និក្ខមនំ 3:1-9

និក្ខមនំ 3:1-9 គខប

លោក​ម៉ូសេ​ឃ្វាល​ហ្វូង​សត្វ​របស់​លោក​យេត្រូ ជា​ឪពុក​ក្មេក​របស់​លោក និង​ជា​បូជា‌ចារ្យ​នៅ​ស្រុក​ម៉ាឌាន។ លោក​នាំ​ហ្វូង​សត្វ​ទៅ​ខាង​នាយ​វាល​រហោ‌ស្ថាន រហូត​ដល់​ភ្នំ​ហោរែប ជា​ភ្នំ​របស់​ព្រះ‌ជាម្ចាស់។ នៅ​ទី​នោះ ទេវតា*​របស់​ព្រះ‌អម្ចាស់​បង្ហាញ​ខ្លួន​ក្នុង​អណ្ដាត​ភ្លើង ដែល​ឆេះ​ចេញ​ពី​កណ្ដាល​គុម្ពោត ឲ្យ​លោក​ឃើញ។ លោក​ឃើញ​ភ្លើង​ចេញ​ពី​គុម្ពោត តែ​គុម្ពោត​មិន​ឆេះ​ទេ។ លោក​ម៉ូសេ​ក៏​គិត​ថា៖ «ខ្ញុំ​នឹង​ឆៀង​ទៅ​មើល​អព្ភូត‌ហេតុ​នេះ ហេតុ​អ្វី​បាន​ជា​គុម្ពោត​មិន​ឆេះ?»។ ព្រះ‌អម្ចាស់​ឃើញ​លោក​ម៉ូសេ​ឆៀង​ចូល​មក​ជិត​ដូច្នេះ ព្រះអង្គ​ហៅ​លោក​ពី​ក្នុង​គុម្ពោត​ថា៖ «ម៉ូសេ​អើយ! ម៉ូសេ!»។ លោក​ម៉ូសេ​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល!»។ ព្រះអង្គ​មាន​ព្រះ‌បញ្ជា​ថា៖ «កុំ​មក​ជិត​កន្លែង​នេះ! ចូរ​ដោះ​ស្បែក​ជើង​ចេញ ដ្បិត​កន្លែង​ដែល​អ្នក​ឈរ​នេះ​ជា​ដី​ដ៏វិសុទ្ធ។ យើង​ជា​ព្រះ​ដែល​ឪពុក​អ្នក​តែង​គោរព​បម្រើ គឺ​ព្រះ​របស់​អប្រាហាំ អ៊ីសាក និង​យ៉ាកុប»។ លោក​ម៉ូសេ​ខ្ទប់​មុខ ព្រោះ​មិន​ហ៊ាន​មើល​ព្រះ‌ជាម្ចាស់។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «យើង​បាន​ឃើញ​ទុក្ខ​លំបាក​របស់​ប្រជា‌រាស្ត្រ​យើង​នៅ​ស្រុក​អេស៊ីប យើង​ក៏​បាន​ឮ​សម្រែក​របស់​គេ ព្រោះ​តែ​មេ​ត្រួត‌ត្រា​វាយ‌ដំ​ដែរ។ យើង​ដឹង​អំពី​ទុក្ខ​វេទនា​របស់​ពួក​គេ​ហើយ។ ដូច្នេះ យើង​ចុះ​មក ដើម្បី​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អេស៊ីប។ យើង​នឹង​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ​ទៅ​នៅ​ស្រុក​មួយ​មាន​ជី‌ជាតិ​ល្អ ធំ​ទូ‌លាយ ជា​ស្រុក​ដែល​មាន​ភោគ​ទ្រព្យ​សម្បូណ៌​ហូរ‌ហៀរ គឺ​ស្រុក​របស់​ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស។ ឥឡូវ​នេះ សម្រែក​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​លាន់​ឮ​ដល់​យើង ហើយ​យើង​ក៏​ឃើញ​ជន‌ជាតិ​អេស៊ីប​ជិះ‌ជាន់​សង្កត់‌សង្កិន​ពួក​គេ​ដែរ។

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ