លោកទាំងពីរទូលស្ដេចទៀតថា៖ «ព្រះនៃជនជាតិហេប្រឺបានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ។ បើយើងខ្ញុំមិនទៅទេ ព្រះអង្គនឹងប្រហារយើងខ្ញុំដោយជំងឺ ឬដោយមុខដាវ»។ ស្ដេចស្រុកអេស៊ីបមានរាជឱង្ការមកកាន់លោកទាំងពីរថា៖ «ម៉ូសេ និងអើរ៉ុន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍ពួកអ៊ីស្រាអែលឲ្យឈប់ធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!»។ ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «ឥឡូវនេះ ប្រជាជនអ៊ីស្រាអែលមានចំនួនច្រើននៅក្នុងស្រុក តើអ្នកទាំងពីរចង់ឲ្យគេឈប់ធ្វើការដូចម្ដេចបាន?»។ នៅថ្ងៃដដែលនោះ ព្រះចៅផារ៉ោនបានបញ្ជាមេត្រួតត្រាលើប្រជាជន និងមេក្រុមថា៖ «មិនត្រូវផ្ដល់ចំបើងឲ្យពួកអ៊ីស្រាអែល សម្រាប់ធ្វើដុំឥដ្ឋដូចពីមុនទៀតទេ គឺឲ្យពួកគេទៅរកចំបើងដោយខ្លួនឯង។ ប៉ុន្តែ ត្រូវបង្ខំឲ្យគេធ្វើដុំឥដ្ឋគ្រប់ចំនួនដដែល កុំបន្ថយចំនួនឡើយ។ ពួកគេសុទ្ធតែជាមនុស្សខ្ជិល ហេតុនេះហើយបានជាគេទាមទារសុំចេញទៅថ្វាយយញ្ញបូជា ដល់ព្រះរបស់ពួកគេ។ ត្រូវដាក់ការងារឲ្យពួកគេធ្វើកាន់តែធ្ងន់ធ្ងរថែមទៀត ដើម្បីកុំឲ្យពួកគេមានពេលគិតអំពីការភូតភរបានឡើយ»។ ពួកមេត្រួតត្រាលើប្រជាជន និងពួកមេក្រុម ពោលមកកាន់ជនជាតិអ៊ីស្រាអែលដូចតទៅ៖ «ព្រះចៅផារ៉ោនមានរាជឱង្ការថា: យើងឈប់ផ្ដល់ចំបើងឲ្យអ្នករាល់គ្នាទៀតហើយ។ អ្នករាល់គ្នាត្រូវចេញទៅរកចំបើងខ្លួនឯងផ្ទាល់ នៅកន្លែងណាដែលអាចរកបាន ប៉ុន្តែ កុំបន្ថយចំនួនដុំឥដ្ឋឡើយ»។ ដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងអស់ចេញទៅគ្រប់កន្លែង ក្នុងស្រុកអេស៊ីប ដើម្បីប្រមូលជញ្ជ្រាំងមកប្រើជំនួសចំបើង។ ពួកមេត្រួតត្រាដាក់កំហិតប្រជាជនថា៖ «ត្រូវបង្ហើយការងារប្រចាំថ្ងៃឲ្យបានគ្រប់ចំនួនដូចពីមុន ក្នុងពេលដែលអ្នករាល់គ្នាមានចំបើង»។ មេត្រួតត្រាទាំងនោះវាយពួកមេក្រុមអ៊ីស្រាអែល ដែលខ្លួនបានតែងតាំង ព្រមទាំងស្ដីបន្ទោសថា៖ «ប៉ុន្មានថ្ងៃនេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនផលិតដុំឥដ្ឋគ្រប់ចំនួន ដូចកាលពីមុន?»។ មេក្រុមអ៊ីស្រាអែលនាំគ្នាទៅតវ៉ាព្រះចៅផារ៉ោនថា៖ «ហេតុអ្វីបានជាព្រះករុណាធ្វើបាបទូលបង្គំទាំងអស់គ្នាដូច្នេះ? គេមិនបានផ្ដល់ចំបើងឲ្យពួកទូលបង្គំទេ ហើយគេបញ្ជាឲ្យពួកទូលបង្គំធ្វើដុំឥដ្ឋគ្រប់ចំនួន ព្រមទាំងវាយពួកទូលបង្គំទៀតផង។ ប្រជារាស្ដ្ររបស់ព្រះករុណាខុសហើយ!»។ ព្រះចៅផារ៉ោនឆ្លើយថា៖ «អ្នករាល់គ្នាសុទ្ធតែជាមនុស្សខ្ជិល មនុស្សច្រអូស! ហេតុនេះហើយបានជាអ្នករាល់គ្នាពោលថា “សូមអនុញ្ញាតឲ្យយើងខ្ញុំ ចេញទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់”!។ ឥឡូវនេះ ចូរនាំគ្នាទៅធ្វើការវិញទៅ។ យើងគ្មានចំបើងឲ្យទេ ប៉ុន្តែ ត្រូវធ្វើដុំឥដ្ឋឲ្យបានគ្រប់ចំនួន»។ កាលឮថា គេមិនបន្ថយចំនួនដុំឥដ្ឋដែលត្រូវផលិតប្រចាំថ្ងៃទេនោះ ពួកមេក្រុមអ៊ីស្រាអែលដឹងថា ខ្លួនធ្លាក់ក្នុងស្ថានភាពលំបាកវេទនាហើយ។ ពេលចេញពីគាល់ព្រះចៅផារ៉ោនវិញ ពួកគេមករកលោកម៉ូសេ និងលោកអើរ៉ុន ដែលកំពុងតែរង់ចាំពួកគេ។ ពួកគេពោលទៅកាន់លោកទាំងពីរថា៖ «សូមព្រះអម្ចាស់ទតមើល ហើយដាក់ទោសលោកទាំងពីរចុះ! លោកទាំងពីរធ្វើឲ្យព្រះចៅផារ៉ោន និងពួកមន្ត្រីទាំងអស់ស្អប់ពួកយើង។ លោកទាំងពីរបានហុចដាវទៅឲ្យពួកគេសម្លាប់យើង»។ លោកម៉ូសេបែរទៅរកព្រះអម្ចាស់ ទូលថា៖ «ព្រះអម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គធ្វើបាបប្រជាជននេះ? ហេតុអ្វីបានជាព្រះអង្គចាត់ទូលបង្គំឲ្យមក? តាំងពីទូលបង្គំបានទៅគាល់ព្រះចៅផារ៉ោន ក្នុងព្រះនាមរបស់ព្រះអង្គមក ស្ដេចនោះបានធ្វើបាបប្រជាជននេះ តែព្រះអង្គមិនបានរំដោះប្រជារាស្ដ្ររបស់ព្រះអង្គសោះ»។
អាន និក្ខមនំ 5
ស្ដាប់នូវ និក្ខមនំ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 5:3-23
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ