អេសេគាល 44

44
ការ​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់​នៅ​ក្នុង​ព្រះ‌វិហារ​ថ្មី
1បន្ទាប់​មក លោក​នាំ​ខ្ញុំ​ត្រឡប់​ទៅ​ខ្លោង​ទ្វារ​ខាង​ក្រៅ​ទីសក្ការៈ​វិញ គឺ​ទ្វារ​ដែល​បែរ​មុខ​ទៅ​ទិស​ខាង​កើត។ ទ្វារ​នោះ​នៅ​បិទ។ 2ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «ទ្វារ​នេះ​នឹង​នៅ​បិទ​ជិត គឺ​មិន​ត្រូវ​បើក​ឡើយ ហើយ​ក៏​គ្មាន​នរណា​ចេញ​ចូល​តាម​នេះ​ដែរ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល យើង​បាន​ចូល​មក​តាម​ទ្វារ​នេះ ដូច្នេះ ទ្វារ​នេះ​ត្រូវ​បិទ​រហូត! 3ចំណែក​ឯ​មេ​ដឹក​នាំ​វិញ ក្នុង​ឋានៈ​ជា​អ្នក​គ្រប់‌គ្រង គេ​អាច​អង្គុយ​បរិភោគ​ពិធី​ជប់‌លៀង​នៅ​ចំពោះ​មុខ​យើង​បាន។ គេ​ចូល​មក​តាម​បន្ទប់​ល្វែង​នៃ​ខ្លោង​ទ្វារ ហើយ​ចេញ​ទៅ​វិញ​តាម​ច្រក​ដដែល»។
4បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​ខ្លោង​ទ្វារ​ខាង​ជើង គឺ​ខាង​មុខ​ព្រះ‌ដំណាក់។ ខ្ញុំ​ក្រឡេក​មើល​ទៅ​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ នៅ​ពាស‌ពេញ​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ខ្ញុំ​ក៏​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។ 5ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ ចូរ​យក​ចិត្ត​ទុក​ដាក់​មើល និង​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​យើង​ប្រាប់​អ្នក​ស្ដី​អំពី​ច្បាប់ និង​ក្បួន​តម្រា​ទាំង​ប៉ុន្មាន ដែល​ត្រូវ​អនុវត្ត​នៅ​ក្នុង​ព្រះ‌ដំណាក់​នេះ។ ចូរ​ពិនិត្យ​មើល​ច្រក​ចូល​ទៅ​ក្នុង​ព្រះ‌ដំណាក់ និង​ទ្វារ​ទាំង​ប៉ុន្មាន​របស់​ទីសក្ការៈ។ 6បន្ទាប់​មក ចូរ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល ជា​អ្នក​បះ‌បោរ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: កូន​ចៅ​អ៊ីស្រា‌អែល​អើយ អ្នក​រាល់​គ្នា​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​ច្រើន​ពេក​ហើយ! 7ពេល​អ្នក​រាល់​គ្នា​យក​អាហារ គឺ​ខ្លាញ់ និង​ឈាម មក​ថ្វាយ​យើង អ្នក​រាល់​គ្នា​នាំ​ជន​បរទេស​ដែល​ជា​សាសន៍​មិន​កាត់​ស្បែក និង​ជា​សាសន៍​មិន​គោរព​យើង ចូល​មក ធ្វើ​ឲ្យ​ដំណាក់​របស់​យើង​ទៅ​ជា​សៅហ្មង។ អ្នក​រាល់​គ្នា​ផ្ដាច់​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង ដោយ​ប្រព្រឹត្ត​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​គ្រប់​យ៉ាង។ 8អ្នក​រាល់​គ្នា​ពុំ​បាន​យក​ចិត្ត​ទុក​ដាក់​បំពេញ​ការ‌ងារ​បម្រើ​យើង ដោយ​ខ្លួន​ឯង​ផ្ទាល់​ទេ គឺ​អ្នក​រាល់​គ្នា​បាន​ឲ្យ​សាសន៍​ដទៃ​មក​បំពេញ​ការ‌ងារ​ក្នុង​ទីសក្ការៈ ជំនួស​អ្នក​រាល់​គ្នា​ទៅ​វិញ»។ 9ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៀត​ថា៖ «មិន​ត្រូវ​ឲ្យ​ជន​បរទេស ដែល​ជា​សាសន៍​មិន​កាត់​ស្បែក និង​ជា​សាសន៍​មិន​គោរព​យើង ចូល​មក​ក្នុង​ទីសក្ការៈ​របស់​យើង​ឡើយ ទោះ​បី​អ្នក​នោះ​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ដោយ។
មុខងារ​របស់​ក្រុម​លេវី
10ក្នុង​គ្រា​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង ទៅ​តាម​ព្រះ​ក្លែង‌ក្លាយ ពួក​លេវី​ក៏​បាន​បោះ​បង់​ចោល​យើង​ដែរ ហេតុ​នេះ ពួក​គេ​នឹង​ទទួល​ផល​វិបាក ព្រោះ​តែ​កំហុស​របស់​ខ្លួន។ 11ដូច្នេះ ពួក​គេ​គ្រាន់​តែ​មាន​មុខងារ​ជា​អ្នក​ជំនួយ​ការ​ក្នុង​ព្រះ‌ដំណាក់ គឺ​ត្រូវ​ប្រើ​គេ​ឲ្យ​យាម​ខ្លោង​ទ្វារ​បម្រើ​ប្រជា‌ជន ដោយ​សម្លាប់​សត្វ​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​យញ្ញ‌បូជា​ផ្សេងៗ។ 12ដោយ​ពួក​គេ​បាន​ជួយ​ជ្រោម‌ជ្រែង​ប្រជា‌ជន ក្នុង​ការ​គោរព​បម្រើ​ព្រះ​ក្លែង‌ក្លាយ និង​នាំ​ប្រជា‌ជន​ឲ្យ​ប្រព្រឹត្ត​អំពើ​បាប យើង​សុំ​ប្រកាស​យ៉ាង​ម៉ឺង‌ម៉ាត់​ថា ពួក​គេ​នឹង​ទទួល​ផល​វិបាក ព្រោះ​តែ​កំហុស​របស់​ខ្លួន​មិន​ខាន - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់13ពួក​គេ​ពុំ​អាច​ចូល​មក​ជិត​យើង ដើម្បី​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​បាន​ទេ ពួក​គេ​ក៏​មិន​អាច​ចូល​មក​ក្នុង​ទីសក្ការៈ ឬ​ទីសក្ការៈ​បំផុត​របស់​យើង​បាន​ដែរ។ ពួក​គេ​ត្រូវ​ទទួល​ផល​វិបាក ព្រោះ​តែ​អំពើ​ដ៏​អាម៉ាស់ និង​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ 14យើង​នឹង​ឲ្យ​ពួក​គេ​មើល​ថែ​ទាំ និង​បំពេញ​កិច្ចការ​បន្ទាប់‌បន្សំ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ព្រះ‌ដំណាក់។
មុខងារ​របស់​ក្រុម​បូជា‌ចារ្យ
15រីឯ​ក្រុម​បូជា‌ចារ្យ​លេវី ជា​កូន​ចៅ​របស់​លោក​សាដុក​វិញ ក្នុង​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​វង្វេង​ចេញ​ឆ្ងាយ​ពី​យើង​នោះ ពួក​គេ​នៅ​តែ​បម្រើ​យើង​ក្នុង​ទីសក្ការៈ។ ដូច្នេះ ពួក​គេ​នឹង​ចូល​មក​បម្រើ​យើង ពួក​គេ​នឹង​ស្ថិត​នៅ​ក្បែរ​យើង ដើម្បី​ថ្វាយ​ខ្លាញ់ និង​ឈាម -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់16អ្នក​ទាំង​នោះ​នឹង​ចូល​មក​ក្នុង​ទីសក្ការៈ​របស់​យើង ពួក​គេ​ចូល​មក​ក្បែរ​តុ​របស់​យើង ដើម្បី​បម្រើ​យើង និង​ធ្វើ​តាម​សេចក្ដី​ដែល​យើង​បង្គាប់។ 17 ពេល​ចូល​មក​ដល់​ខ្លោង​ទ្វារ​នៃ​ទី‌លាន​ខាង​ក្នុង ពួក​គេ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក។ ពេល​ពួក​គេ​បំពេញ​មុខងារ​នៅ​ខ្លោង​ទ្វារ​នៃ​ទី‌លាន​ខាង​ក្នុង មិន​ត្រូវ​ស្លៀក​ពាក់​សម្លៀក‌បំពាក់​ធ្វើ​ពី​រោម​ចៀម​ទេ។ 18ពួក​គេ​ត្រូវ​ពាក់​ឈ្នួត​ធ្វើ​ពី​ក្រណាត់​ទេស‌ឯក​នៅ​លើ​ក្បាល ហើយ​ស្លៀក​ខោ​ខ្លី តែ​មិន​ត្រូវ​យក​អ្វី​មក​ក្រវាត់​ចង្កេះ នាំ​ឲ្យ​បែក​ញើស​ឡើយ។ 19 ពេល​ពួក​គេ​ចេញ​ទៅ​រក​ប្រជា‌ជន​នៅ​ទី‌លាន​ខាង​ក្រៅ ត្រូវ​ផ្លាស់​សម្លៀក‌បំពាក់​សម្រាប់​បំពេញ​មុខងារ​ចេញ រួច​ទុក​សម្លៀក‌បំពាក់​នោះ​នៅ​ក្នុង​បន្ទប់​នៃ​ទីសក្ការៈ។ ពួក​គេ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ផ្សេង​ទៀត ដើម្បី​កុំ​ឲ្យ​ប្រជា‌ជន​ប៉ះ‌ពាល់​សម្លៀក‌បំពាក់​ដ៏​សក្ការៈ​នោះ។ 20 មិន​ត្រូវ​ឲ្យ​បូជា‌ចារ្យ​ទាំង​នោះ​កោរ​សក់ ឬ​ក៏​ទុក​ឲ្យ​សក់​ដុះ​វែង​ពេក​ឡើយ គឺ​ត្រូវ​កាត់​សក់​យ៉ាង​សមរម្យ។ 21 ពេល​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង បូជា‌ចារ្យ​មិន​ត្រូវ​សេព​សុរា​ឡើយ។ 22 បូជា‌ចារ្យ​មិន​ត្រូវ​រៀបការ​ជា​មួយ​ស្ត្រី​មេម៉ាយ ឬ​ស្ត្រី​ប្ដី​លែង​ទេ គឺ​រៀបការ​បាន​តែ​ជា​មួយ​ស្ត្រី​ក្រមុំ​ព្រហ្មចារី​ក្នុង​វង្ស​ត្រកូល​នៃ​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ស្ត្រី​មេម៉ាយ​ពី​បូជា‌ចារ្យ​ម្នាក់​ទៀត។ 23 បូជា‌ចារ្យ​ទាំង​នោះ​ត្រូវ​អប់រំ​ប្រជា‌ជន​របស់​យើង ឲ្យ​ស្គាល់​ការ​ខុស​គ្នា​រវាង​អ្វី​ដែល​សក្ការៈ និង​អ្វី​ដែល​មិន​សក្ការៈ ព្រម​ទាំង​ការ​ខុស​គ្នា​រវាង​អ្វី​ដែល​មិន​បរិសុទ្ធ និង​អ្វី​ដែល​បរិសុទ្ធ។ 24ពួក​គេ​ធ្វើ​ជា​ចៅ‌ក្រម​កាត់​ក្ដី នៅ​ពេល​ប្រជា‌ជន​មាន​រឿងរ៉ាវ​នឹង​គ្នា ហើយ​វិនិច្ឆ័យ​ទោស ស្រប​តាម​វិន័យ​របស់​យើង។ ពួក​គេ​ចាត់​ចែង​ធ្វើ​ពិធី​បុណ្យ​ផ្សេងៗ តាម​ក្រឹត្យ‌វិន័យ និង​ច្បាប់​ដែល​យើង​បាន​បង្គាប់​ទុក ព្រម​ទាំង​ញែក​ថ្ងៃ​សប្ប័ទ​ទុក​ជា​ថ្ងៃ​ដ៏វិសុទ្ធ។ 25 បូជា‌ចារ្យ​មិន​ត្រូវ​ចូល​ទៅ​ជិត​សាក‌សព ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅហ្មង​ឡើយ លើក‌លែង​តែ​សព​ឪពុក‌ម្ដាយ កូន​ប្រុស​កូន​ស្រី បងប្អូន​ប្រុស និង​បងប្អូន​ស្រី​ដែល​ពុំ​ទាន់​រៀបការ។ 26ក្នុង​ករណី​នេះ ក្រោយ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​បរិសុទ្ធ*​រួច​ហើយ គេ​ត្រូវ​នៅ​រង់‌ចាំ​ប្រាំ‌ពីរ​ថ្ងៃ មុន​នឹង​បំពេញ​មុខងារ​សា​ជា​ថ្មី។ 27នៅ​ថ្ងៃ​គេ​ចូល​ទៅ​ទី‌លាន​ខាង​ក្នុង ដើម្បី​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ*​ឡើង​វិញ គេ​ត្រូវ​ថ្វាយ​យញ្ញ‌បូជា​រំដោះ​បាប - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់
28 ចំណែក​ឯ​កេរ‌មត៌ក​ដែល​ពួក​បូជា‌ចារ្យ​ត្រូវ​ទទួល​នោះ គឺ​យើង​ផ្ទាល់។ មិន​បាច់​ចែក​ទឹក​ដី​ក្នុង​ស្រុក​អ៊ីស្រា‌អែល​ជា​មត៌ក​ឲ្យ​ពួក​គេ​ទេ ដ្បិត​យើង​ផ្ទាល់​ជា​មត៌ក​របស់​ពួក​គេ។ 29 ពួក​គេ​បរិភោគ​សាច់ ដែល​ជា​តង្វាយ និង​យញ្ញ‌បូជា​រំដោះ​បាប ឬ​យញ្ញ‌បូជា​សុំ​លើក‌លែង​ទោស​ដែល​ប្រជា‌ជន​យើង​យក​មក​ថ្វាយ។ អ្វីៗ​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ទុក​សម្រាប់​យើង ពួក​បូជា‌ចារ្យ​អាច​យក​បាន។ 30ផល​ដំបូង​បង្អស់​នៃ​ដំណាំ​ទាំង‌ឡាយ និង​អ្វីៗ​គ្រប់​យ៉ាង​ដែល​អ្នក​រាល់​គ្នា​ញែក​ទុក​ដោយ​ឡែក​នោះ ជា​ចំណែក​របស់​ពួក​បូជា‌ចារ្យ។ ត្រូវ​យក​ម្សៅ​ដំបូង​បង្អស់​មក​ជូន​ពួក​បូជា‌ចារ្យ ដើម្បី​ឲ្យ​ផ្ទះ​របស់​អ្នក​បាន​ទទួល​ពរ។ 31 បូជា‌ចារ្យ​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ចតុប្បាទ ឬ​សត្វ​ស្លាប​ដែល​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​សាហាវ​ខាំ​នោះ​ឡើយ»។

ទើបបានជ្រើសរើសហើយ៖

អេសេគាល 44: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល