អេសេគាល 13:1-18

អេសេគាល 13:1-18 គខប

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា៖ «កូន​មនុស្ស​អើយ! ចូរ​ថ្លែង​ព្រះ‌បន្ទូល ប្រឆាំង​នឹង​ពួក​ព្យាការី​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ចូរ​ប្រាប់​ពួក​ព្យាការី​ដែល​បាន​ទស្សន៍‌ទាយ​តាម​អំពើ​ចិត្ត​របស់​ខ្លួន​ថា: ចូរ​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!។ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: ព្យាការី​ល្ងី‌ល្ងើ​អើយ អ្នក​រាល់​គ្នា​ត្រូវ​វេទនា​ហើយ! អ្នក​រាល់​គ្នា​ទស្សន៍‌ទាយ​តាម​ការ​នឹក​ឃើញ​របស់​ខ្លួន គឺ​ឥត​បាន​ឃើញ​និមិត្ត‌ហេតុ​ពី​ព្រះ‌ជាម្ចាស់​ឡើយ។ ឱ​អ៊ីស្រា‌អែល​អើយ ព្យាការី​របស់​អ្នក​ប្រៀប​បាន​នឹង​កញ្ជ្រោង ដែល​រស់​នៅ​តាម​គំនរ​បាក់​បែក! ព្យាការី​ក្លែង‌ក្លាយ​អើយ អ្នក​រាល់​គ្នា​ពុំ​បាន​ឡើង​ទៅ​ជួស‌ជុល​កំពែង​ធ្លុះ‌ធ្លាយ អ្នក​រាល់​គ្នា​ពុំ​បាន​ធ្វើ​របង ដើម្បី​ឲ្យ​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ការពារ​ខ្លួន​ក្នុង​ពេល​មាន​សង្គ្រាម នៅ​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ព្រះ‌ពិរោធ ​ទេ។ អ្នក​រាល់​គ្នា​រៀប​រាប់​ពី​និមិត្ត‌ហេតុ​ឥត​បាន​ការ និង​ពាក្យ​ទស្សន៍‌ទាយ​បោក​ប្រាស់។ អ្នក​រាល់​គ្នា​តែង​ពោល​ថា “នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់” តែ​ព្រះ‌អម្ចាស់​ពុំ​បាន​ចាត់​អ្នក​រាល់​គ្នា​មក​ទេ។ អ្នក​រាល់​គ្នា​សង្ឃឹម​ថា ពាក្យ​របស់​ខ្លួន​នឹង​សម្រេច​ជា​រូប​រាង។ និមិត្ត‌ហេតុ​ដែល​អ្នក​រាល់​គ្នា​រៀប​រាប់​នោះ សុទ្ធ​តែ​ឥត​បាន​ការ ហើយ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​ទស្សន៍‌ទាយ​សុទ្ធ​តែ​កុហក! អ្នក​រាល់​គ្នា​តែង​ពោល​ថា “នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់!” តែ​យើង​ពុំ​បាន​និយាយ​ឡើយ»។ ហេតុ​នេះ ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «ដោយ​អ្នក​រាល់​គ្នា​ពោល​តែ​ពាក្យ​ឥត​បាន​ការ ហើយ​រៀប​រាប់​អំពី​និមិត្ត‌ហេតុ​កុហក យើង​នឹង​ដាក់​ទោស​អ្នក​រាល់​គ្នា -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ ពួក​ព្យាការី​ក្លែង‌ក្លាយ​អើយ យើង​នឹង​ប្រហារ​អ្នក​រាល់​គ្នា ព្រោះ​អ្នក​រាល់​គ្នា​រៀប​រាប់​អំពី​និមិត្ត‌ហេតុ​ឥត​បាន​ការ និង​ទស្សន៍‌ទាយ​បោក​ប្រាស់។ អ្នក​រាល់​គ្នា​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌ជន​របស់​យើង ហើយ​ក៏​គ្មាន​ឈ្មោះ​ក្នុង​បញ្ជី របស់​ពូជ‌ពង្ស​អ៊ីស្រា‌អែល​ដែរ អ្នក​រាល់​គ្នា​នឹង​មិន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី​អ៊ីស្រា‌អែល​វិញ​ឡើយ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌ជា‌អម្ចាស់​មែន។ ព្យាការី​ទាំង​នោះ​បាន​នាំ​ប្រជា‌ជន​របស់​យើង​ឲ្យ​វង្វេង ដោយ​ពោល​ថា មាន​សន្តិ‌ភាព​ហើយ! តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ។ ប្រជា‌ជន​របស់​យើង​សង់​ជញ្ជាំង ហើយ​ព្យាការី​ទាំង​នោះ​នាំ​គ្នា​បូក​បាយ‌អ​ពី​លើ។ ចូរ​ប្រកាស​ប្រាប់​អ្នក​បូក​បាយ​អ​ទាំង​នោះ​ថា: ជញ្ជាំង​នេះ​មុខ​ជា​រលំ​មិន​ខាន! ភ្លៀង​នឹង​បង្អុរ​មក​យ៉ាង​ខ្លាំង ព្រឹល​ក៏​ធ្លាក់​មក ហើយ​ខ្យល់​ព្យុះ​ក៏​កើត​មាន​ដែរ ពេល​នោះ ជញ្ជាំង​នឹង​រលំ​បាក់​បែក​អស់។ ពេល​ជញ្ជាំង​រលំ គេ​នឹង​សួរ​អ្នក​រាល់​គ្នា តើ​បាយ‌អ​ដែល​អ្នក​រាល់​គ្នា​បូក​នោះ​ទៅ​ណា​បាត់​ហើយ?»។ ហេតុ​នេះ​ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ «យើង​នឹង​ធ្វើ​ឲ្យ​មាន​ព្យុះ​បក់​បោក​មក តាម​កំហឹង​ដ៏​ខ្លាំង​ក្លា​របស់​យើង ហើយ​នឹង​មាន​ភ្លៀង​បង្អុរ​មក​យ៉ាង​ខ្លាំង តាម​កំហឹង​របស់​យើង ព្រឹល​នឹង​ធ្លាក់​ចុះ​មក​យ៉ាង​សាហាវ ធ្វើ​ឲ្យ​ជញ្ជាំង​រលំ។ យើង​នឹង​កម្ទេច​ជញ្ជាំង​ដែល​អ្នក​រាល់​គ្នា​បូក​បាយ‌អ​ពី​លើ យើង​នឹង​ធ្វើ​ឲ្យ​ជញ្ជាំង​នោះ​រលំ​ដល់​ដី គ្រឹះ​របស់​វា​នឹង​រលើង ហើយ​ជញ្ជាំង​រលំ​សង្កត់​លើ​អ្នក​រាល់​គ្នា។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ពិត​ជា​ព្រះ‌អម្ចាស់​មែន។ យើង​នឹង​ប្រព្រឹត្ត​ចំពោះ​ជញ្ជាំង​នោះ ព្រម​ទាំង​អស់​អ្នក​ដែល​បូក​បាយ‌អ តាម​កំហឹង​របស់​យើង រហូត​ដល់​ចប់​ចុង​ចប់​ដើម។ គេ​នឹង​ពោល​ថា: គ្មាន​ជញ្ជាំង គ្មាន​អ្នក​បូក​បាយ‌អ គ្មាន​ព្យាការី​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទស្សន៍‌ទាយ​អំពី​ក្រុង​យេរូ‌សាឡឹម និង​រៀប​រាប់​អំពី​និមិត្ត‌ហេតុ​ដែល​ថា​ក្រុង​នេះ​នឹង​មាន​សន្តិ‌ភាព តែ​គ្មាន​សន្តិ‌ភាព​សោះ! -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌ជា‌អម្ចាស់។ កូន​មនុស្ស​អើយ ចូរ​បែរ​មុខ​ទៅ​រក​ស្រីៗ​នៃ​ប្រជា‌ជន​របស់​អ្នក ដែល​ទស្សន៍‌ទាយ​តាម​អំពើ​ចិត្ត​របស់​ខ្លួន។ ចូរ​ថ្លែង​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​ស្រី​ទាំង​នោះ​ទៅ! ចូរ​ពោល​ទៅ​ពួក​គេ​ថា ព្រះ‌ជា‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: វេទនា​ហើយ​ស្រីៗ​ដែល​វេញ​អំបោះ​ឲ្យ​ប្រជា‌ជន​ទាំង​អស់​ពាក់​នៅ​ក​ដៃ និង​ដេរ​ឈ្នួត​ឲ្យ​ប្រជា‌ជន​គ្រប់​អាយុ​ពាក់​នៅ​លើ​ក្បាល ដើម្បី​ខាប​ព្រលឹង! ពួក​នាង​ខាប​ព្រលឹង​ប្រជា‌ជន​របស់​យើង ហើយ​នឹក​ស្មាន​ថា​អាច​រក្សា​ជីវិត​របស់​ខ្លួន​បាន​ឬ?