ប៉ុន្តែ នៅពេលលោកពេត្រុសបានមកដល់ក្រុងអន់ទីយ៉ូក ខ្ញុំក៏បានជំទាស់នឹងលោកនៅមុខគេឯងទាំងអស់គ្នា ព្រោះលោកបានធ្វើខុស។ លោកយ៉ាកុបបានចាត់អ្នកខ្លះឲ្យមក ហើយមុនពេលដែលអ្នកទាំងនោះមកដល់ លោកពេត្រុសតែងបរិភោគរួមជាមួយពួកបងប្អូនសាសន៍ដទៃ តែពេលអ្នកទាំងនោះមកដល់ លោកបែរជាដកខ្លួនថយចេញដាច់ឡែកពីបងប្អូនសាសន៍ដទៃ ព្រោះលោកខ្លាចបងប្អូនសាសន៍យូដា ។ បងប្អូនសាសន៍យូដាឯទៀតៗនាំគ្នាលាក់ពុតដូចលោក គឺសូម្បីតែលោកបារណាបាសផ្ទាល់ក៏ត្រូវគេអូសទាញឲ្យលាក់ពុតដូចគេដែរ។ ពេលខ្ញុំឃើញបងប្អូនទាំងនោះលែងដើរត្រង់តាមសេចក្ដីពិតនៃដំណឹងល្អហើយនោះ ខ្ញុំក៏ជម្រាបលោកពេត្រុសនៅមុខគេឯងទាំងអស់គ្នាថា: “បើលោកដែលជាសាសន៍យូដាលែងប្រព្រឹត្តតាមរបៀបសាសន៍យូដាទៀត តែបែរជាប្រព្រឹត្តតាមរបៀបសាសន៍ដទៃដូច្នេះ តើលោកអាចបង្ខំសាសន៍ដទៃឲ្យធ្វើដូចសាសន៍យូដាម្ដេចកើត?”។ រីឯយើងវិញ យើងជាជាតិយូដាពីកំណើតមក យើងមិនមែនជាអ្នកមានបាបដូចសាសន៍ដទៃនោះទេ។ យើងដឹងថា ព្រះជាម្ចាស់ពុំប្រោសមនុស្សឲ្យបានសុចរិត ដោយការប្រព្រឹត្តតាមក្រឹត្យវិន័យទេ គឺបានសុចរិតដោយសារជំនឿលើព្រះយេស៊ូគ្រិស្តវិញ។ ដូច្នេះ យើងក៏បានជឿលើព្រះគ្រិស្តយេស៊ូដែរ ដើម្បីព្រះជាម្ចាស់ប្រោសយើងឲ្យសុចរិត តាមរយៈជំនឿរបស់ព្រះគ្រិស្ត គឺមិនមែនដោយបានប្រព្រឹត្តតាមក្រឹត្យវិន័យនោះទេ ព្រោះគ្មានមនុស្សបានសុចរិតដោយប្រព្រឹត្តតាមក្រឹត្យវិន័យឡើយ។ ប៉ុន្តែ ប្រសិនបើយើងប្រាថ្នាចង់បានសុចរិតតាមរយៈព្រះគ្រិស្ត ហើយបែរជាឃើញថាយើងជាមនុស្សជាប់បាបដូចគេនោះ តើបានសេចក្ដីថា ព្រះគ្រិស្តនាំឲ្យយើងជាប់បាបឬ? ទេ មិនមែនដូច្នោះទេ! ប្រសិនបើខ្ញុំសង់ឡើងវិញនូវអ្វីដែលខ្ញុំបានកម្ទេចចោលហើយនោះ បានសេចក្ដីថា ខ្ញុំប្រព្រឹត្ត ល្មើសក្រឹត្យវិន័យ។ ដោយសារក្រឹត្យវិន័យ ខ្ញុំបានរួចពីអំណាចរបស់ក្រឹត្យវិន័យ ដើម្បីឲ្យខ្ញុំមានជីវិតរស់នៅសម្រាប់ព្រះជាម្ចាស់។ ខ្ញុំបានជាប់ឆ្កាងរួមជាមួយព្រះគ្រិស្ត ដូច្នេះ មិនមែនខ្ញុំទៀតទេដែលរស់នៅ គឺព្រះគ្រិស្តទេតើ ដែលមានព្រះជន្មរស់នៅក្នុងរូបកាយខ្ញុំ។ រីឯជីវិតដែលខ្ញុំរស់ជាមនុស្សនាបច្ចុប្បន្នកាលនេះ ខ្ញុំរស់ដោយមានជំនឿទៅលើព្រះបុត្រារបស់ព្រះជាម្ចាស់ ដែលបានស្រឡាញ់ខ្ញុំ និងបានបូជាព្រះជន្មសម្រាប់ខ្ញុំ។ ខ្ញុំមិនលុបបំបាត់ព្រះគុណរបស់ព្រះជាម្ចាស់ឡើយ ប្រសិនបើមនុស្សយើងបានសុចរិតដោយសារក្រឹត្យវិន័យនោះ បានសេចក្ដីថា ព្រះគ្រិស្តសោយទិវង្គតឥតបានការអ្វីទេ!។
អាន កាឡាទី 2
ស្ដាប់នូវ កាឡាទី 2
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: កាឡាទី 2:11-21
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ