អេសេគាល 43:1-17

អេសេគាល 43:1-17 គខប

បន្ទាប់​មក លោក​នាំ​ខ្ញុំ​ទៅ​កាន់​ខ្លោង​ទ្វារ​ខាង​កើត។ ពេល​នោះ សិរី‌រុងរឿង​របស់​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​អណ្ដែត​មក​ពី​ទិស​ខាង​កើត មាន​សន្ធឹក​ដូច​មហា‌សាគរ ហើយ​ផែនដី​ភ្លឺ​ដោយ​សិរី‌រុងរឿង​របស់​ព្រះអង្គ។ និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ពេល​នោះ ក៏​ដូច​និមិត្ត‌ហេតុ​អស្ចារ្យ​ដែល​ខ្ញុំ​បាន​ឃើញ នៅ​ពេល​ព្រះអង្គ​យាង​មក​កម្ទេច​ក្រុង​យេរូ‌សាឡឹម។ និមិត្ត‌ហេតុ​អស្ចារ្យ​ទាំង​ពីរ​នេះ​ក៏​ដូច​ជា​និមិត្ត‌ហេតុ​អស្ចារ្យ ដែល​ខ្ញុំ​បាន​ឃើញ​នៅ​មាត់​ទន្លេ​កេបារ​ដែរ។ ពេល​នោះ ខ្ញុំ​ក្រាប​ចុះ ឱន​មុខ​ដល់​ដី។ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​អណ្ដែត​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​តាម​ទ្វារ​ខាង​កើត។ ព្រះ‌វិញ្ញាណ​ក៏​លើក​ខ្ញុំ​ឡើង ហើយ​នាំ​ខ្ញុំ​ទៅ​ដាក់​កណ្ដាល​ទី‌លាន​ខាង​ក្នុង។ សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​ស្ថិត​នៅ​ពេញ​ព្រះ‌ដំណាក់។ ពេល​បុរស​នោះ​នៅ​ក្បែរ​ខ្ញុំ ខ្ញុំ​ឮ​ព្រះ‌សូរសៀង​ចេញ​ពី​ព្រះ‌ដំណាក់​មក​កាន់​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! កន្លែង​នេះ​ជា​បល្ល័ង្ក​របស់​យើង និង​ជា​កន្លែង​ដាក់​ជើង​របស់​យើង​ផង។ យើង​នឹង​ស្ថិត​នៅ​កន្លែង​នេះ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល​រហូត​ត​ទៅ។ ពូជ‌ពង្ស​អ៊ីស្រា‌អែល និង​ស្ដេច​របស់​គេ លែង​ធ្វើ​ឲ្យ​នាម​យើង​ទៅ​ជា​សៅ‌ហ្មង ដោយ​អំពើ​ផិត​ក្បត់ និង​ដោយ​យក​សាក‌សព​ស្ដេច​មក​តម្កល់​ទុក​នៅ​ទី​នេះ​ទៀត​ហើយ។ ពី​មុន​ពួក​គេ​បាន​សង់​ទ្វារ​របស់​គេ​នៅ​ជាប់​នឹង​ទ្វារ​របស់​យើង ក្រប​ទ្វារ​របស់​គេ​នៅ​ជាប់​នឹង​ក្រប​ទ្វារ​របស់​យើង គឺ​មាន​តែ​ជញ្ជាំង​មួយ​គត់​ដែល​ខណ្ឌ​គេ​ពី​យើង។ ពួក​គេ​បាន​ធ្វើ​ឲ្យ​នាម​របស់​យើង​ទៅ​ជា​សៅហ្មង ដោយ‌សារ​អំពើ​គួរ​ស្អប់​ខ្ពើម​ដែល​ពួក​គេ​ប្រព្រឹត្ត។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​បំផ្លាញ​ពួក​គេ​ឲ្យ​វិនាស តាម​កំហឹង​របស់​យើង។ ឥឡូវ​នេះ ពួក​គេ​លែង​ប្រព្រឹត្ត​អំពើ​ផិត​ក្បត់ ពួក​គេ​យក​សព​ស្ដេច​របស់​ខ្លួន​ចេញ​ឆ្ងាយ​ពី​យើង។ យើង​នឹង​នៅ​ក្នុង​ចំណោម​ពួក​គេ​រហូត​ត​ទៅ។ ចំណែក​ឯ​អ្នក​វិញ កូន​មនុស្ស​អើយ ចូរ​រៀប​រាប់​អំពី​ព្រះ‌ដំណាក់​នេះ​ប្រាប់​កូន​ចៅ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ពួក​គេ​ពិនិត្យ​មើល​គម្រោង​របស់​ព្រះ‌ដំណាក់ ហើយ​ឲ្យ​ពួក​គេ​នឹក​ខ្មាស ដោយ​បាន​ប្រព្រឹត្ត​ខុស។ ប្រសិន​បើ​ពួក​គេ​នឹក​ខ្មាស ព្រោះ​តែ​អំពើ​អាក្រក់​ដែល​ខ្លួន​បាន​ប្រព្រឹត្ត នោះ​ចូរ​ប្រាប់​ពួក​គេ​ឲ្យ​ដឹង​ពី​គំរូ​របស់​ព្រះ‌ដំណាក់ ទ្រង់‌ទ្រាយ ច្រក​ចេញ​ចូល របៀប​តុប‌តែង ព្រម​ទាំង​របៀប​ចាត់​ចែង និង​ក្បួន​តម្រា​សព្វ​បែប​យ៉ាង។ ចូរ​កត់‌ត្រា​ទុក​ដើម្បី​ឲ្យ​ពួក​គេ​ឃើញ និង​ធ្វើ​តាម។ រីឯ​ក្រឹត្យ‌វិន័យ​ដ៏​សំខាន់​របស់​ព្រះ‌ដំណាក់​ដែល​គេ​ត្រូវ​គោរព​នោះ គឺ​កំពូល​ភ្នំ និង​បរិវេណ​ជុំ‌វិញ ត្រូវ​ញែក​ទុក​ជា​ទីសក្ការៈ​បំផុត»។ ទំហំ​របស់​អាសនៈ​គិត​ជា​ហត្ថ ហើយ​ខ្នាត​មួយ​ហត្ថ​នេះ​វែង​ជាង​ខ្នាត​មួយ​ហត្ថ​ធម្មតា​មួយ​ទះ។ ចង្អូរ​នៅ​ជុំ‌វិញ​អាសនៈ​មាន​ជម្រៅ​មួយ​ហត្ថ ទទឹង​មួយ​ហត្ថ រីឯ​គែម​ព័ទ្ធ​ជុំ‌វិញ​មាន​កម្រាស់​មួយ​តឹក។ ពី​ចង្អូរ​ដែល​នៅ​ផ្ទាល់​នឹង​ដី ឡើង​ទៅ​ដល់​គន្លាក់​ខាង​ក្រោម មាន​កម្ពស់​ពីរ​ហត្ថ ទទឹង​មួយ​ហត្ថ។ ពី​គន្លាក់​តូច​រហូត​ដល់​គន្លាក់​ធំ មាន​កម្ពស់​បួន​ហត្ថ ទទឹង​មួយ​ហត្ថ។ នៅ​ផ្នែក​ខាង​លើ​ជា​កន្លែង​ដុត​យញ្ញ‌បូជា មាន​កម្ពស់​បួន​ហត្ថ ហើយ​មាន​ស្នែង​បួន​ឡើង​ទៅ​លើ។ កន្លែង​ដុត​នេះ​មាន​បណ្ដោយ​ដប់‌ពីរ​ហត្ថ ទទឹង​ដប់‌ពីរ​ហត្ថ គឺ​មាន​រាង​បួន​ជ្រុង​ស្មើ។ រីឯ​ផ្នែក​កណ្ដាល​មាន​បណ្ដោយ​ដប់‌បួន​ហត្ថ និង​ទទឹង​ដប់‌បួន​ហត្ថ គែម​ដែល​ព័ទ្ធ​ជុំ‌វិញ មាន​កម្រាស់​កន្លះ​ហត្ថ ចង្អូរ​ទាំង​បួន​ជ្រុង​មាន​កម្ពស់​មួយ​ហត្ថ។ ជណ្ដើរ​របស់​អាសនៈ​បែរ​ទៅ​រក​ទិស​ខាង​កើត។