អេសេគាល 20
20
ទោះបីជនជាតិអ៊ីស្រាអែលបះបោរ ព្រះជាម្ចាស់នៅតែដឹកនាំពួកគេ
1នៅឆ្នាំទីប្រាំពីរ ថ្ងៃទីដប់នៃខែទីប្រាំ មានអ្នកខ្លះក្នុងចំណោមព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែល នាំគ្នាមកសួរព្រះអម្ចាស់ ពួកគេអង្គុយនៅមុខខ្ញុំ។ 2ពេលនោះ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖
3«កូនមនុស្សអើយ ចូរប្រាប់ព្រឹទ្ធាចារ្យរបស់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: “តើអ្នករាល់គ្នាមកនេះ ដើម្បីរកយើងទស្សន៍ទាយឲ្យឬ? អ្នករាល់គ្នានឹកស្មានថា យើងនឹងផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឬ? យើងជាព្រះដែលមានជីវិតគង់នៅ យើងនឹងមិនផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាជាដាច់ខាត” - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 4កូនមនុស្សអើយ ចូរវិនិច្ឆ័យពួកគេ ចូរវិនិច្ឆ័យពួកគេទៅ! ចូរប្រាប់ពួកគេឲ្យដឹងនូវអំពើគួរស្អប់ខ្ពើម ដែលដូនតារបស់ពួកគេបានប្រព្រឹត្ត។ 5 ចូរប្រាប់ពួកគេថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: នៅថ្ងៃយើងជ្រើសរើសជនជាតិអ៊ីស្រាអែល យើងបានលើកដៃសច្ចាចំពោះពូជពង្សរបស់លោកយ៉ាកុប ព្រមទាំងសម្តែងឲ្យពួកគេស្គាល់យើងនៅស្រុកអេស៊ីប។ យើងបានលើកដៃសច្ចាថា “យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។ 6នៅថ្ងៃនោះ យើងបានលើកដៃសច្ចាចំពោះពួកគេថា យើងនឹងនាំពួកគេចាកចេញពីស្រុកអេស៊ីប ឆ្ពោះទៅកាន់ស្រុកមួយ ដែលយើងជ្រើសរើសសម្រាប់ពួកគេ គឺជាស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។ 7យើងបានប្រាប់ពួកគេថា “ម្នាក់ៗត្រូវបោះបង់ចោលព្រះដ៏គួរស្អប់ខ្ពើម ដែលទាក់ទាញចិត្តអ្នករាល់គ្នា។ មិនត្រូវឲ្យខ្លួនទៅជាសៅហ្មង ដោយថ្វាយបង្គំព្រះរបស់ស្រុកអេស៊ីបឡើយ។ យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។
8ប៉ុន្តែ ពួកគេបះបោរប្រឆាំងនឹងយើង មិនព្រមស្ដាប់បង្គាប់យើងទេ គឺគ្មាននរណាម្នាក់លះបង់ចោលព្រះដ៏គួរស្អប់ខ្ពើម ដែលទាក់ទាញចិត្តពួកគេនោះឡើយ ហើយពួកគេក៏មិនព្រមបោះបង់ព្រះក្លែងក្លាយនៃស្រុកអេស៊ីបដែរ។ នៅស្រុកអេស៊ីបនោះ យើងមានបំណងដាក់ទោសពួកគេតាមកំហឹងរបស់យើង រហូតទាល់តែចប់ចុងចប់ដើម។ 9ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលពួកគេរស់នៅជាមួយ។ យើងបានសម្តែងឲ្យជនជាតិអ៊ីស្រាអែលស្គាល់យើង នៅចំពោះមុខប្រជាជាតិទាំងនោះ ដោយនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។ 10យើងនាំជនជាតិអ៊ីស្រាអែលចេញពីស្រុកអេស៊ីប ព្រមទាំងដឹកនាំពួកគេនៅវាលរហោស្ថានទៀតផង។ 11 យើងបានប្រគល់ច្បាប់ឲ្យពួកគេ និងនាំពួកគេឲ្យស្គាល់វិន័យរបស់យើង។ អ្នកណាប្រតិបត្តិតាម អ្នកនោះនឹងមានជីវិត។ 12 យើងក៏តាំងឲ្យមានថ្ងៃសប្ប័ទ*ទុកជាទីសម្គាល់សម្រាប់យើង និងពួកគេ ដើម្បីឲ្យពួកគេទទួលស្គាល់ថា យើងជាព្រះអម្ចាស់ដែលប្រោសពួកគេឲ្យវិសុទ្ធ*។
13នៅវាលរហោស្ថាន ប្រជាជនអ៊ីស្រាអែលនាំគ្នាបះបោរប្រឆាំងនឹងយើង។ ពួកគេពុំបានប្រតិបត្តិតាមច្បាប់របស់យើង ហើយក៏បដិសេធធ្វើតាមវិន័យរបស់យើង ដែលផ្ដល់ជីវិតឲ្យអស់អ្នកដែលប្រតិបត្តិតាម។ ពួកគេចេះតែរំលោភលើថ្ងៃសប្ប័ទរបស់យើងជានិច្ច។ យើងមានបំណងដាក់ទោសពួកគេ ដោយប្រល័យជីវិតពួកគេឲ្យវិនាសសូន្យ នៅវាលរហោស្ថាន តាមកំហឹងរបស់យើង។ 14ក៏ប៉ុន្តែ យើងមិនបានបំផ្លាញពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើងនៅចំពោះមុខប្រជាជាតិទាំងឡាយ ដែលបានឃើញយើងនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។ 15 នៅវាលរហោស្ថាន យើងក៏លើកដៃសច្ចាចំពោះពួកគេថា យើងនឹងមិននាំពួកគេចូលទៅក្នុងស្រុកដែលយើងបានប្រគល់ឲ្យពួកគេនោះឡើយ គឺស្រុកដ៏សម្បូណ៌សប្បាយ និងស្រុកដែលល្អស្អាតជាងគេទាំងអស់។ 16យើងធ្វើដូច្នេះ មកពីពួកគេមើលងាយវិន័យរបស់យើង មិនធ្វើតាមច្បាប់របស់យើង ព្រមទាំងរំលោភលើថ្ងៃសប្ប័ទរបស់យើងទៀតផង ពួកគេជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ខ្លួនជានិច្ច។ 17ប៉ុន្តែ យើងមានចិត្តអាណិតមេត្តាពួកគេ យើងពុំបានកម្ទេច និងប្រល័យជីវិតពួកគេ ឲ្យវិនាសសូន្យនៅវាលរហោស្ថានទេ។ 18យើងបានប្រាប់កូនចៅរបស់ពួកគេ នៅវាលរហោស្ថានថា “កុំធ្វើតាមច្បាប់ និងគោរពតាមវិន័យរបស់ដូនតាអ្នករាល់គ្នា ហើយក៏មិនត្រូវបណ្តោយឲ្យខ្លួនសៅហ្មង ព្រោះតែព្រះក្លែងក្លាយរបស់ពួកគេដែរ។ 19យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ចូរធ្វើតាមច្បាប់ និងគោរពពាក្យបង្គាប់របស់យើង គឺត្រូវប្រតិបត្តិតាមជានិច្ច។ 20ចូរចាត់ទុកថ្ងៃសប្ប័ទ*របស់យើងជាថ្ងៃដ៏វិសុទ្ធ ដ្បិតថ្ងៃសប្ប័ទនេះជាទីសម្គាល់សម្រាប់យើង និងអ្នករាល់គ្នា ដើម្បីរំឭកឲ្យដឹងថា យើងជាព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា”។
21ប៉ុន្តែ អ្នកទាំងនោះបានបះបោរប្រឆាំងនឹងយើងដែរ។ ពួកគេពុំធ្វើតាមច្បាប់របស់យើងទេ ពួកគេក៏ពុំបានគោរព និងប្រតិបត្តិតាមវិន័យរបស់យើង ដើម្បីឲ្យមានជីវិតដែរ។ ពួកគេរំលោភលើថ្ងៃសប្ប័ទរបស់យើង។ យើងមានបំណងដាក់ទោសពួកគេនៅវាលរហោស្ថាន តាមកំហឹងរបស់យើងទាល់តែអស់ចិត្ត។ 22ផ្ទុយទៅវិញ យើងបានដូរគំនិត គឺយើងមិនដាក់ទោសពួកគេទេ ដើម្បីកុំឲ្យអាប់កេរ្តិ៍ឈ្មោះរបស់យើង នៅចំពោះមុខប្រជាជាតិទាំងឡាយដែលបានឃើញយើងនាំអ៊ីស្រាអែលចាកចេញពីស្រុកអេស៊ីប។ 23 នៅក្នុងវាលរហោស្ថាននោះ យើងក៏បានលើកដៃសច្ចាថា យើងនឹងបំបែកពួកគេទៅក្នុងចំណោមប្រជាជាតិទាំងឡាយ ព្រមទាំងកម្ចាត់កម្ចាយពួកគេឲ្យទៅរស់នៅតាមស្រុកនានាទៀតផង 24ព្រោះពួកគេពុំបានធ្វើតាមបង្គាប់វិន័យរបស់យើង ហើយបោះបង់ចោលច្បាប់ និងរំលោភលើថ្ងៃសប្ប័ទរបស់យើង ព្រមទាំងជំពាក់ចិត្តនឹងព្រះក្លែងក្លាយរបស់ដូនតាខ្លួន។ 25ហេតុនេះ យើងក៏ប្រគល់ច្បាប់មិនល្អដល់ពួកគេ ហើយឲ្យពួកគេធ្វើតាមវិន័យ ដែលពុំផ្ដល់ឲ្យពួកគេមានជីវិត។ 26យើងធ្វើឲ្យពួកគេទៅជាសៅហ្មង ដោយសារតង្វាយរបស់ខ្លួន គឺនៅពេលគេយកកូនច្បងរបស់ខ្លួនទៅដុតជាយញ្ញបូជា។ យើងចង់ឲ្យពួកគេវិនាសហិនហោច ដើម្បីឲ្យពួកគេទទួលស្គាល់ ថាយើងពិតជាព្រះអម្ចាស់មែន។
27ហេតុនេះ កូនមនុស្សអើយ ចូរប្រាប់ជនជាតិអ៊ីស្រាអែលថា “ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ដូនតារបស់អ្នករាល់គ្នាចេះតែនាំគ្នាប្រមាថយើង ដោយក្បត់ចិត្តយើង។ 28យើងនាំពួកគេចូលទៅក្នុងទឹកដី ដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យពួកគេ។ ប៉ុន្តែ ពួកគេបែរជាផ្ដោតចិត្តទៅរកទួលខ្ពស់ៗ ព្រមទាំងដើមឈើទាំងប៉ុន្មានដែលមានស្លឹកពាសពេញ។ ពួកគេនាំគ្នាធ្វើយញ្ញបូជានៅទីនោះ ព្រមទាំងច្រួចស្រាបណ្ដាលឲ្យយើងខឹង។ ពួកគេសែនសំណែនដ៏មានក្លិនឈ្ងុយឈ្ងប់ និងច្រួចស្រាសែនព្រះក្លែងក្លាយ។ 29យើងបានសួរពួកគេថា តើទួលខ្ពស់ៗជាអ្វី បានជាអ្នករាល់គ្នាធ្វើដំណើរកាត់ពីឆ្ងាយទៅរកកន្លែងនោះ?”។ គេដាក់ឈ្មោះកន្លែងនោះថា “ទីសក្ការៈនៅតាមទួលខ្ពស់ៗ” រហូតមកទល់សព្វថ្ងៃ។
30ចូរថ្លែងប្រាប់ជនជាតិអ៊ីស្រាអែលថា ព្រះជាអម្ចាស់មានព្រះបន្ទូលដូចតទៅ: ហេតុអ្វីបានជាអ្នករាល់គ្នាធ្វើឲ្យខ្លួនសៅហ្មង ដោយប្រព្រឹត្តអំពើផិតក្បត់ជាមួយព្រះដ៏គួរស្អប់ខ្ពើម ដូចដូនតារបស់អ្នករាល់គ្នាយ៉ាងនេះ? 31អ្នករាល់គ្នាធ្វើឲ្យខ្លួនសៅហ្មង ដោយគោរពព្រះក្លែងក្លាយរបស់អ្នករាល់គ្នារហូតមកទល់សព្វថ្ងៃ។ អ្នករាល់គ្នាយកសំណែន និងយកកូនរបស់ខ្លួនទៅដុតជាយញ្ញបូជាសែនព្រះទាំងនោះ។ អ៊ីស្រាអែលអើយ តើអ្នករាល់គ្នាស្មានថា យើងផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឬ? ទេយើងមិនផ្ដល់ចម្លើយឲ្យអ្នករាល់គ្នាឡើយ។ យើងជាព្រះដែលមានជីវិតគង់នៅ! - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 32អ្នករាល់គ្នានឹកស្មានថាខ្លួនអាចគោរពថ្វាយបង្គំព្រះដែលធ្វើពីឈើ និងពីថ្ម ដូចប្រជាជាតិ និងជាតិសាសន៍នៅតាមស្រុកនានានោះឬ? ទេ ធ្វើដូច្នេះ មិនបានជាដាច់ខាត! 33យើងជាព្រះដែលមានជីវិតគង់នៅ -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់ - យើងនឹងគ្រងរាជ្យលើអ្នករាល់គ្នា យើងនឹងដាក់ទោសអ្នករាល់គ្នា ដោយឫទ្ធិបារមីដ៏ខ្លាំងក្លារបស់យើង។ 34យើងនឹងនាំអ្នករាល់គ្នាចេញពីក្នុងចំណោមជាតិសាសន៍ទាំងឡាយ យើងនឹងប្រមូលអ្នករាល់គ្នា ពីស្រុកដែលយើងកម្ចាត់កម្ចាយអ្នករាល់គ្នាឲ្យទៅនោះ ហើយយើងនឹងដាក់ទោសអ្នករាល់គ្នាដោយឫទ្ធិបារមីដ៏ខ្លាំងក្លារបស់យើង។ 35យើងនឹងនាំអ្នករាល់គ្នាទៅវាលរហោស្ថានដាច់ឡែកពីជាតិសាសន៍នានា នៅទីនោះ យើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា មុខទល់នឹងមុខ។ 36យើងនឹងវិនិច្ឆ័យទោសអ្នករាល់គ្នា ដូចយើងធ្លាប់វិនិច្ឆ័យទោសដូនតារបស់អ្នករាល់គ្នានៅវាលរហោស្ថានស្រុកអេស៊ីបដែរ - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ 37យើងនឹងដាក់អ្នករាល់គ្នានៅក្រោមអំណាចរបស់យើង ហើយបង្ខំអ្នករាល់គ្នាឲ្យគោរពតាមសម្ពន្ធមេត្រី។ 38យើងនឹងដកជនបះបោរ ព្រមទាំងអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតប្រឆាំងនឹងយើង ចេញពីចំណោមអ្នករាល់គ្នា។ យើងនឹងយកពួកគេចេញពីស្រុកដែលពួកគេទៅរស់នៅតែពួកគេ មិនវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញឡើយ។ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន»។
39រីឯអ្នករាល់គ្នាវិញ ជនជាតិអ៊ីស្រាអែលអើយ ព្រះជាអម្ចាស់មានព្រះបន្ទូលថា: «ទៅ! នាំគ្នាថ្វាយបង្គំព្រះក្លែងក្លាយរបស់អ្នករាល់គ្នារៀងៗខ្លួនទៅ! នៅពេលក្រោយ អ្នករាល់គ្នាត្រូវតែស្ដាប់បង្គាប់យើង អ្នករាល់គ្នានឹងលែងប្រមាថនាមរបស់យើង ដោយការសែនព្រេនព្រះក្លែងក្លាយទៀតហើយ 40ដ្បិតជនជាតិអ៊ីស្រាអែលទាំងមូលដែលរស់នៅក្នុងស្រុក នឹងគោរពបម្រើយើងនៅលើភ្នំដ៏វិសុទ្ធរបស់យើង គឺភ្នំដ៏ខ្ពស់នៅស្រុកអ៊ីស្រាអែល - នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នានៅលើភ្នំនោះ ព្រមទាំងទទួលតង្វាយផលដំបូង និងអ្វីៗផ្សេងទៀតដែលអ្នករាល់គ្នាញែកទុកសម្រាប់យើង។ 41កាលយើងនាំអ្នករាល់គ្នាចេញពីចំណោមជាតិសាសន៍ទាំងឡាយ កាលយើងប្រមូលអ្នករាល់គ្នាចេញពីស្រុក ដែលយើងបំបែកអ្នករាល់គ្នាឲ្យទៅនៅនោះមកវិញ យើងពេញចិត្តនឹងទទួលអ្នករាល់គ្នា ព្រមទាំងទទួលយញ្ញបូជាដ៏មានក្លិនឈ្ងុយឈ្ងប់។ ពេលនោះ យើងនឹងសម្តែងឲ្យប្រជាជាតិនានាឃើញថា យើងជាព្រះដ៏វិសុទ្ធ ដោយយើងប្រណីសន្ដោសអ្នករាល់គ្នា។ 42ពេលយើងនាំអ្នករាល់គ្នាវិលត្រឡប់ទៅកាន់ទឹកដីអ៊ីស្រាអែលវិញ គឺទឹកដីដែលយើងបានលើកដៃសច្ចាថា ប្រគល់ឲ្យដូនតារបស់អ្នករាល់គ្នា នោះអ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន។ 43នៅទីនោះ អ្នករាល់គ្នានឹងនឹកឃើញអំពីកិរិយាមារយាទ និងអំពើទាំងប៉ុន្មានដែលអ្នករាល់គ្នាបានធ្វើឲ្យខ្លួនសៅហ្មង អ្នករាល់គ្នានឹកខ្មាសខ្លួនឯង ព្រោះតែអំពើទុច្ចរិតដែលអ្នករាល់គ្នាបានប្រព្រឹត្ត។ 44ជនជាតិអ៊ីស្រាអែលអើយ យើងនឹងប្រព្រឹត្តចំពោះអ្នករាល់គ្នា ដោយយល់ដល់នាមយើងផ្ទាល់ គឺយើងមិនប្រព្រឹត្តតាមអំពើទុច្ចរិត និងអំពើអាក្រក់របស់អ្នករាល់គ្នាទេ ពេលនោះ អ្នករាល់គ្នានឹងទទួលស្គាល់ថា យើងពិតជាព្រះអម្ចាស់មែន» -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
ភ្លើងនៅស្រុកខាងត្បូង
45 ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំដូចតទៅ៖ 46«កូនមនុស្សអើយ ចូរបែរមុខទៅខាងត្បូង ហើយប្រកាសប្រឆាំងនឹងស្រុកខាងត្បូងទៅ! ចូរថ្លែងពាក្យក្នុងនាមយើងប្រឆាំងនឹងព្រៃនៅស្រុកខាងត្បូង! 47ត្រូវប្រាប់ព្រៃនៅស្រុកខាងត្បូងថា: ចូរស្ដាប់ព្រះបន្ទូលរបស់ព្រះអម្ចាស់! ព្រះជាអម្ចាស់មានព្រះបន្ទូលថា “យើងនឹងបង្កាត់ភ្លើងនៅក្នុងអ្នក ភ្លើងនេះឆាបឆេះដើមឈើស្រស់ និងដើមឈើងាប់ទាំងប៉ុន្មាន។ ភ្លើងនេះមិនរលត់ឡើយ មនុស្សទាំងអស់នឹងត្រូវរលាកភ្លើង តាំងពីអ្នកស្រុកខាងត្បូងរហូតដល់អ្នកស្រុកខាងជើង។ 48មនុស្សលោកទាំងអស់នឹងឃើញថា គឺយើងជាព្រះអម្ចាស់ដែលបានបង្កាត់ភ្លើងនេះ ហើយវានឹងមិនរលត់ឡើយ”»។ 49ខ្ញុំទូលព្រះអង្គថា៖ «បពិត្រព្រះជាអម្ចាស់ អ្នកទាំងនោះតែងតែពោលថា ទូលបង្គំជាអ្នកនិយាយពាក្យប្រស្នា»។
ទើបបានជ្រើសរើសហើយ៖
អេសេគាល 20: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.