បន្ទាប់មក លោកនាំខ្ញុំទៅកាន់ខ្លោងទ្វារខាងកើត។ ពេលនោះ សិរីរុងរឿងរបស់ព្រះនៃជនជាតិអ៊ីស្រាអែលអណ្ដែតមកពីទិសខាងកើត មានសន្ធឹកដូចមហាសាគរ ហើយផែនដីភ្លឺដោយសិរីរុងរឿងរបស់ព្រះអង្គ។ និមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញនៅពេលនោះ ក៏ដូចនិមិត្តហេតុអស្ចារ្យដែលខ្ញុំបានឃើញ នៅពេលព្រះអង្គយាងមកកម្ទេចក្រុងយេរូសាឡឹម។ និមិត្តហេតុអស្ចារ្យទាំងពីរនេះក៏ដូចជានិមិត្តហេតុអស្ចារ្យ ដែលខ្ញុំបានឃើញនៅមាត់ទន្លេកេបារដែរ។ ពេលនោះ ខ្ញុំក្រាបចុះ ឱនមុខដល់ដី។ សិរីរុងរឿងរបស់ព្រះអម្ចាស់អណ្ដែតចូលមកក្នុងព្រះដំណាក់តាមទ្វារខាងកើត។ ព្រះវិញ្ញាណក៏លើកខ្ញុំឡើង ហើយនាំខ្ញុំទៅដាក់កណ្ដាលទីលានខាងក្នុង។ សិរីរុងរឿងរបស់ព្រះអម្ចាស់ស្ថិតនៅពេញព្រះដំណាក់។ ពេលបុរសនោះនៅក្បែរខ្ញុំ ខ្ញុំឮព្រះសូរសៀងចេញពីព្រះដំណាក់មកកាន់ខ្ញុំថា៖ «កូនមនុស្សអើយ! កន្លែងនេះជាបល្ល័ង្ករបស់យើង និងជាកន្លែងដាក់ជើងរបស់យើងផង។ យើងនឹងស្ថិតនៅកន្លែងនេះជាមួយជនជាតិអ៊ីស្រាអែលរហូតតទៅ។ ពូជពង្សអ៊ីស្រាអែល និងស្ដេចរបស់គេ លែងធ្វើឲ្យនាមយើងទៅជាសៅហ្មង ដោយអំពើផិតក្បត់ និងដោយយកសាកសពស្ដេចមកតម្កល់ទុកនៅទីនេះទៀតហើយ។ ពីមុនពួកគេបានសង់ទ្វាររបស់គេនៅជាប់នឹងទ្វាររបស់យើង ក្របទ្វាររបស់គេនៅជាប់នឹងក្របទ្វាររបស់យើង គឺមានតែជញ្ជាំងមួយគត់ដែលខណ្ឌគេពីយើង។ ពួកគេបានធ្វើឲ្យនាមរបស់យើងទៅជាសៅហ្មង ដោយសារអំពើគួរស្អប់ខ្ពើមដែលពួកគេប្រព្រឹត្ត។ ហេតុនេះហើយបានជាយើងបំផ្លាញពួកគេឲ្យវិនាស តាមកំហឹងរបស់យើង។ ឥឡូវនេះ ពួកគេលែងប្រព្រឹត្តអំពើផិតក្បត់ ពួកគេយកសពស្ដេចរបស់ខ្លួនចេញឆ្ងាយពីយើង។ យើងនឹងនៅក្នុងចំណោមពួកគេរហូតតទៅ។ ចំណែកឯអ្នកវិញ កូនមនុស្សអើយ ចូររៀបរាប់អំពីព្រះដំណាក់នេះប្រាប់កូនចៅអ៊ីស្រាអែល ដើម្បីឲ្យពួកគេពិនិត្យមើលគម្រោងរបស់ព្រះដំណាក់ ហើយឲ្យពួកគេនឹកខ្មាស ដោយបានប្រព្រឹត្តខុស។ ប្រសិនបើពួកគេនឹកខ្មាស ព្រោះតែអំពើអាក្រក់ដែលខ្លួនបានប្រព្រឹត្ត នោះចូរប្រាប់ពួកគេឲ្យដឹងពីគំរូរបស់ព្រះដំណាក់ ទ្រង់ទ្រាយ ច្រកចេញចូល របៀបតុបតែង ព្រមទាំងរបៀបចាត់ចែង និងក្បួនតម្រាសព្វបែបយ៉ាង។ ចូរកត់ត្រាទុកដើម្បីឲ្យពួកគេឃើញ និងធ្វើតាម។ រីឯក្រឹត្យវិន័យដ៏សំខាន់របស់ព្រះដំណាក់ដែលគេត្រូវគោរពនោះ គឺកំពូលភ្នំ និងបរិវេណជុំវិញ ត្រូវញែកទុកជាទីសក្ការៈបំផុត»។ ទំហំរបស់អាសនៈគិតជាហត្ថ ហើយខ្នាតមួយហត្ថនេះវែងជាងខ្នាតមួយហត្ថធម្មតាមួយទះ។ ចង្អូរនៅជុំវិញអាសនៈមានជម្រៅមួយហត្ថ ទទឹងមួយហត្ថ រីឯគែមព័ទ្ធជុំវិញមានកម្រាស់មួយតឹក។ ពីចង្អូរដែលនៅផ្ទាល់នឹងដី ឡើងទៅដល់គន្លាក់ខាងក្រោម មានកម្ពស់ពីរហត្ថ ទទឹងមួយហត្ថ។ ពីគន្លាក់តូចរហូតដល់គន្លាក់ធំ មានកម្ពស់បួនហត្ថ ទទឹងមួយហត្ថ។ នៅផ្នែកខាងលើជាកន្លែងដុតយញ្ញបូជា មានកម្ពស់បួនហត្ថ ហើយមានស្នែងបួនឡើងទៅលើ។ កន្លែងដុតនេះមានបណ្ដោយដប់ពីរហត្ថ ទទឹងដប់ពីរហត្ថ គឺមានរាងបួនជ្រុងស្មើ។ រីឯផ្នែកកណ្ដាលមានបណ្ដោយដប់បួនហត្ថ និងទទឹងដប់បួនហត្ថ គែមដែលព័ទ្ធជុំវិញ មានកម្រាស់កន្លះហត្ថ ចង្អូរទាំងបួនជ្រុងមានកម្ពស់មួយហត្ថ។ ជណ្ដើររបស់អាសនៈបែរទៅរកទិសខាងកើត។
អាន អេសេគាល 43
ស្ដាប់នូវ អេសេគាល 43
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 43:1-17
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ