បន្ទាប់មក លោកម៉ូសេ និងលោកអើរ៉ុនចូលទៅគាល់ព្រះចៅផារ៉ោន ហើយទូលថា៖ «ព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល មានព្រះបន្ទូលដូចតទៅនេះ: ចូរអនុញ្ញាតឲ្យប្រជារាស្ដ្រយើង ចេញទៅធ្វើពិធីបុណ្យគោរពយើងនៅវាលរហោស្ថាន»។ ព្រះចៅផារ៉ោនតបថា៖ «តើព្រះអម្ចាស់ជានរណាបានជាយើងត្រូវស្ដាប់តាម ហើយអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅនោះ? យើងមិនស្គាល់ព្រះអម្ចាស់ទេ យើងមិនអនុញ្ញាតឲ្យពួកអ៊ីស្រាអែលចេញទៅឡើយ»។ លោកទាំងពីរទូលស្ដេចទៀតថា៖ «ព្រះនៃជនជាតិហេប្រឺបានមកជួបយើងខ្ញុំ។ ឥឡូវនេះ សូមអនុញ្ញាតឲ្យយើងខ្ញុំចេញទៅវាលរហោស្ថាន ចម្ងាយផ្លូវដើរបីថ្ងៃ ដើម្បីធ្វើយញ្ញបូជាថ្វាយព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ។ បើយើងខ្ញុំមិនទៅទេ ព្រះអង្គនឹងប្រហារយើងខ្ញុំដោយជំងឺ ឬដោយមុខដាវ»។ ស្ដេចស្រុកអេស៊ីបមានរាជឱង្ការមកកាន់លោកទាំងពីរថា៖ «ម៉ូសេ និងអើរ៉ុន ហេតុអ្វីបានជាអ្នកទាំងពីរនាំអាទិ៍ពួកអ៊ីស្រាអែលឲ្យឈប់ធ្វើការដូច្នេះ? ចូរនាំគ្នាត្រឡប់ទៅធ្វើការវិញទៅ!»។ ព្រះចៅផារ៉ោនមានរាជឱង្ការថា៖ «ឥឡូវនេះ ប្រជាជនអ៊ីស្រាអែលមានចំនួនច្រើននៅក្នុងស្រុក តើអ្នកទាំងពីរចង់ឲ្យគេឈប់ធ្វើការដូចម្ដេចបាន?»។ នៅថ្ងៃដដែលនោះ ព្រះចៅផារ៉ោនបានបញ្ជាមេត្រួតត្រាលើប្រជាជន និងមេក្រុមថា៖ «មិនត្រូវផ្ដល់ចំបើងឲ្យពួកអ៊ីស្រាអែល សម្រាប់ធ្វើដុំឥដ្ឋដូចពីមុនទៀតទេ គឺឲ្យពួកគេទៅរកចំបើងដោយខ្លួនឯង។ ប៉ុន្តែ ត្រូវបង្ខំឲ្យគេធ្វើដុំឥដ្ឋគ្រប់ចំនួនដដែល កុំបន្ថយចំនួនឡើយ។ ពួកគេសុទ្ធតែជាមនុស្សខ្ជិល ហេតុនេះហើយបានជាគេទាមទារសុំចេញទៅថ្វាយយញ្ញបូជា ដល់ព្រះរបស់ពួកគេ។ ត្រូវដាក់ការងារឲ្យពួកគេធ្វើកាន់តែធ្ងន់ធ្ងរថែមទៀត ដើម្បីកុំឲ្យពួកគេមានពេលគិតអំពីការភូតភរបានឡើយ»។ ពួកមេត្រួតត្រាលើប្រជាជន និងពួកមេក្រុម ពោលមកកាន់ជនជាតិអ៊ីស្រាអែលដូចតទៅ៖ «ព្រះចៅផារ៉ោនមានរាជឱង្ការថា: យើងឈប់ផ្ដល់ចំបើងឲ្យអ្នករាល់គ្នាទៀតហើយ។ អ្នករាល់គ្នាត្រូវចេញទៅរកចំបើងខ្លួនឯងផ្ទាល់ នៅកន្លែងណាដែលអាចរកបាន ប៉ុន្តែ កុំបន្ថយចំនួនដុំឥដ្ឋឡើយ»។ ដូច្នេះ ប្រជាជនអ៊ីស្រាអែលទាំងអស់ចេញទៅគ្រប់កន្លែង ក្នុងស្រុកអេស៊ីប ដើម្បីប្រមូលជញ្ជ្រាំងមកប្រើជំនួសចំបើង។ ពួកមេត្រួតត្រាដាក់កំហិតប្រជាជនថា៖ «ត្រូវបង្ហើយការងារប្រចាំថ្ងៃឲ្យបានគ្រប់ចំនួនដូចពីមុន ក្នុងពេលដែលអ្នករាល់គ្នាមានចំបើង»។ មេត្រួតត្រាទាំងនោះវាយពួកមេក្រុមអ៊ីស្រាអែល ដែលខ្លួនបានតែងតាំង ព្រមទាំងស្ដីបន្ទោសថា៖ «ប៉ុន្មានថ្ងៃនេះ ហេតុអ្វីបានជាអ្នករាល់គ្នាមិនផលិតដុំឥដ្ឋគ្រប់ចំនួន ដូចកាលពីមុន?»។ មេក្រុមអ៊ីស្រាអែលនាំគ្នាទៅតវ៉ាព្រះចៅផារ៉ោនថា៖ «ហេតុអ្វីបានជាព្រះករុណាធ្វើបាបទូលបង្គំទាំងអស់គ្នាដូច្នេះ? គេមិនបានផ្ដល់ចំបើងឲ្យពួកទូលបង្គំទេ ហើយគេបញ្ជាឲ្យពួកទូលបង្គំធ្វើដុំឥដ្ឋគ្រប់ចំនួន ព្រមទាំងវាយពួកទូលបង្គំទៀតផង។ ប្រជារាស្ដ្ររបស់ព្រះករុណាខុសហើយ!»។ ព្រះចៅផារ៉ោនឆ្លើយថា៖ «អ្នករាល់គ្នាសុទ្ធតែជាមនុស្សខ្ជិល មនុស្សច្រអូស! ហេតុនេះហើយបានជាអ្នករាល់គ្នាពោលថា “សូមអនុញ្ញាតឲ្យយើងខ្ញុំ ចេញទៅថ្វាយយញ្ញបូជាដល់ព្រះអម្ចាស់”!។ ឥឡូវនេះ ចូរនាំគ្នាទៅធ្វើការវិញទៅ។ យើងគ្មានចំបើងឲ្យទេ ប៉ុន្តែ ត្រូវធ្វើដុំឥដ្ឋឲ្យបានគ្រប់ចំនួន»។
អាន និក្ខមនំ 5
ស្ដាប់នូវ និក្ខមនំ 5
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 5:1-18
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ