និក្ខមនំ 31

31
អ្នក​បម្រើ​ក្នុង​ទីសក្ការៈ
1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 2«យើង​បាន​ជ្រើស‌រើស​បេតសា‌លាល ជា​កូន​របស់​យូរី និង​ជា​ចៅ​របស់​ហ៊ើរ ក្នុង​កុល‌សម្ព័ន្ធ​យូដា។ 3យើង​បាន​ធ្វើ​ឲ្យ​គាត់​ពោរ‌ពេញ​ដោយ​ព្រះ‌វិញ្ញាណ​របស់​យើង ដើម្បី​ឲ្យ​គាត់​មាន​ប្រាជ្ញា​ឆ្លាត​វាង‌វៃ ចេះ​ធ្វើ​គ្រប់​កិច្ចការ 4គឺ​គាត់​ចេះ​លើក​គម្រោង ហើយ​ជា​ជាង​មាស ជាង​ប្រាក់ និង​ជាង​លង្ហិន 5ចេះ​ឆ្នៃ និង​ដាំ​ត្បូង ចេះ​ឆ្លាក់​ឈើ។ សរុប​មក គាត់​ចេះ​ធ្វើ​ការ‌ងារ​គ្រប់​មុខ។ 6យើង​ក៏​បាន​តែង‌តាំង​អូហូ‌លីអាប់ ជា​កូន​របស់​អហ៊ី‌សាម៉ាក ពី​កុល‌សម្ព័ន្ធ​ដាន់​ឲ្យ​ជួយ​គាត់​ដែរ។ យើង​ឲ្យ​សិប្បករ​ឯ​ទៀតៗ​មាន​ប្រាជ្ញា ដើម្បី​បំពេញ​ការ‌ងារ​ទាំង​អស់​ដែល​យើង​បាន​បង្គាប់​ឲ្យ​អ្នក​ធ្វើ 7គឺ​ធ្វើ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហិប​ដាក់​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា គម្រប​ហិប និង​គ្រឿង​បរិក្ខារ​ទាំង​អស់ សម្រាប់​ប្រើ‌ប្រាស់​នៅ​ក្នុង​ពន្លា 8តុ និង​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​តុ ជើង​ចង្កៀង​ធ្វើ​អំពី​មាស​សុទ្ធ និង​គ្រឿង​បរិក្ខារ សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​ជើង​ចង្កៀង អាសនៈ​ដុត​គ្រឿង​ក្រអូប 9អាសនៈ​សម្រាប់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល និង​គ្រឿង​បរិក្ខារ​សម្រាប់​ប្រើ‌ប្រាស់​ជា​មួយ​អាសនៈ អាង​ទឹក និង​កំណល់។ 10សម្លៀក‌បំពាក់​សម្រាប់​ពិធី​បុណ្យ គឺ​សម្លៀក‌បំពាក់​សក្ការៈ​របស់​បូជា‌ចារ្យ​អើរ៉ុន និង​សម្លៀក‌បំពាក់​កូន​ប្រុស​គាត់ សម្រាប់​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ។ 11ប្រេង​សម្រាប់​ប្រើ​ក្នុង​ពិធី​លាប​ប្រេង និង​គ្រឿង​ក្រអូប​សម្រាប់​ដុត​នៅ​ទីសក្ការៈ។ ពួក​សិប្បករ​នឹង​ធ្វើ​ការ​ទាំង​អស់ ដូច​យើង​បាន​បង្គាប់»។
ថ្ងៃ​សប្ប័ទ*
12 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ 13«ចូរ​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ: ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ​របស់​យើង​ឲ្យ​បាន​ដិត‌ដល់ ដ្បិត​ថ្ងៃ​សប្ប័ទ​ជា​ទី​សម្គាល់​នៃ​ទំនាក់‌ទំនង​រវាង​យើង នឹង​អ្នក​រាល់​គ្នា គ្រប់​ជំនាន់​ត​រៀង​ទៅ ព្រម​ទាំង​រំឭក​ឲ្យ​ដឹង​ថា យើង​ជា​ព្រះ‌អម្ចាស់ ដែល​បាន​ញែក​អ្នក​រាល់​គ្នា​ជា​ប្រជា‌រាស្ត្រ​ដ៏វិសុទ្ធ​របស់​យើង។ 14ដូច្នេះ ចូរ​គោរព​ថ្ងៃ​សប្ប័ទ និង​ចាត់​ទុក​ថ្ងៃ​នោះ​ជា​ថ្ងៃ​ដ៏​សក្ការៈ។ អ្នក​ណា​មិន​គោរព​ថ្ងៃ​សប្ប័ទ​ទុក​ជា​សក្ការៈ អ្នក​នោះ​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត ហើយ​អស់​អ្នក​ដែល​ធ្វើ​ការ‌ងារ​នៅ​ថ្ងៃ​នោះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន។ 15 ក្នុង​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ អ្នក​រាល់​គ្នា​អាច​ធ្វើ​ការ​បាន ប៉ុន្តែ ថ្ងៃ​ទី​ប្រាំ‌ពីរ​ជា​ថ្ងៃ​សប្ប័ទ គឺ​ថ្ងៃ​សម្រាក​ដែល​ត្រូវ​ញែក​ទុក​ជា​ថ្ងៃ​សក្ការៈ ថ្វាយ​ព្រះ‌អម្ចាស់។ អស់​អ្នក​ដែល​ធ្វើ​ការ​នៅ​ថ្ងៃ​សប្ប័ទ​នឹង​ត្រូវ​គេ​ប្រហារ​ជីវិត។ 16ជន‌ជាតិ​អ៊ីស្រា‌អែល​ត្រូវ​តែ​គោរព​ថ្ងៃ​សប្ប័ទ ពួក​គេ​ត្រូវ​ចាត់​ទុក​ថ្ងៃ​សប្ប័ទ​ជា​ទី​សម្គាល់​នៃ​សម្ពន្ធ‌មេត្រី​ជានិច្ច​និរន្តរ៍ គ្រប់​ជំនាន់​ត​រៀង​ទៅ។ 17 ថ្ងៃ​សប្ប័ទ​ជា​ទី​សម្គាល់​នៃ​ទំនាក់‌ទំនង​រវាង​យើង​នឹង​ប្រជា‌ជន​អ៊ីស្រា‌អែល ជានិច្ច​និរន្តរ៍ ដ្បិត​យើង​ជា​ព្រះ‌អម្ចាស់​បាន​បង្កើត​ផ្ទៃ​មេឃ និង​ផែនដី​អស់​រយៈ​ពេល​ប្រាំ​មួយ​ថ្ងៃ ហើយ​នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ យើង​ឈប់​ធ្វើ​ការ ហើយ​សម្រាក»។
18ពេល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ នៅ​លើ​ភ្នំ​ស៊ីណៃ​ចប់​សព្វ​គ្រប់​ហើយ ព្រះអង្គ​បាន​ប្រគល់​បន្ទះ​ថ្ម​ទាំង​ពីរ ជា​សន្ធិ‌សញ្ញា គឺ​បន្ទះ​ថ្ម​ដែល​ព្រះអង្គ​បាន​សរសេរ​ដោយ​ព្រះអង្គុលី​របស់​ព្រះអង្គ​ផ្ទាល់ មក​លោក​ម៉ូសេ។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 31: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ