អែសរ៉ា 7

7
សកម្ម‌ភាព​របស់​លោក​បូជា‌ចារ្យ​អែសរ៉ា
លោក​បូជា‌ចារ្យ​អែសរ៉ា
1ក្រោយ​មក ក្នុង​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស​ជា​ស្ដេច​ស្រុក​ពែរ្ស មាន​បូជា‌ចារ្យ​មួយ​រូប ឈ្មោះ​អែសរ៉ា ជា​កូន​របស់​លោក​សេរ៉ាយ៉ា ដែល​ត្រូវ​ជា​កូន​របស់​លោក​អសា‌រា ជា​កូន​របស់​លោក​ហ៊ីល‌គីយ៉ា 2ជា​កូន​របស់​លោក​សា‌លូម ជា​កូន​របស់​លោក​សាដុក ជា​កូន​របស់​លោក​អហ៊ី‌ទូប 3ជា​កូន​របស់​លោក​អម៉ា‌រា ជា​កូន​របស់​លោក​អសា‌រា ជា​កូន​របស់​លោក​មេរ៉ា‌យ៉ូត 4ជា​កូន​របស់​លោក​សេរ៉ា‌ហ៊ា ជា​កូន​របស់​លោក​អ៊ូស៊ី ជា​កូន​របស់​លោក​ប៊ូកគី 5ជា​កូន​របស់​លោក​អប៊ី‌សួរ ជា​កូន​របស់​លោក​ភីនេ‌ហាស ជា​កូន​របស់​អេ‌ឡា‌សារ ជា​កូន​របស់​មហា‌បូជា‌ចារ្យ​អើរ៉ុន។ 6លោក​អែសរ៉ា​មក​ពី​ស្រុក​បាប៊ី‌ឡូន លោក​ជា​បណ្ឌិត​ខាង​វិន័យ ហើយ​ស្គាល់​ក្រឹត្យ‌វិន័យ​របស់​លោក​ម៉ូសេ​យ៉ាង​ជ្រៅ​ជ្រះ គឺ​ក្រឹត្យ‌វិន័យ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ប្រទាន​ឲ្យ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក បាន​ដាក់​ព្រះ‌ហស្ដ​លើ​លោក​ហេតុ​នេះ​ហើយ ទើប​ព្រះ‌រាជា​ប្រទាន​អ្វីៗ​ទាំង​អស់ តាម​សំណូម​ពរ​របស់​លោក។ 7នៅ​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស ប្រជា‌ជន​អ៊ីស្រា‌អែល​មួយ​ចំនួន​ព្រម​ទាំង​ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​ចម្រៀង ក្រុម​ឆ្មាំ​ទ្វារ និង​ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ នាំ​គ្នា​វិល​មក​ក្រុង​យេរូ‌សាឡឹម​វិញ។ 8នៅ​គ្រា​នោះ លោក​អែសរ៉ា​បាន​មក​ដល់​ក្រុង​យេរូ‌សាឡឹម នៅ​ខែ​ទី​ប្រាំ ក្នុង​ឆ្នាំ​ទី​ប្រាំ‌ពីរ​នៃ​រជ្ជ‌កាល​ព្រះចៅ​អើថា‌ស៊ើកសេស។ 9លោក​កំណត់​ពេល​ចេញ​ដំណើរ​ពី​ក្រុង​បាប៊ី‌ឡូន នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​មួយ ហើយ​មក​ដល់​ក្រុង​យេរូ‌សាឡឹម នៅ​ថ្ងៃ​ទី​មួយ ក្នុង​ខែ​ទី​ប្រាំ ដ្បិត​ព្រះ​ដ៏​សប្បុរស​របស់​លោក​បាន​ដាក់​ព្រះ‌ហស្ដ​លើ​លោក។ 10លោក​អែសរ៉ា​ខិត‌ខំ​រៀន​សូត្រ និង​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់​យ៉ាង​អស់​ពី​ចិត្ត ព្រម​ទាំង​បង្រៀន​ច្បាប់ និង​វិន័យ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ផង។
រាជ‌សារ​របស់​ព្រះចៅ​អើថា‌ស៊ើកសេស
11ព្រះចៅ​អើថា‌ស៊ើកសេស​ប្រគល់​រាជ‌សារ​មួយ​ជូន​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ លោក​មាន​នាទី​ចម្លង​ព្រះ‌បន្ទូល​នៃ​បទ‌បញ្ជា និង​ច្បាប់​ដែល​ព្រះ‌អម្ចាស់ប្រទាន​មក​អ៊ីស្រា‌អែល។ រាជ‌សារ​នោះ​មាន​សេចក្ដី​ដូច​ត​ទៅ៖
12«យើង អើថា‌ស៊ើកសេស ជា​ព្រះ‌មហា‌ក្សត្រ​លើ​មហា‌ក្សត្រ​ទាំង​អស់ ផ្ញើ​ជូន​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​វិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ 13យើង​ចេញ​បញ្ជា​ថា ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់ ដែល​រស់​នៅ​ក្នុង​រាជា‌ណាចក្រ​របស់​យើង គឺ​ប្រជា‌ជន ក្រុម​បូជា‌ចារ្យ ក្រុម​លេវី អស់​អ្នក​ដែល​មាន​បំណង​ត្រឡប់​ទៅ​ក្រុង​យេរូ‌សាឡឹម នោះ​យើង​អនុញ្ញាត​ឲ្យ​គេ​ចាក​ចេញ​ទៅ​ជា​មួយ​លោក។ 14យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​នាក់ ចាត់​លោក​ឲ្យ​ទៅ​ពិនិត្យ​មើល នៅ​ក្រុង​យេរូ‌សាឡឹម និង​ស្រុក​យូដា អំពី​របៀប​ដែល​គេ​គោរព​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក គឺ​គម្ពីរ​ដែល​លោក​កាន់​នេះ។ 15យើង​ក៏​ចាត់​លោក​ឲ្យ​នាំ​យក​មាស​ប្រាក់ ដែល​យើង និង​ទី​ប្រឹក្សា​ទាំង​ប្រាំ‌ពីរ​រូប សម្រេច​ថ្វាយ​ចំពោះ​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​គង់​នៅ​ក្រុង​យេរូ‌សាឡឹម។ 16លោក​ក៏​ត្រូវ​នាំ​យក​ប្រាក់ និង​មាស​ទាំង​ប៉ុន្មាន ដែល​លោក​រៃ​បាន​ក្នុង​អាណា‌ខេត្ត​បាប៊ី‌ឡូន​ទាំង​មូល ព្រម​ទាំង​តង្វាយ​ដែល​ប្រជា‌ជន និង​បូជា‌ចារ្យ​ស្ម័គ្រ​ចិត្ត​ថ្វាយ សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ពួក​គេ នៅ​ក្រុង​យេរូ‌សាឡឹម​ដែរ។ 17លោក​ត្រូវ​លៃ‌លក​យក​ប្រាក់​ទាំង​នោះ ទិញ​គោ​បា ចៀម​ឈ្មោល និង​កូន​ចៀម ព្រម​ទាំង​តង្វាយ​ម្សៅ និង​ស្រា​ទំពាំង‌បាយជូរ​ដែល​ត្រូវ​ច្រួច​ជា​មួយ។ លោក​ត្រូវ​ថ្វាយ​តង្វាយ​ទាំង​នោះ នៅ​លើ​អាសនៈ​របស់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ពួក​លោក នៅ​ក្រុង​យេរូ‌សាឡឹម។ 18ប្រសិន​បើ​មាន​មាស​ប្រាក់​នៅ​សល់ លោក និង​បងប្អូន​របស់​លោក អាច​យក​ទៅ​ប្រើ​ការ​តាម​តែ​លោក​យល់​ឃើញ​ថា​ល្អ​ត្រឹម​ត្រូវ ស្រប​តាម​ព្រះ‌ហឫទ័យ​នៃ​ព្រះ​របស់​អស់​លោក។ 19ចំពោះ​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ក្នុង​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​លោក ដែល​គេ​បាន​ប្រគល់​ដល់​លោក​នោះ ចូរ​យក​ទៅ​ដាក់​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។ 20ប្រសិន​បើ​លោក​ត្រូវ​ការ​ចំណាយ​អ្វី​ផ្សេង​ទៀត សម្រាប់​ព្រះ‌វិហារ​នៃ​ព្រះ​របស់​លោក ចូរ​បើក​ពី​ឃ្លាំង​រាជ‌ទ្រព្យ​ទៅ​ចំណាយ​ចុះ។
21យើង ព្រះចៅ​អើថា‌ស៊ើកសេស ចេញ​បញ្ជា​ដល់​អ្នក​កាន់​ឃ្លាំង​រាជ‌ទ្រព្យ​ទាំង​អស់ នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត​ថា បើ​លោក​បូជា‌ចារ្យ​អែសរ៉ា ជា​បណ្ឌិត​ខាង​ក្រឹត្យ‌វិន័យ​របស់​ព្រះ​នៃ​ស្ថាន​បរម‌សុខ សុំ​អ្វី ត្រូវ​ប្រគល់​ជូន​លោក​កុំ​បី​អាក់‌ខាន​ឡើយ។ 22ពួក​គេ​នឹង​ប្រគល់​ជូន​លោក​រហូត​ដល់​ប្រាក់​បី​តោន ស្រូវ​សាម‌សិប​តោន ស្រា​ទំពាំង‌បាយជូរ​បួន​ពាន់​លីត្រ ប្រេង​អូលីវ​បួន​ពាន់​លីត្រ ព្រម​ទាំង​អំបិល​តាម​សេចក្ដី​ត្រូវ​ការ។ 23អ្វីៗ​ដែល​ព្រះ‌ជាម្ចាស់​នៃ​ស្ថាន​បរម‌សុខ​បង្គាប់ ស្ដី​អំពី​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ត្រូវ​តែ​ធ្វើ​តាម​យ៉ាង​រួស‌រាន់ ដើម្បី​កុំ​ឲ្យ​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ​ទាស់​នឹង​នគរ ឬ​រាជ‌វង្ស​របស់​យើង។ 24មួយ​វិញ​ទៀត យើង​សុំ​ប្រាប់​អស់​លោក​ឲ្យ​ដឹង​ថា អស់​លោក​គ្មាន​សិទ្ធិ​ទារ​ពន្ធដារ សួយសារ‌អាករ និង​ពន្ធ​ផ្លូវ ពី​ក្រុម​បូជា‌ចារ្យ ក្រុម​លេវី ក្រុម​អ្នក​ចម្រៀង ក្រុម​ឆ្មាំ​ទ្វារ ក្រុម​អ្នក​បម្រើ​ព្រះ‌វិហារ ឬ​អ្នក​បំពេញ​ការ‌ងារ​ផ្សេង​ទៀត ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌ជាម្ចាស់​ឡើយ។ 25ចំពោះ​លោក​អែសរ៉ា​វិញ យោង​តាម​គម្ពីរ​ដែល​បង្ហាញ​អំពី​ព្រះ‌ប្រាជ្ញា‌ញាណ​នៃ​ព្រះ​របស់​លោក គឺ​គម្ពីរ​ដែល​លោក​កាន់​នោះ ចូរ​តែង‌តាំង​ចៅ‌ក្រម និង​អ្នក​គ្រប់‌គ្រង ដើម្បី​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន ដែល​រស់​នៅ​តំបន់​ប៉ែក​ខាង​លិច​ទន្លេ​អឺប្រាត គឺ​អស់​អ្នក​ដែល​ស្គាល់​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក​ហើយ។ លោក​ក៏​ត្រូវ​តែ​បង្ហាត់​បង្រៀន​អស់​អ្នក​ដែល​មិន​ស្គាល់​ក្រឹត្យ‌វិន័យ​ដែរ។ 26អ្នក​ណា​មិន​គោរព​តាម​ក្រឹត្យ‌វិន័យ​នៃ​ព្រះ​របស់​លោក ហើយ​មិន​គោរព​តាម​ច្បាប់​របស់​ស្ដេច​ឲ្យ​បាន​ហ្មត់‌ចត់​ទេ អ្នក​នោះ​នឹង​ត្រូវ​ទទួល​ទោស សម​តាម​ការ​ដែល​ខ្លួន​ប្រព្រឹត្ត គឺ​ទទួល​ទោស​ដល់​ស្លាប់ ឬ​ត្រូវ​និរទេស ឬ​ត្រូវ​រឹប​អូស​យក​ទ្រព្យ‌សម្បត្តិ ឬ​ត្រូវ​ជាប់​ពន្ធ‌នាគារ»។
លោក​អែសរ៉ា​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់
27លោក​អែសរ៉ា​បន្លឺ​សំឡេង​ថា៖ «សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​បុព្វបុរស​របស់​យើង ដែល​ព្រះអង្គ​ជំរុញ​ព្រះ‌ហឫទ័យ​ព្រះ‌រាជា ឲ្យ​មាន​បំណង​លើក​កិត្តិយស​ព្រះ‌ដំណាក់​នៃ​ព្រះ‌អម្ចាស់ នៅ​ក្រុង​យេរូ‌សាឡឹម។ 28ព្រះ‌អម្ចាស់​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ដល់​ខ្ញុំ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌មហា‌ក្សត្រ ចំពោះ​អស់​លោក​ដែល​ជា​ទី​ប្រឹក្សា ព្រម​ទាំង​នាម៉ឺន​សព្វ​មុខ​មន្ត្រី​របស់​ព្រះ‌រាជា​ទៀត​ផង។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្ញុំ បាន​ដាក់​ព្រះ‌ហស្ដ​លើ​ខ្ញុំ ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង ហើយ​ប្រមូល​អស់​លោក ដែល​ជា​មេ​ដឹក​នាំ​របស់​អ៊ីស្រា‌អែល​ឲ្យ​ចេញ​ដំណើរ​ទៅ​ជា​មួយ​ខ្ញុំ»។

ទើបបានជ្រើសរើសហើយ៖

អែសរ៉ា 7: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល