អេសេគាល 28
28
ស្ដេចក្រុងទីរ៉ុសអស់រាជ្យ
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 2«កូនមនុស្សអើយ ចូរប្រាប់ស្ដេចក្រុងទីរ៉ុសថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកមានចិត្តព្រហើនណាស់ អ្នកហ៊ានថ្លែងថា “ខ្ញុំជាព្រះ! ខ្ញុំគង់លើបល្ល័ង្ករបស់ព្រះដែលស្ថិតនៅកណ្ដាលសមុទ្រ!”។ តាមពិត អ្នកជាមនុស្សសោះ គឺមិនមែនជាព្រះទេ តែអ្នកលើកខ្លួនឯងស្មើនឹងព្រះជាម្ចាស់។ 3អ្នកអួតខ្លួនថា មានប្រាជ្ញាជាងដានីយ៉ែល ហើយថាគ្មានការអ្វីលាក់កំបាំងចំពោះអ្នកឡើយ។ 4ដោយសារប្រាជ្ញា និងតម្រិះវៃឆ្លាត អ្នកប្រមូលទ្រព្យសម្បត្តិ មាស និងប្រាក់ យកមកទុកក្នុងឃ្លាំងរបស់ខ្លួន។ 5ដោយសារការប៉ិនប្រសប់ខាងធ្វើជំនួញ អ្នកបានបង្កើនទ្រព្យសម្បត្តិយ៉ាងសន្ធឹកសន្ធាប់ ហើយទ្រព្យសម្បត្តិទាំងនេះជំរុញឲ្យអ្នកអួតបំប៉ោង! 6ហេតុនេះហើយបានជាព្រះជាអម្ចាស់មានព្រះបន្ទូលថា: ដោយអ្នកលើកខ្លួនស្មើនឹងព្រះដូច្នេះ 7យើងនឹងនាំជនបរទេស ដែលកាចសាហាវក្នុងចំណោមប្រជាជាតិនានាមក ពួកគេនឹងហូតដាវបំផ្លាញស្នាដៃនៃប្រាជ្ញាដ៏វាងវៃរបស់អ្នក គេនឹងបន្ទាបបន្ថោក ព្រមទាំងបំផ្លាញភាពរុងរឿងរបស់អ្នកទៀតផង។ 8ពួកគេនឹងវាយទម្លាក់អ្នកទៅក្នុងរណ្ដៅ អ្នកនឹងត្រូវស្លាប់ ដោយគេចាក់ទម្លុះនៅកណ្ដាលសមុទ្រ។ 9នៅចំពោះមុខសត្រូវដែលប្រហារជីវិតអ្នក តើអ្នកនៅតែពោលថា “ខ្ញុំជាព្រះ” ទៀតបានឬ? ពេលអ្នកស្ថិតនៅក្នុងកណ្ដាប់ដៃរបស់ពេជ្ឈឃាត អ្នកនៅតែជាមនុស្សដដែល គឺមិនមែនជាព្រះទេ។ 10អ្នកនឹងត្រូវស្លាប់ដោយដៃជនបរទេស ដូចជនមិនស្គាល់ព្រះជាម្ចាស់ ដ្បិតយើងហើយដែលប្រកាសការនេះ» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
11 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា៖
12«កូនមនុស្សអើយ ចូរលើកបទទំនួញអំពីស្ដេចក្រុងទីរ៉ុស! ចូរប្រាប់ស្ដេចនោះថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: អ្នកជាគំរូពេញលក្ខណៈ អ្នកពោរពេញទៅដោយប្រាជ្ញាវាងវៃ ព្រមទាំងមានសម្ផស្សយ៉ាងល្អឥតខ្ចោះ។ 13អ្នកស្ថិតនៅស្រុកអេដែន ក្នុងឧទ្យានរបស់ព្រះជាម្ចាស់ដែលមានត្បូងគ្រប់មុខជាជញ្ជាំង គឺត្បូងទទឹម ត្បូងជម្ពូរ័ត្ន ត្បូងពេជ្រ ត្បូងប៊ុតលឿង ត្បូងដៃរគៀម ត្បូងមណីរ័ត្ន ត្បូងកណ្ដៀង ត្បូងនិលរ័ត្ន មរកត និងមាស។ មានស្គរ និងខ្លុយ នៅចាំលេងកំដរអ្នកជាស្រេច តាំងតែពីថ្ងៃដែលអ្នកកើតម៉្លេះ។ 14អ្នកជាចេរូប៊ីន*ត្រដាងស្លាប ដែលយើងបានតែងតាំងឲ្យការពារ យើងបានដាក់អ្នកនៅលើភ្នំរបស់យើង អ្នកដើរនៅកណ្ដាលថ្មដ៏ភ្លឺផ្លេក។ 15ចាប់តាំងពីថ្ងៃដែលយើងបង្កើតអ្នក រហូតមកដល់ថ្ងៃដែលគេឃើញភាពទុច្ចរិតនៅក្នុងអ្នក អ្នកធ្លាប់តែមានកិរិយាមារយាទល្អឥតខ្ចោះ។ 16ការរីកចម្រើននៃជំនួញរបស់អ្នក នាំឲ្យអ្នកពោរពេញដោយអំពើឃោរឃៅ និងអំពើបាប។ ហេតុនេះ យើងដេញអ្នកចុះពីភ្នំរបស់យើង ឲ្យអ្នកក្លាយទៅជាមនុស្សសាមញ្ញ។ ចេរូប៊ីនដែលជាអ្នកការពារអើយ យើងដេញអ្នកចេញពីចំណោមថ្មដ៏ភ្លឺផ្លេក។ 17អ្នកមានចិត្តព្រហើន ព្រោះតែរូបសម្បត្តិដ៏ល្អស្អាតរបស់ខ្លួន។ អ្នកបានធ្វើឲ្យខ្លួនអាប់ប្រាជ្ញា ព្រោះតែភាពរុងរឿងរបស់អ្នក។ យើងបោះអ្នកទៅដី យើងធ្វើទោសអ្នកឲ្យស្ដេចនានាឃើញ។ 18អ្នកបានបង្អាប់ទីសក្ការៈរបស់យើង ដោយសារអំពើបាបដ៏ច្រើនឥតគណនា និងដោយសារជំនួញដ៏ទុច្ចរិតរបស់អ្នក។ យើងនឹងធ្វើឲ្យមានភ្លើងចេញពីអ្នក ឆេះបន្សុសអ្នក យើងនឹងកម្ទេចអ្នកឲ្យទៅជាផេះនៅលើផែនដី ដើម្បីឲ្យមនុស្សម្នាបានឃើញ។ 19ជាតិសាសន៍នានាដែលស្គាល់អ្នកនឹងងឿងឆ្ងល់ ដោយឃើញអ្នកធ្លាក់ខ្លួនដូច្នេះ ពួកគេភ័យតក់ស្លុត ហើយអ្នកនឹងវិនាសបាត់បង់រហូតតទៅ!»។
ព្រះបន្ទូលស្ដីអំពីក្រុងស៊ីដូន
20 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 21«កូនមនុស្សអើយ ចូរបែរមុខទៅរកក្រុងស៊ីដូន ហើយថ្លែងពាក្យក្នុងនាមយើង ប្រឆាំងនឹងក្រុងនោះទៅ! 22ត្រូវពោលថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ក្រុងស៊ីដូនអើយ យើងប្រឆាំងនឹងអ្នកហើយ! យើងនឹងទទួលសិរីរុងរឿងនៅក្នុងអ្នក។ ពេលណាយើងសម្រេចការវិនិច្ឆ័យទោសក្រុងនេះហើយ មនុស្សម្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់ ហើយយើងនឹងសម្តែងឲ្យអ្នកក្រុងនេះឃើញថា យើងជាព្រះដ៏វិសុទ្ធ។ 23យើងនឹងធ្វើឲ្យជំងឺរាតត្បាតកើតមាននៅក្នុងទីក្រុង យើងនឹងធ្វើឲ្យឈាមហូរដាបនៅតាមដងផ្លូវ ខ្មាំងសត្រូវវាយប្រហារពីគ្រប់ទិសទី ធ្វើឲ្យពួកគេបរាជ័យ ដួលស្លាប់នៅក្នុងទីក្រុង ពេលនោះ គេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់”។
អ៊ីស្រាអែលនឹងទទួលព្រះពរ
24ក្នុងចំណោមប្រជាជាតិនានាដែលនៅជុំវិញ គ្មាននរណាមាក់ងាយកូនចៅអ៊ីស្រាអែល គឺគ្មាននរណាធ្វើបាបពួកគេឲ្យឈឺចាប់ ដូចមុតបន្លាទៀតឡើយ។ ពេលនោះ មនុស្សម្នានឹងទទួលស្គាល់ថា យើងពិតជាព្រះជាអម្ចាស់»។
25 ព្រះជាអម្ចាស់មានព្រះបន្ទូលថា៖ «នៅពេលយើងប្រមូលជនជាតិអ៊ីស្រាអែល ដែលយើងបានកម្ចាត់កម្ចាយ ទៅក្នុងចំណោមសាសន៍ទាំងឡាយនោះមកវិញ យើងនឹងសម្តែងឲ្យប្រជាជាតិនានាឃើញថា យើងជាព្រះដ៏វិសុទ្ធ។ ពួកគេនឹងរស់នៅលើទឹកដីរបស់ខ្លួន គឺទឹកដីដែលយើងបានប្រគល់ឲ្យយ៉ាកុប ជាអ្នកបម្រើរបស់យើង។ 26ពួកគេនឹងរស់នៅយ៉ាងសុខសាន្តលើទឹកដីនេះ ពួកគេនឹងសង់ផ្ទះ ហើយដាំទំពាំងបាយជូរ។ កាលណាយើងដាក់ទោសសាសន៍ទាំងប៉ុន្មាននៅជុំវិញ ដែលបានមាក់ងាយពួកគេរួចហើយ ពួកគេនឹងរស់នៅយ៉ាងសុខសាន្ត។ ពេលនោះ ពួកគេនឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់ ជាព្រះរបស់ពួកគេ»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 28: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.