កាឡាទី 2:15-21

កាឡាទី 2:15-21 គខប

រីឯ​យើង​វិញ យើង​ជា​ជាតិ​យូដា​ពី​កំណើត​មក យើង​មិន​មែន​ជា​អ្នក​មាន​បាប​ដូច​សាសន៍​ដទៃ​នោះ​ទេ។ យើង​ដឹង​ថា ព្រះ‌ជាម្ចាស់​ពុំ​ប្រោស​មនុស្ស​ឲ្យ​បាន​សុចរិត ដោយ​ការ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ទេ គឺ​បាន​សុចរិត​ដោយ‌សារ​ជំនឿ​លើ​ព្រះ‌យេស៊ូ​គ្រិស្ត​វិញ។ ដូច្នេះ យើង​ក៏​បាន​ជឿ​លើ​ព្រះគ្រិស្ត‌យេស៊ូ​ដែរ ដើម្បី​ព្រះ‌ជាម្ចាស់​ប្រោស​យើង​ឲ្យ​សុចរិត តាម​រយៈ​ជំនឿ​របស់​ព្រះ‌គ្រិស្ត គឺ​មិន​មែន​ដោយ​បាន​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​នោះ​ទេ ព្រោះ​គ្មាន​មនុស្ស​បាន​សុចរិត​ដោយ​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ​ឡើយ។ ប៉ុន្តែ ប្រសិន​បើ​យើង​ប្រាថ្នា​ចង់​បាន​សុចរិត​តាម​រយៈ​ព្រះ‌គ្រិស្ត ហើយ​បែរ​ជា​ឃើញ​ថា​យើង​ជា​មនុស្ស​ជាប់​បាប​ដូច​គេ​នោះ តើ​បាន​សេចក្ដី​ថា ព្រះ‌គ្រិស្ត​នាំ​ឲ្យ​យើង​ជាប់​បាប​ឬ? ទេ មិន​មែន​ដូច្នោះ​ទេ! ប្រសិន​បើ​ខ្ញុំ​សង់​ឡើង​វិញ​នូវ​អ្វី​ដែល​ខ្ញុំ​បាន​កម្ទេច​ចោល​ហើយ​នោះ បាន​សេចក្ដី​ថា ខ្ញុំ​ប្រព្រឹត្ត ល្មើស​ក្រឹត្យ‌វិន័យ។ ដោយ‌សារ​ក្រឹត្យ‌វិន័យ ខ្ញុំ​បាន​រួច​ពី​អំណាច​របស់​ក្រឹត្យ‌វិន័យ ដើម្បី​ឲ្យ​ខ្ញុំ​មាន​ជីវិត​រស់​នៅ​សម្រាប់​ព្រះ‌ជាម្ចាស់។ ខ្ញុំ​បាន​ជាប់​ឆ្កាង​រួម​ជា​មួយ​ព្រះ‌គ្រិស្ត ដូច្នេះ មិន​មែន​ខ្ញុំ​ទៀត​ទេ​ដែល​រស់​នៅ គឺ​ព្រះ‌គ្រិស្ត​ទេ​តើ ដែល​មាន​ព្រះ‌ជន្ម​រស់​នៅ​ក្នុង​រូប​កាយ​ខ្ញុំ។ រីឯ​ជីវិត​ដែល​ខ្ញុំ​រស់​ជា​មនុស្ស​នា​បច្ចុប្បន្ន​កាល​នេះ ខ្ញុំ​រស់​ដោយ​មាន​ជំនឿ​ទៅ​លើ​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់ ដែល​បាន​ស្រឡាញ់​ខ្ញុំ និង​បាន​បូជា​ព្រះ‌ជន្ម​សម្រាប់​ខ្ញុំ។ ខ្ញុំ​មិន​លុប​បំបាត់​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ឡើយ ប្រសិន​បើ​មនុស្ស​យើង​បាន​សុចរិត​ដោយ‌សារ​ក្រឹត្យ‌វិន័យ​នោះ បាន​សេចក្ដី​ថា ព្រះ‌គ្រិស្ត​សោយ​ទិវង្គត​ឥត​បាន​ការ​អ្វី​ទេ!។

គម្រោង​អាន​និង​អត្ថបទស្មឹងស្មាធិ៍ជាមួយ​ព្រះ ​​ដោយ​ឥត​គិត​ថ្លៃ​ ដែល​ទាក់​ទង​ទៅ​នឹង កាឡាទី 2:15-21