នឹងឈើ អ្នកនោះត្រូវបណ្ដាសាហើយ!» ។ ហេតុការណ៍នេះកើតមានដូច្នេះ ដើម្បីឲ្យព្រះពរដែលលោកអប្រាហាំទទួល បានហូរទៅដល់សាសន៍ដទៃ តាមរយៈព្រះគ្រិស្តយេស៊ូដែរ ហើយឲ្យយើងទទួលព្រះវិញ្ញាណដែលព្រះជាម្ចាស់បានសន្យាប្រទានមក ដោយយើងមានជំនឿ។ បងប្អូនអើយ ខ្ញុំសូមលើកយកឧទាហរណ៍មួយមកជម្រាបថា ប្រសិនបើពាក្យបណ្ដាំរបស់មនុស្សមានចែងទុកត្រឹមត្រូវហើយ គ្មាននរណាម្នាក់លុបបំបាត់ ឬបន្ថែមបន្ថយអ្វីបានទេ។ យ៉ាងណាមិញ ព្រះជាម្ចាស់មានព្រះបន្ទូលសន្យាដល់លោកអប្រាហាំ និងដល់ពូជពង្សរបស់លោក។ ក្នុងគម្ពីរពុំមានចែងថា «ដល់ពូជពង្សទាំងឡាយ» ដូចជាចង់សំដៅទៅលើពូជពង្សដ៏ច្រើនឡើយ គឺសំដៅទៅលើពូជពង្សតែម្នាក់ប៉ុណ្ណោះ: «ដល់ពូជពង្សរបស់អ្នក» ពោលគឺព្រះគ្រិស្ត។ ខ្ញុំនិយាយដូច្នេះ ចង់ពន្យល់ថា ព្រះជាម្ចាស់បានទុកពាក្យបណ្ដាំមួយយ៉ាងត្រឹមត្រូវរួចស្រេចហើយ។ រីឯក្រឹត្យវិន័យដែលមកដល់បួនរយសាមសិបឆ្នាំក្រោយមកទៀតនោះ ពុំបានលុបបំបាត់ពាក្យបណ្ដាំរបស់ព្រះអង្គឡើយ បើពុំនោះទេ ព្រះបន្ទូលសន្យាមុខជាបាត់ខ្លឹមសារមិនខាន។ ប្រសិនបើព្រះជាម្ចាស់ប្រទានមត៌កមកមនុស្ស ព្រោះគេប្រព្រឹត្តតាមក្រឹត្យវិន័យ បានសេចក្ដីថា គេមិនទទួលមត៌កនោះតាមព្រះបន្ទូលសន្យាទៀតឡើយ។ ប៉ុន្តែ ព្រះជាម្ចាស់ប្រណីសន្ដោសលោកអប្រាហាំ ដោយសារព្រះបន្ទូលសន្យារបស់ព្រះអង្គ។ បើដូច្នោះ តើក្រឹត្យវិន័យមានប្រយោជន៍អ្វី? ក្រឹត្យវិន័យកើតមានមកតាមក្រោយ ដើម្បីបង្ហាញបទល្មើសរបស់មនុស្ស ហើយមានខ្លឹមសាររហូតដល់ពូជពង្ស ដែលត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាយាងមកដល់។ ពួកទេវតា*បាននាំយកក្រឹត្យវិន័យនេះមក តាមរយៈមនុស្សម្នាក់ ដែលជួយធ្វើអន្តរាគមន៍។ ប៉ុន្តែ ប្រសិនបើមានតែម្នាក់នោះ មិនបាច់ឲ្យមាននរណាធ្វើអន្តរាគមន៍ឡើយ។ រីឯព្រះជាម្ចាស់វិញ មានតែមួយព្រះអង្គប៉ុណ្ណោះ។ ដូច្នេះ តើបានសេចក្ដីថា ក្រឹត្យវិន័យទាស់នឹងព្រះបន្ទូលសន្យាឬ? ទេ មិនមែនដូច្នោះទេ! ប្រសិនបើក្រឹត្យវិន័យដែលមនុស្សបានទទួលអាចផ្ដល់ជីវិត បានសេចក្ដីថា មនុស្សនឹងបានសុចរិតដោយសារក្រឹត្យវិន័យមែន ក៏ប៉ុន្តែ ក្នុងគម្ពីរមានចែងថា អ្វីៗទាំងអស់សុទ្ធតែនៅក្រោមអំណាចបាប ដើម្បីឲ្យអស់អ្នកជឿបានទទួលផល ស្របតាមព្រះបន្ទូលសន្យា ព្រោះគេមានជំនឿលើព្រះយេស៊ូគ្រិស្ត។ មុនពេលជំនឿមកដល់ យើងជាប់ឃុំឃាំងក្រោមអំណាចរបស់ក្រឹត្យវិន័យ ទាំងរង់ចាំជំនឿដែលនឹងត្រូវលេចចេញមក។ ដូច្នេះ ក្រឹត្យវិន័យមាននាទីណែនាំយើងទៅកាន់ព្រះគ្រិស្ត ដើម្បីឲ្យយើងបានសុចរិតដោយសារជំនឿ។ កាលណាជំនឿមកដល់ហើយ យើងមិនស្ថិតនៅក្រោមឱវាទរបស់អ្វីដែលណែនាំយើងនោះទៀតទេ ដ្បិតដោយសារជំនឿលើព្រះគ្រិស្តយេស៊ូ បងប្អូនសុទ្ធតែជាបុត្ររបស់ព្រះជាម្ចាស់។ បងប្អូនទាំងអស់គ្នាដែលបានទទួលពិធីជ្រមុជទឹក* ដើម្បីឲ្យបានរួមជាមួយព្រះគ្រិស្ត បងប្អូនក៏មានព្រះគ្រិស្តនៅជាប់ជាមួយដែរ។ ដូច្នេះ គ្មានសាសន៍យូដា គ្មានសាសន៍ក្រិកទៀតទេ ហើយក៏គ្មានអ្នកងារ គ្មានអ្នកជា គ្មានបុរស គ្មានស្ត្រីទៀតដែរ គឺបងប្អូនទាំងអស់បានរួមគ្នាមកជាអង្គតែមួយ ក្នុងព្រះគ្រិស្តយេស៊ូ។ ប្រសិនបើបងប្អូនចូលរួមជាមួយព្រះគ្រិស្ត បងប្អូនជាពូជពង្សរបស់លោកអប្រាហាំ ហើយក៏ត្រូវទទួលមត៌កតាមព្រះបន្ទូលសន្យាដែរ។
អាន កាឡាទី 3
ស្ដាប់នូវ កាឡាទី 3
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 3:10-29
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ