អេសេគាល 27
27
ទំនួញស្ដីអំពីក្រុងទីរ៉ុស
1 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 2«កូនមនុស្សអើយ ចូរស្មូត្រទំនួញមួយបទស្ដីអំពីក្រុងទីរ៉ុស! 3ចូរពោលទៅកាន់ក្រុងទីរ៉ុស ដែលស្ថិតនៅមាត់សមុទ្រ ហើយធ្វើជំនួញជាមួយជាតិសាសន៍នៅតាមកោះនានាថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ:
ក្រុងទីរ៉ុសអើយ អ្នកពោលថា
“ខ្ញុំមានសម្រស់យ៉ាងល្អឥតខ្ចោះ”
4ព្រំប្រទល់របស់អ្នកលាតសន្ធឹងរហូត
ដល់កណ្ដាលសមុទ្រ
អស់អ្នកដែលសង់អ្នក បានផ្ដល់ឲ្យអ្នក
មានសម្រស់យ៉ាងល្អឥតខ្ចោះ។
5ពួកគេបានយកឈើដ៏មានតម្លៃពីភ្នំសេនៀរ
មកធ្វើជាជញ្ជាំងរបស់អ្នក
ហើយយកឈើតាត្រៅពីព្រៃលីបង់
មកធ្វើជាដងក្ដោងរបស់អ្នក។
6ពួកគេយកឈើម៉ៃសាក់ពីស្រុកបាសាន
មកធ្វើជាច្រវា
យកឈើគ្រញូងពីកោះគីទីម
មកក្រាលជាមួយភ្លុក ធ្វើកន្លែងអង្គុយ។
7ក្ដោងរបស់អ្នកធ្វើពីក្រណាត់ប៉ាក់ដ៏ល្អ
មកពីស្រុកអេស៊ីប
សម្រាប់ឲ្យអ្នកប្រើជាទង់ផង។
ដំបូលរបស់អ្នកធ្វើពីក្រណាត់ពណ៌ក្រហម
និងពណ៌ស្វាយមកពីកោះគីប្រុស។
8អ្នកក្រុងស៊ីដូន និងអ្នកក្រុងអើវ៉ាឌ ជាអ្នកចែវ
អ្នកឯកទេសនៃក្រុងទីរ៉ុសជានាយសំពៅ។
9ពួកចាស់ទុំពីស្រុកកេបាល
និងអ្នកឯកទេសរបស់ពួកគេជាជាងជួសជុល។
សំពៅសមុទ្រទាំងប៉ុន្មាន និងអ្នកដើរសំពៅ
បានចូលមកឈប់សំចតនៅក្នុងអ្នក
ដើម្បីលក់ដូរទំនិញ។
10អ្នកស្រុកពែរ្ស អ្នកស្រុកលូឌ និងអ្នកស្រុកពូត
នាំគ្នាមកបម្រើក្នុងជួរកងទ័ពរបស់អ្នក
ពួកគេជាអ្នកចម្បាំងរបស់អ្នក
ពួកគេព្យួរខែល និងមួកដែកនៅក្នុងអ្នក
ព្រមទាំងផ្ដល់ឲ្យអ្នកបានរុងរឿង។
11កូនចៅអើវ៉ាឌ និងពួកចម្បាំងរបស់អ្នក ស្ថិតនៅជុំវិញកំពែងរបស់អ្នក ហើយក៏មានទាហានយាមល្បាតនៅតាមទីតាំងទ័ពរបស់អ្នកដែរ។ ពួកគេព្យួរខែលនៅជុំវិញកំពែងរបស់អ្នក ធ្វើឲ្យសម្រស់របស់អ្នកបានល្អឥតខ្ចោះ។
ទីរ៉ុសជាក្រុងពាណិជ្ជកម្ម
12ស្រុកតើស៊ីសនាំគ្នាធ្វើជំនួញជាមួយអ្នក ពួកគេទិញរបស់របរដ៏សម្បូណ៌របស់អ្នក ពួកគេនាំប្រាក់ ដែក ស្ពាន់ និងសំណមកលក់ក្នុងផ្សាររបស់អ្នក។ 13ស្រុកយ៉ាវ៉ាន ទូបាល និងមេសេករកស៊ីជាមួយអ្នក ពួកគេយកទាសករ និងវត្ថុធ្វើពីលង្ហិន មកដូរយកទំនិញរបស់អ្នក។ 14អ្នកស្រុកតូការម៉ាយកសេះសម្រាប់ទឹម សេះចម្បាំង និងលាកាត់ មកលក់ក្នុងផ្សាររបស់អ្នក។ 15ប្រជាជននៅស្រុកដេដាន់រកស៊ីជាមួយអ្នក ជំនួញរវាងកោះនានាស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ្នក គេយកភ្លុក និងឈើគ្រញូង មកដូរទំនិញរបស់អ្នក។ 16ស្រុកស៊ីរីរកស៊ីជាមួយអ្នក ដោយទិញផលិតផលរបស់អ្នកមួយចំនួនធំ ហើយពួកគេក៏យកកែវមរកត ក្រណាត់ពណ៌ស្វាយ ក្រណាត់ប៉ាក់ ក្រណាត់ទេសឯកដ៏ម៉ដ្ដ ផ្កាថ្ម និងត្បូងមកលក់ក្នុងផ្សាររបស់អ្នកដែរ។ 17ស្រុកយូដា និងស្រុកអ៊ីស្រាអែល រកស៊ីជាមួយអ្នក ពួកគេយកស្រូវពីស្រុកមីនីត ម្សៅធ្វើនំ ទឹកឃ្មុំ ប្រេង និងជ័រ មកលក់ឲ្យអ្នក។ 18ក្រុងដាម៉ាសរកស៊ីជាមួយអ្នក ដោយទិញផលិតផលរបស់អ្នកមួយចំនួនធំ ពួកគេទិញរបស់របរដ៏សម្បូណ៌របស់អ្នក ហើយពួកគេក៏យកស្រាពីស្រុកហេលបូន និងរោមចៀមពណ៌ស មកលក់ឲ្យអ្នកដែរ។ 19ស្រុកវេដាន់ និងស្រុកយ៉ាវ៉ាន ចាប់តាំងពីស្រុកអូសាល់ រកស៊ីជាមួយអ្នក ពួកគេយកដែកថែប ព្រមទាំងកំញាន និងខ្លឹមចន្ទន៍មកលក់ឲ្យអ្នក។ 20ស្រុកដេដាន់ធ្វើជំនួញជាមួយអ្នក ដោយយកប្រដាប់ប្រដាសម្រាប់សេះចម្បាំងមកលក់ឲ្យអ្នក។ 21ស្រុកអារ៉ាប់ និងមេដឹកនាំទាំងប៉ុន្មាន នៅស្រុកកេដារ នាំគ្នាលក់ដូរជាមួយអ្នក។ ឈ្មួញពីស្រុកអ្នកយកកូនចៀម ចៀមឈ្មោល និងពពែឈ្មោល ទៅលក់នៅស្រុករបស់ពួកគេ។ 22អ្នកជំនួញពីស្រុកសេបា និងស្រុករ៉ាម៉ា រកស៊ីជាមួយអ្នក ពួកគេយកគ្រឿងក្រអូបដ៏មានតម្លៃ ព្រមទាំងត្បូង និងមាសគ្រប់ប្រភេទ មកលក់ឲ្យអ្នក។ 23ស្រុកខារ៉ាន កាណេ និងអេដែន អ្នកជំនួញពីស្រុកសេបា អាស្ស៊ីរី និងគីលម៉ាដ នាំគ្នារកស៊ីជាមួយអ្នក 24 ពួកគេលក់ដូររបស់ដ៏មានតម្លៃជាមួយអ្នក គឺមានអាវពណ៌ស្វាយ ក្រណាត់ប៉ាក់ ក្រណាត់គ្រប់ប្រភេទ និងខ្សែក្រង។
ទំនួញស្ដីអំពីក្រុងទីរ៉ុស (ត)
25សំពៅពីស្រុកតើស៊ីសដឹកជញ្ជូនទំនិញរបស់អ្នក
អ្នកមានទ្រព្យសម្បត្តិយ៉ាងច្រើនលើសលុប
ដូចសំពៅពេញទៅដោយទំនិញ
នៅកណ្ដាលសមុទ្រ។
26ពួកអ្នកចែវនាំអ្នកឲ្យធ្វើដំណើរ
នៅកណ្ដាលសមុទ្រ ស្រាប់តែមាន
ខ្យល់ពីទិសខាងកើត បក់មកកម្ទេចអ្នក។
27ទ្រព្យសម្បត្តិ ទំនិញ និងអីវ៉ាន់របស់អ្នក
ព្រមទាំងអ្នកដើរសំពៅ កម្មករសំពៅ
អ្នកជួសជុលសំពៅ អ្នកលក់ដូរ
និងទាហានចម្បាំងដែលនៅជាមួយអ្នក
គឺនៅថ្ងៃដែលអ្នកវិនាស
មនុស្សទាំងអស់ដែលស្ថិតនៅក្នុងអ្នក
ក៏នឹងត្រូវលិចលង់ទៅក្នុងសមុទ្រដែរ។
28ពេលឮសម្រែកស្លន់ស្លោរបស់កម្មករសំពៅ
ប្រជាជននៅតាមឆ្នេរសមុទ្រនាំគ្នាញ័ររន្ធត់
29អ្នកចែវសំពៅផ្សេងទៀត
នាំគ្នាចុះចេញពីសំពៅរបស់ខ្លួន
អ្នកដើរសំពៅ និងកម្មករសំពៅទាំងប៉ុន្មាន
នាំគ្នាឈរនៅលើគោក។
30ពួកគេនឹងបន្លឺសំឡេងស្រណោះអ្នក
ពួកគេសោយសោកយ៉ាងជូរចត់
ពួកគេរោយធូលីដីលើក្បាលរបស់ខ្លួន
ហើយដេកននៀលនៅក្នុងផេះ។
31ពួកគេកោរសក់កាន់ទុក្ខអ្នក ពួកគេស្លៀកបាវ
ហើយនាំគ្នាសោកសង្រេងយ៉ាងខ្លោចផ្សា
ដោយឈឺចាប់ក្នុងចិត្ត កើតទុក្ខស្រណោះអ្នក។
32ទុក្ខលំបាកជំរុញពួកគេឲ្យស្មូត្រទំនួញ
និងយំអាឡោះអាល័យអ្នក ទាំងពោលថា:
គ្មានក្រុងណាដូចក្រុងទីរ៉ុសទេ
គឺក្រុងនេះត្រូវវិនាសនៅកណ្ដាលសមុទ្រ!
33ពេលអ្នកដឹកទំនិញនៅតាមសមុទ្រ
ប្រជាជនជាច្រើនបានឆ្អែត។
ទ្រព្យសម្បត្តិ និងទំនិញដ៏បរិបូណ៌របស់អ្នក
បានធ្វើឲ្យស្ដេចជាច្រើននៅផែនដី
ក្លាយទៅជាអ្នកមាន។
34តែឥឡូវនេះ អ្នកវិនាសក្នុងសមុទ្រ
ទំនិញរបស់អ្នក ព្រមទាំងអស់អ្នកដែល
នៅក្នុងសំពៅជាមួយអ្នក
ក៏លិចលង់ដល់បាតសមុទ្រជាមួយអ្នកដែរ។
35ប្រជាជនទាំងអស់ដែលរស់នៅតាមកោះនានា
នឹងនាំគ្នាសោយសោក ព្រោះតែអ្នក
ស្ដេចរបស់ពួកគេនឹងភ័យញ័ររន្ធត់
ផ្ទៃមុខរបស់គេស្លេកស្លាំងអស់។
36អ្នកលក់ដូរក្នុងចំណោមប្រជាជាតិទាំងឡាយ
នាំគ្នាចំអកឲ្យអ្នក។
ពេលមនុស្សម្នាឃើញអ្នក គេភ័យតក់ស្លុត
ហើយអ្នកនឹងវិនាសបាត់បង់រហូតតទៅ!»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 27: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.