និក្ខមនំ 29
29
ការតែងតាំងបូជាចារ្យ
1នេះជារបៀបដែលអ្នកត្រូវធ្វើសម្រាប់តែងតាំងអើរ៉ុន និងកូនប្រុសរបស់គាត់ ឲ្យបំពេញមុខងារជាបូជាចារ្យបម្រើយើង។ ត្រូវយកគោឈ្មោលស្ទាវមួយ និងចៀមឈ្មោលពីរ ល្អឥតខ្ចោះ 2នំប៉័ងឥតមេ នំធ្វើពីម្សៅឥតមេ លាយនឹងប្រេង ព្រមទាំងនំក្រៀបដែលលាបប្រេង។ 3ត្រូវដាក់នំទាំងនោះក្នុងល្អីមួយ ហើយយកមកថ្វាយជាមួយគោឈ្មោលស្ទាវ និងចៀមឈ្មោលទាំងពីរ។ 4ត្រូវនាំអើរ៉ុន និងកូនរបស់គាត់ ទៅមាត់ទ្វារពន្លាជួបព្រះអម្ចាស់ ហើយធ្វើពិធីងូតទឹកឲ្យពួកគេ។ 5បន្ទាប់មក ត្រូវយកសម្លៀកបំពាក់មកពាក់ឲ្យអើរ៉ុន គឺអាវក្នុង អាវវែង អាវអេផូដ និងប្រដាប់ពាក់លើទ្រូង ហើយយកខ្សែក្រវាត់មកក្រវាត់អាវអេផូដផង។ 6ចូរពាក់ឈ្នួតលើក្បាលគាត់ ហើយបំពាក់គ្រឿងអលង្ការដ៏វិសុទ្ធ ទៅនឹងឈ្នួតក្បាលផង។ 7បន្ទាប់មក ត្រូវយកប្រេងមកចាក់លើក្បាលគាត់ ដើម្បីតែងតាំងគាត់ឲ្យបំពេញមុខងារបម្រើយើង។ 8ត្រូវហៅកូនប្រុសរបស់អើរ៉ុនមក ហើយពាក់អាវឲ្យពួកគេ។ 9ចូរក្រវាត់ខ្សែក្រវាត់ឲ្យអើរ៉ុន និងកូនរបស់គាត់ ព្រមទាំងពាក់ឈ្នួតក្បាលឲ្យពួកគេផង។ អ្នកត្រូវតែងតាំងអើរ៉ុន និងកូនប្រុសរបស់គាត់ជាបូជាចារ្យរហូត តាមច្បាប់ដែលនៅស្ថិតស្ថេរជានិច្ច។
10ត្រូវនាំគោឈ្មោលមកខាងមុខពន្លាជួបព្រះអម្ចាស់ ហើយឲ្យអើរ៉ុន និងកូនប្រុសរបស់គាត់ ដាក់ដៃលើក្បាលវា។ 11ត្រូវអារ-កគោនោះនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ត្រង់ទ្វារពន្លាជួបព្រះអម្ចាស់។ 12ត្រូវយកម្រាមដៃជ្រលក់ក្នុងឈាមគោ ហើយយកទៅលាបលើស្នែងរបស់អាសនៈ រួចចាក់ឈាមដែលនៅសល់ ទៅលើជើងអាសនៈ។ 13ត្រូវយកខ្លាញ់ទាំងអស់ ដែលជាប់នឹងពោះវៀន ព្រមទាំងថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ដែលជាប់ជាមួយ ទៅដុតនៅលើអាសនៈទាំងអស់។ 14រីឯសាច់ ស្បែក និងលាមករបស់វា ត្រូវយកទៅដុតនៅខាងក្រៅជំរំ ព្រោះជាយញ្ញបូជារំដោះបាប។
15ត្រូវនាំចៀមឈ្មោលមួយមក ហើយឲ្យអើរ៉ុន និងកូនរបស់គាត់ ដាក់ដៃលើក្បាលវា។ 16ត្រូវអារ-កចៀមឈ្មោល រួចយកឈាមរបស់វាទៅប្រោះជុំវិញអាសនៈ។ 17ត្រូវកាប់សាច់ជាដុំៗ លាងពោះវៀន និងជើងរបស់វាឲ្យស្អាត ហើយយកទៅដាក់លើដុំសាច់ និងក្បាល។ 18 ត្រូវដុតចៀមនោះនៅលើអាសនៈ ជាតង្វាយដុតទាំងមូល ថ្វាយព្រះអម្ចាស់ គឺជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។
19ត្រូវនាំចៀមឈ្មោលមួយទៀតមក ហើយឲ្យអើរ៉ុន និងកូនប្រុសរបស់គាត់ ដាក់ដៃលើក្បាលវា។ 20ត្រូវអារ-កចៀមនោះ យកឈាមរបស់វាទៅលាបលើស្លឹកត្រចៀកស្ដាំ មេដៃស្ដាំ និងមេជើងស្ដាំរបស់អើរ៉ុន និងកូនៗគាត់ រួចទើបយកឈាមដែលនៅសល់ទៅប្រោះជុំវិញអាសនៈ។ 21ត្រូវយកឈាមពីលើអាសនៈ និងប្រេងសម្រាប់តែងតាំង ទៅប្រោះលើអើរ៉ុន និងសម្លៀកបំពាក់របស់គាត់ ព្រមទាំងប្រោះលើកូនប្រុសគាត់ និងសម្លៀកបំពាក់របស់ពួកគេដែរ។ ធ្វើដូច្នេះ ទាំងអើរ៉ុន ទាំងកូនប្រុសរបស់គាត់ និងសម្លៀកបំពាក់របស់ពួកគេនឹងបានទៅជាវិសុទ្ធ។ 22ចៀមទីពីរនេះជាចៀមសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យ។ ត្រូវយកខ្លាញ់របស់វា កន្ទុយ ខ្លាញ់ជាប់នឹងពោះវៀន ថ្លើម ក្រលៀនទាំងពីរ និងខ្លាញ់ ដែលជាប់ជាមួយភ្លៅស្ដាំខាងក្រោយ 23រួចយកនំប៉័ងមួយ នំលាយប្រេងមួយ និងនំក្រៀបមួយពីល្អីដាក់នំប៉័ងឥតមេ ដែលគេតាំងថ្វាយព្រះអម្ចាស់ 24ដាក់ទាំងអស់លើដៃរបស់អើរ៉ុន និងកូនរបស់គាត់ ហើយប្រាប់ពួកគេឲ្យលើកតង្វាយនេះឡើង ជាសញ្ញាថ្វាយព្រះអម្ចាស់។ 25បន្ទាប់មក ចូរយកតង្វាយពីដៃពួកគេទៅដុតនៅលើអាសនៈ រួមជាមួយតង្វាយដុតទាំងមូល ជាយញ្ញបូជាដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 26ចូរយកសាច់ទ្រូងរបស់ចៀម ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុននោះ លើកឡើងជាសញ្ញាថ្វាយព្រះអម្ចាស់ ដោយដៃអ្នកផ្ទាល់ រួចហើយសាច់នេះនឹងបានជាចំណែករបស់អ្នក។
27ត្រូវប្រកាសថា សាច់ទ្រូង និងភ្លៅចៀមដែលគេយកពីចៀម ប្រើសម្រាប់ធ្វើពិធីតែងតាំងអើរ៉ុន និងកូនរបស់គាត់ ហើយដែលគេបានលើកថ្វាយព្រះអម្ចាស់នោះជាសាច់ដ៏វិសុទ្ធ។ 28ហេតុនេះហើយបានជានៅពេលដែលជនជាតិអ៊ីស្រាអែលថ្វាយយញ្ញបូជាមេត្រីភាព សាច់ដែលគេញែកថ្វាយព្រះអម្ចាស់ នឹងបានទៅជាចំណែករបស់អើរ៉ុន និងកូនរបស់គាត់។ នេះជាច្បាប់ដែលត្រូវអនុវត្តតាមរហូតតទៅ។
29ក្រោយពេលដែលអើរ៉ុនស្លាប់ទៅ សម្លៀកបំពាក់របស់គាត់ត្រូវផ្ទេរទៅឲ្យកូនៗរបស់គាត់ ដើម្បីឲ្យគេពាក់នៅពេលទទួលពិធីលាបប្រេងតែងតាំងជាបូជាចារ្យ។ 30ក្នុងចំណោមកូនរបស់អើរ៉ុន អ្នកដែលទទួលតំណែងជាបូជាចារ្យបន្តពីគាត់ ត្រូវស្លៀកសម្លៀកបំពាក់ទាំងនេះអស់រយៈពេលប្រាំពីរថ្ងៃ បន្ទាប់មក ទើបគេចូលទៅក្នុងពន្លាជួបព្រះអម្ចាស់ ដើម្បីបំពេញមុខងារក្នុងទីសក្ការៈ។
31ចូរយកសាច់របស់ចៀមឈ្មោល ដែលប្រើសម្រាប់ធ្វើពិធីតែងតាំងបូជាចារ្យ មកចម្អិននៅក្នុងទីសក្ការៈ។ 32អើរ៉ុន និងកូនប្រុសរបស់គាត់ត្រូវបរិភោគសាច់នោះ ជាមួយនំប៉័ងដែលមាននៅក្នុងល្អី ត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ 33មានតែពួកគេប៉ុណ្ណោះ ដែលអាចបរិភោគតង្វាយនេះ ក្នុងពិធីតែងតាំងពួកគេឲ្យបំពេញមុខងារជាបូជាចារ្យ ដើម្បីសុំរំដោះបាប។ រីឯអ្នកឯទៀត គ្មានសិទ្ធិបរិភោគតង្វាយនេះទេ ដ្បិតជាអាហារសក្ការៈ។ 34ប្រសិនបើព្រឹកស្អែកមាននៅសល់សាច់ ឬនំប៉័ង នោះត្រូវយកទៅដុត គឺមិនត្រូវបរិភោគឡើយ ព្រោះជាអាហារសក្ការៈ។
35ត្រូវប្រព្រឹត្តចំពោះអើរ៉ុន និងកូនប្រុសរបស់គាត់ តាមសេចក្ដីទាំងប៉ុន្មានដែលយើងបង្គាប់ដល់អ្នក។ ពិធីតែងតាំងពួកគេជាបូជាចារ្យនេះ ត្រូវធ្វើឲ្យគ្រប់ប្រាំពីរថ្ងៃ។ 36រៀងរាល់ថ្ងៃ ត្រូវថ្វាយគោបាមួយជាយញ្ញបូជារំដោះបាប ដើម្បីសុំលោះបាប។ ធ្វើដូច្នេះ អ្នកជម្រះអាសនៈឲ្យបានបរិសុទ្ធ រួចអ្នកត្រូវចាក់ប្រេងពីលើ ដើម្បីឲ្យអាសនៈនោះបានវិសុទ្ធ។ 37ក្នុងរយៈពេលប្រាំពីរថ្ងៃ អ្នកត្រូវធ្វើពិធីជម្រះអាសនៈ និងញែកអាសនៈទុកជាសក្ការៈ។ ធ្វើដូច្នេះ អាសនៈនេះនឹងទៅជាវិសុទ្ធបំផុត ហើយអ្វីៗដែលប៉ះនឹងអាសនៈក៏ទៅជាវិសុទ្ធដែរ។
យញ្ញបូជាប្រចាំថ្ងៃ
38រៀងរាល់ថ្ងៃ ត្រូវយកកូនចៀមពីរ ដែលមានអាយុមួយខួប ថ្វាយនៅលើអាសនៈជានិច្ចនិរន្តរ៍តរៀងទៅ។ 39ត្រូវថ្វាយកូនចៀមមួយនៅពេលព្រឹក ហើយកូនចៀមមួយទៀតនៅពេលល្ងាច។ 40ត្រូវយកម្សៅដ៏ម៉ដ្ដចំនួនមួយភាគដប់នៃអេផា* លាយជាមួយប្រេងអូលីវដ៏ល្អមួយភាគបួននៃហ៊ីន* ព្រមទាំងស្រាទំពាំងបាយជូរ សម្រាប់ធ្វើពិធីច្រួចស្រាចំនួនមួយភាគបួននៃហ៊ីន* មកថ្វាយជាមួយកូនចៀមទីមួយ។ 41រីឯកូនចៀមមួយទៀតត្រូវថ្វាយនៅពេលល្ងាច រួមជាមួយតង្វាយម្សៅ ប្រេង និងស្រាទំពាំងបាយជូរ ដូចនៅពេលព្រឹកដែរ។ ចូរដុតតង្វាយទាំងនេះជាយញ្ញបូជា ដែលមានក្លិនឈ្ងុយជាទីគាប់ព្រះហឫទ័យព្រះអម្ចាស់។ 42នេះជាតង្វាយដុតជានិច្ចនិរន្តរ៍ ដែលកូនចៅរបស់អ្នករាល់គ្នាគ្រប់ជំនាន់ត្រូវថ្វាយព្រះអម្ចាស់ នៅត្រង់មាត់ទ្វារពន្លាជួបព្រះអម្ចាស់។ នៅទីនេះ យើងនឹងមកជួបអ្នករាល់គ្នា ហើយនិយាយជាមួយអ្នក។ 43យើងនឹងមកជួបកូនចៅអ៊ីស្រាអែលនៅទីនេះ ហើយកន្លែងនេះនឹងបានវិសុទ្ធ ដោយសារសិរីរុងរឿងរបស់យើង។ 44យើងនឹងញែកពន្លាជួបព្រះអម្ចាស់ ព្រមទាំងអាសនៈឲ្យបានវិសុទ្ធ។ យើងក៏ញែកអើរ៉ុន ព្រមទាំងកូនប្រុសរបស់គាត់ឲ្យបានវិសុទ្ធដែរ ដើម្បីឲ្យពួកគេបំពេញមុខងារជាបូជាចារ្យ*បម្រើយើង។ 45យើងនឹងស្ថិតនៅជាមួយកូនចៅអ៊ីស្រាអែល យើងនឹងធ្វើជាព្រះរបស់ពួកគេ។ 46ពួកគេនឹងទទួលស្គាល់ថា យើងជាព្រះអម្ចាស់ជាព្រះរបស់ពួកគេ ដែលបាននាំពួកគេចេញពីស្រុកអេស៊ីប ដើម្បីឲ្យយើងបាននៅជាមួយពួកគេ។ យើងជាព្រះអម្ចាស់ជាព្រះរបស់ពួកគេ។
ទើបបានជ្រើសរើសហើយ៖
និក្ខមនំ 29: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង
ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.