ព្រះអម្ចាស់ដាក់ព្រះហស្ដលើខ្ញុំ ព្រះវិញ្ញាណរបស់ព្រះអង្គនាំខ្ញុំទៅដាក់កណ្ដាលជ្រលងភ្នំមួយ ដែលមានឆ្អឹងខ្មោចពាសពេញ។ ព្រះអង្គនាំខ្ញុំដើរចុះឡើងក្បែរឆ្អឹងទាំងនោះ។ ក្នុងជ្រលងភ្នំមានឆ្អឹងច្រើនណាស់ ហើយសុទ្ធតែស្ងួតហួតហែងទាំងអស់។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! តើឆ្អឹងទាំងនេះអាចរស់មកជាមនុស្សវិញបានឬទេ?»។ ខ្ញុំទូលតបថា៖ «បពិត្រព្រះជាអម្ចាស់មានតែព្រះអង្គទេដែលជ្រាប»។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ឆ្អឹងទាំងនេះថា: ឆ្អឹងដ៏ស្ងួតអើយ ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា “យើងនឹងបញ្ចូលខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា នោះអ្នករាល់គ្នានឹងរស់ឡើង។ យើងនឹងឲ្យអ្នករាល់គ្នាមានសរសៃតភ្ជាប់គ្នា ហើយមានសាច់ដុះពីលើ ព្រមទាំងមានស្បែករុំពីក្រៅផង។ យើងនឹងដាក់ខ្យល់ដង្ហើមក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត ហើយពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់”»។ ខ្ញុំក៏ថ្លែងព្រះបន្ទូលតាមបញ្ជារបស់ព្រះអង្គ។ ក្នុងពេលដែលខ្ញុំកំពុងនិយាយនោះ ស្រាប់តែមានឮស្នូរសំឡេង គឺឆ្អឹងទាំងអស់កម្រើកចូលជិតគ្នាទៅវិញទៅមក។ ខ្ញុំសង្កេតឃើញមានសរសៃនៅលើឆ្អឹង ហើយសាច់ដុះពីលើ រួចមានស្បែករុំស្រោបផង ប៉ុន្តែ មិនទាន់មានខ្យល់ដង្ហើមនៅឡើយទេ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់ខ្យល់ដង្ហើម! ចូរប្រាប់ខ្យល់ដង្ហើមថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ខ្យល់ដង្ហើមអើយ! សូមបក់មកពីទិសទាំងបួន! ហើយផ្លុំលើសាកសពទាំងនេះឲ្យមានជីវិតរស់ឡើង»។ ខ្ញុំថ្លែងព្រះបន្ទូលតាមបញ្ជារបស់ព្រះអម្ចាស់។ ខ្យល់ដង្ហើមក៏ចូលមកក្នុងពួកគេ ពួកគេក៏មានជីវិត ហើយក្រោកឈរឡើង ទៅជាកងទ័ពមួយដែលមានចំនួនយ៉ាងច្រើនឥតគណនា។ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា៖ «កូនមនុស្សអើយ! ឆ្អឹងទាំងអស់នេះជាពូជពង្សអ៊ីស្រាអែលទាំងមូល។ ពួកគេតែងពោលថា “ឆ្អឹងរបស់យើងស្ងួតហួតហែងអស់ យើងផុតសង្ឃឹមហើយ! យើងវិនាសហើយ!” ហេតុនេះ ចូរថ្លែងពាក្យក្នុងនាមយើងប្រាប់គេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ប្រជារាស្ត្ររបស់យើងអើយ! យើងនឹងបើកផ្នូររបស់អ្នករាល់គ្នា ហើយនាំអ្នករាល់គ្នាឡើងពីផ្នូរនោះ បន្ទាប់មក យើងនឹងនាំអ្នករាល់គ្នាត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ។ ប្រជារាស្ត្ររបស់យើងអើយ! ពេលយើងបើកផ្នូរ ហើយនាំអ្នករាល់គ្នាឡើងមក នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនឹងដាក់វិញ្ញាណរបស់យើងក្នុងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាមានជីវិត។ យើងនឹងនាំអ្នករាល់គ្នាទៅតាំងទីលំនៅលើទឹកដីរបស់ខ្លួនវិញ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ យើងនិយាយយ៉ាងណាយើងនឹងធ្វើយ៉ាងនោះ» -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
អាន អេសេគាល 37
ស្ដាប់នូវ អេសេគាល 37
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: អេសេគាល 37:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ