និក្ខមនំ 5:4-14

និក្ខមនំ 5:4-14 គខប

ស្ដេច​ស្រុក​អេស៊ីប​មាន​រាជ‌ឱង្ការ​មក​កាន់​លោក​ទាំង​ពីរ​ថា៖ «ម៉ូសេ និង​អើរ៉ុន ហេតុ​អ្វី​បាន​ជា​អ្នក​ទាំង​ពីរ​នាំ​អាទិ៍​ពួក​អ៊ីស្រា‌អែល​ឲ្យ​ឈប់​ធ្វើ​ការ​ដូច្នេះ? ចូរ​នាំ​គ្នា​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ទៅ!»។ ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា៖ «ឥឡូវ​នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​មាន​ចំនួន​ច្រើន​នៅ​ក្នុង​ស្រុក តើ​អ្នក​ទាំង​ពីរ​ចង់​ឲ្យ​គេ​ឈប់​ធ្វើ​ការ​ដូច​ម្ដេច​បាន?»។ នៅ​ថ្ងៃ​ដដែល​នោះ ព្រះចៅ​ផារ៉ោន​បាន​បញ្ជា​មេ​ត្រួត‌ត្រា​លើ​ប្រជា‌ជន និង​មេ​ក្រុម​ថា៖ «មិន​ត្រូវ​ផ្ដល់​ចំបើង​ឲ្យ​ពួក​អ៊ីស្រា‌អែល សម្រាប់​ធ្វើ​ដុំ​ឥដ្ឋ​ដូច​ពី​មុន​ទៀត​ទេ គឺ​ឲ្យ​ពួក​គេ​ទៅ​រក​ចំបើង​ដោយ​ខ្លួន​ឯង។ ប៉ុន្តែ ត្រូវ​បង្ខំ​ឲ្យ​គេ​ធ្វើ​ដុំ​ឥដ្ឋ​គ្រប់​ចំនួន​ដដែល កុំ​បន្ថយ​ចំនួន​ឡើយ។ ពួក​គេ​សុទ្ធ​តែ​ជា​មនុស្ស​ខ្ជិល ហេតុ​នេះ​ហើយ​បាន​ជា​គេ​ទាម‌ទារ​សុំ​ចេញ​ទៅ​ថ្វាយ​យញ្ញ‌បូជា ដល់​ព្រះ​របស់​ពួក​គេ។ ត្រូវ​ដាក់​ការ‌ងារ​ឲ្យ​ពួក​គេ​ធ្វើ​កាន់​តែ​ធ្ងន់‌ធ្ងរ​ថែម​ទៀត ដើម្បី​កុំ​ឲ្យ​ពួក​គេ​មាន​ពេល​គិត​អំពី​ការ​ភូត‌ភរ​បាន​ឡើយ»។ ពួក​មេ​ត្រួត‌ត្រា​លើ​ប្រជា‌ជន និង​ពួក​មេ​ក្រុម ពោល​មក​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ៖ «ព្រះចៅ​ផារ៉ោន​មាន​រាជ‌ឱង្ការ​ថា: យើង​ឈប់​ផ្ដល់​ចំបើង​ឲ្យ​អ្នក​រាល់​គ្នា​ទៀត​ហើយ។ អ្នក​រាល់​គ្នា​ត្រូវ​ចេញ​ទៅ​រក​ចំបើង​ខ្លួន​ឯង​ផ្ទាល់ នៅ​កន្លែង​ណា​ដែល​អាច​រក​បាន ប៉ុន្តែ កុំ​បន្ថយ​ចំនួន​ដុំ​ឥដ្ឋ​ឡើយ»។ ដូច្នេះ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​អស់​ចេញ​ទៅ​គ្រប់​កន្លែង ក្នុង​ស្រុក​អេស៊ីប ដើម្បី​ប្រមូល​ជញ្ជ្រាំង​មក​ប្រើ​ជំនួស​ចំបើង។ ពួក​មេ​ត្រួត‌ត្រា​ដាក់​កំហិត​ប្រជា‌ជន​ថា៖ «ត្រូវ​បង្ហើយ​ការ‌ងារ​ប្រចាំ​ថ្ងៃ​ឲ្យ​បាន​គ្រប់​ចំនួន​ដូច​ពី​មុន ក្នុង​ពេល​ដែល​អ្នក​រាល់​គ្នា​មាន​ចំបើង»។ មេ​ត្រួត‌ត្រា​ទាំង​នោះ​វាយ​ពួក​មេ​ក្រុម​អ៊ីស្រា‌អែល ដែល​ខ្លួន​បាន​តែង‌តាំង ព្រម​ទាំង​ស្ដី​បន្ទោស​ថា៖ «ប៉ុន្មាន​ថ្ងៃ​នេះ ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​មិន​ផលិត​ដុំ​ឥដ្ឋ​គ្រប់​ចំនួន ដូច​កាល​ពី​មុន?»។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ