កាឡាទី 1:2-10

កាឡាទី 1:2-10 គខប

ខ្ញុំ និង​បងប្អូន​ទាំង​អស់​ដែល​នៅ​ជា​មួយ​ខ្ញុំ សូម​ជម្រាប​មក​ក្រុម‌ជំនុំ​ទាំង‌ឡាយ​នៅ​ស្រុក​កាឡាទី។ សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​នៃ​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ​គ្រិស្ត* ប្រទាន​ព្រះ‌គុណ និង​សេចក្ដី​សុខ​ដល់​បងប្អូន។ ព្រះ‌អម្ចាស់​យេស៊ូ​បាន​បូជា​ព្រះ‌ជន្ម​របស់​ព្រះអង្គ​ផ្ទាល់ ព្រោះ​តែ​បាប​របស់​យើង ព្រះអង្គ​បាន​រំដោះ​យើង​ឲ្យ​រួច​ផុត​ពី​លោកីយ៍​ដ៏​អាក្រក់​នេះ ស្រប​តាម​ព្រះ‌ហឫទ័យ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង។ សូម​លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន! ខ្ញុំ​ឆ្ងល់​ណាស់ ដោយ​ឃើញ​បងប្អូន​ឆាប់​ងាក​ចេញ​ពី​ព្រះ‌ជាម្ចាស់​ដែល​បាន​ត្រាស់​ហៅ​បងប្អូន ស្រប​តាម​ព្រះ‌គុណ​របស់​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​នៃ​យើង ហើយ​បងប្អូន​បែរ​ទៅ​រក​ដំណឹង‌ល្អ​មួយ​ផ្សេង​ទៀត តាម​ពិត​គ្មាន​ដំណឹង‌ល្អ​ណា​មួយ​ផ្សេង​ទៀត​ឡើយ គឺ​មាន​តែ​អ្នក​ខ្លះ​បាន​ធ្វើ​ឲ្យ​កើត​វឹក‌វរ និង​ចង់​បំភ្លៃ​ដំណឹង‌ល្អ​របស់​ព្រះ‌គ្រិស្ត​ប៉ុណ្ណោះ។ ប្រសិន​បើ​មាន​នរណា​ម្នាក់ ទោះ​បី​យើង​ក្ដី ឬ​ទេវតា*​ណា​មួយ​ពី​ស្ថាន​បរម‌សុខ*​ក្ដី នាំ​ដំណឹង‌ល្អ​ណា​ផ្សេង​មក​ប្រាប់​បងប្អូន ខុស​ប្លែក​ពី​ដំណឹង‌ល្អ​ដែល​យើង​បាន​នាំ​មក​ជូន​បងប្អូន សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ទៅ​ចុះ! ដូច​យើង​បាន​ជម្រាប​មក​ស្រាប់​ហើយ តែ​ខ្ញុំ​ក៏​សូម​ជម្រាប​ម្ដង​ទៀត​ថា ប្រសិន​បើ​នរណា​ម្នាក់​នាំ​ដំណឹង‌ល្អ​ផ្សេង​មក​ជូន​បងប្អូន ខុស​ប្លែក​ពី​ដំណឹង‌ល្អ​ដែល​បងប្អូន​ធ្លាប់​ទទួល សូម​ឲ្យ​អ្នក​នោះ​ត្រូវ​បណ្ដា‌សា​ចុះ!។ ឥឡូវ​នេះ តើ​ខ្ញុំ​ចង់​ផ្គាប់​ចិត្ត​មនុស្ស ឬ​ធ្វើ​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់? តើ​ខ្ញុំ​ស្វែង​រក​ឲ្យ​មនុស្ស​ពេញ​ចិត្ត​ឬ? ប្រសិន​បើ​ខ្ញុំ​នៅ​តែ​ចង់​ឲ្យ​មនុស្ស​ពេញ​ចិត្ត​នោះ មាន​ន័យ​ថា ខ្ញុំ​លែង​ជា​អ្នក​បម្រើ​របស់​ព្រះ‌គ្រិស្ត​ទៀត​ហើយ!។