និក្ខមនំ 29

29
ការ​តែង‌តាំង​បូជា‌ចារ្យ
1នេះ​ជា​របៀប​ដែល​អ្នក​ត្រូវ​ធ្វើ​សម្រាប់​តែង‌តាំង​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ​បម្រើ​យើង។ ត្រូវ​យក​គោ​ឈ្មោល​ស្ទាវ​មួយ និង​ចៀម​ឈ្មោល​ពីរ ល្អ​ឥត​ខ្ចោះ 2នំប៉័ង​ឥត​មេ នំ​ធ្វើ​ពី​ម្សៅ​ឥត​មេ លាយ​នឹង​ប្រេង ព្រម​ទាំង​នំ​ក្រៀប​ដែល​លាប​ប្រេង។ 3ត្រូវ​ដាក់​នំ​ទាំង​នោះ​ក្នុង​ល្អី​មួយ ហើយ​យក​មក​ថ្វាយ​ជា​មួយ​គោ​ឈ្មោល​ស្ទាវ និង​ចៀម​ឈ្មោល​ទាំង​ពីរ។ 4ត្រូវ​នាំ​អើរ៉ុន និង​កូន​របស់​គាត់ ទៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ពិធី​ងូត​ទឹក​ឲ្យ​ពួក​គេ។ 5បន្ទាប់​មក ត្រូវ​យក​សម្លៀក‌បំពាក់​មក​ពាក់​ឲ្យ​អើរ៉ុន គឺ​អាវ​ក្នុង អាវ​វែង អាវ​អេផូដ និង​ប្រដាប់​ពាក់​លើ​ទ្រូង ហើយ​យក​ខ្សែ​ក្រវាត់​មក​ក្រវាត់​អាវ​អេផូដ​ផង។ 6ចូរ​ពាក់​ឈ្នួត​លើ​ក្បាល​គាត់ ហើយ​បំពាក់​គ្រឿង​អលង្ការ​ដ៏វិសុទ្ធ ទៅ​នឹង​ឈ្នួត​ក្បាល​ផង។ 7បន្ទាប់​មក ត្រូវ​យក​ប្រេង​មក​ចាក់​លើ​ក្បាល​គាត់ ដើម្បី​តែង‌តាំង​គាត់​ឲ្យ​បំពេញ​មុខងារ​បម្រើ​យើង។ 8ត្រូវ​ហៅ​កូន​ប្រុស​របស់​អើរ៉ុន​មក ហើយ​ពាក់​អាវ​ឲ្យ​ពួក​គេ។ 9ចូរ​ក្រវាត់​ខ្សែ​ក្រវាត់​ឲ្យ​អើរ៉ុន និង​កូន​របស់​គាត់ ព្រម​ទាំង​ពាក់​ឈ្នួត​ក្បាល​ឲ្យ​ពួក​គេ​ផង។ អ្នក​ត្រូវ​តែង‌តាំង​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់​ជា​បូជា‌ចារ្យ​រហូត តាម​ច្បាប់​ដែល​នៅ​ស្ថិត‌ស្ថេរ​ជានិច្ច។
10ត្រូវ​នាំ​គោ​ឈ្មោល​មក​ខាង​មុខ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ឲ្យ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។ 11ត្រូវ​អារ-ក​គោ​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ 12ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម​គោ ហើយ​យក​ទៅ​លាប​លើ​ស្នែង​របស់​អាសនៈ រួច​ចាក់​ឈាម​ដែល​នៅ​សល់ ទៅ​លើ​ជើង​អាសនៈ។ 13ត្រូវ​យក​ខ្លាញ់​ទាំង​អស់ ដែល​ជាប់​នឹង​ពោះ‌វៀន ព្រម​ទាំង​ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់​ដែល​ជាប់​ជា​មួយ ទៅ​ដុត​នៅ​លើ​អាសនៈ​ទាំង​អស់។ 14រីឯ​សាច់ ស្បែក និង​លាមក​របស់​វា ត្រូវ​យក​ទៅ​ដុត​នៅ​ខាង​ក្រៅ​ជំរំ ព្រោះ​ជា​យញ្ញ‌បូជា​រំដោះ​បាប។
15ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​មក ហើយ​ឲ្យ​អើរ៉ុន និង​កូន​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។ 16ត្រូវ​អារ-ក​ចៀម​ឈ្មោល រួច​យក​ឈាម​របស់​វា​ទៅ​ប្រោះ​ជុំ‌វិញ​អាសនៈ។ 17ត្រូវ​កាប់​សាច់​ជា​ដុំៗ លាង​ពោះ‌វៀន និង​ជើង​របស់​វា​ឲ្យ​ស្អាត ហើយ​យក​ទៅ​ដាក់​លើ​ដុំ​សាច់ និង​ក្បាល។ 18 ត្រូវ​ដុត​ចៀម​នោះ​នៅ​លើ​អាសនៈ ជា​តង្វាយ​ដុត​ទាំង​មូល ថ្វាយ​ព្រះ‌អម្ចាស់ គឺ​ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់
19ត្រូវ​នាំ​ចៀម​ឈ្មោល​មួយ​ទៀត​មក ហើយ​ឲ្យ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ដាក់​ដៃ​លើ​ក្បាល​វា។ 20ត្រូវ​អារ-ក​ចៀម​នោះ យក​ឈាម​របស់​វា​ទៅ​លាប​លើ​ស្លឹក​ត្រចៀក​ស្ដាំ មេ​ដៃ​ស្ដាំ និង​មេ​ជើង​ស្ដាំ​របស់​អើរ៉ុន និង​កូនៗ​គាត់ រួច​ទើប​យក​ឈាម​ដែល​នៅ​សល់​ទៅ​ប្រោះ​ជុំ‌វិញ​អាសនៈ។ 21ត្រូវ​យក​ឈាម​ពី​លើ​អាសនៈ និង​ប្រេង​សម្រាប់​តែង‌តាំង ទៅ​ប្រោះ​លើ​អើរ៉ុន និង​សម្លៀក‌បំពាក់​របស់​គាត់ ព្រម​ទាំង​ប្រោះ​លើ​កូន​ប្រុស​គាត់ និង​សម្លៀក‌បំពាក់​របស់​ពួក​គេ​ដែរ។ ធ្វើ​ដូច្នេះ ទាំង​អើរ៉ុន ទាំង​កូន​ប្រុស​របស់​គាត់ និង​សម្លៀក‌បំពាក់​របស់​ពួក​គេ​នឹង​បាន​ទៅ​ជា​វិសុទ្ធ។ 22ចៀម​ទី​ពីរ​នេះ​ជា​ចៀម​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​បូជា‌ចារ្យ។ ត្រូវ​យក​ខ្លាញ់​របស់​វា កន្ទុយ ខ្លាញ់​ជាប់​នឹង​ពោះ‌វៀន ថ្លើម ក្រលៀន​ទាំង​ពីរ និង​ខ្លាញ់ ដែល​ជាប់​ជា​មួយ​ភ្លៅ​ស្ដាំ​ខាង​ក្រោយ 23រួច​យក​នំប៉័ង​មួយ នំ​លាយ​ប្រេង​មួយ និង​នំ​ក្រៀប​មួយ​ពី​ល្អី​ដាក់​នំប៉័ង​ឥត​មេ ដែល​គេ​តាំង​ថ្វាយ​ព្រះ‌អម្ចាស់ 24ដាក់​ទាំង​អស់​លើ​ដៃ​របស់​អើរ៉ុន និង​កូន​របស់​គាត់ ហើយ​ប្រាប់​ពួក​គេ​ឲ្យ​លើក​តង្វាយ​នេះ​ឡើង ជា​សញ្ញា​ថ្វាយ​ព្រះ‌អម្ចាស់25បន្ទាប់​មក ចូរ​យក​តង្វាយ​ពី​ដៃ​ពួក​គេ​ទៅ​ដុត​នៅ​លើ​អាសនៈ រួម​ជា​មួយ​តង្វាយ​ដុត​ទាំង​មូល ជា​យញ្ញ‌បូជា​ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់26ចូរ​យក​សាច់​ទ្រូង​របស់​ចៀម ដែល​ប្រើ​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​អើរ៉ុន​នោះ លើក​ឡើង​ជា​សញ្ញា​ថ្វាយ​ព្រះ‌អម្ចាស់ ដោយ​ដៃ​អ្នក​ផ្ទាល់ រួច​ហើយ​សាច់​នេះ​នឹង​បាន​ជា​ចំណែក​របស់​អ្នក។
27ត្រូវ​ប្រកាស​ថា សាច់​ទ្រូង និង​ភ្លៅ​ចៀម​ដែល​គេ​យក​ពី​ចៀម ប្រើ​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​អើរ៉ុន និង​កូន​របស់​គាត់ ហើយ​ដែល​គេ​បាន​លើក​ថ្វាយ​ព្រះ‌អម្ចាស់​នោះ​ជា​សាច់​ដ៏វិសុទ្ធ។ 28ហេតុ​នេះ​ហើយ​បាន​ជា​នៅ​ពេល​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព សាច់​ដែល​គេ​ញែក​ថ្វាយ​ព្រះ‌អម្ចាស់ នឹង​បាន​ទៅ​ជា​ចំណែក​របស់​អើរ៉ុន និង​កូន​របស់​គាត់។ នេះ​ជា​ច្បាប់​ដែល​ត្រូវ​អនុវត្ត​តាម​រហូត​ត​ទៅ។
29ក្រោយ​ពេល​ដែល​អើរ៉ុន​ស្លាប់​ទៅ សម្លៀក‌បំពាក់​របស់​គាត់​ត្រូវ​ផ្ទេរ​ទៅ​ឲ្យ​កូនៗ​របស់​គាត់ ដើម្បី​ឲ្យ​គេ​ពាក់​នៅ​ពេល​ទទួល​ពិធី​លាប​ប្រេង​តែង‌តាំង​ជា​បូជា‌ចារ្យ។ 30ក្នុង​ចំណោម​កូន​របស់​អើរ៉ុន អ្នក​ដែល​ទទួល​តំណែង​ជា​បូជា‌ចារ្យ​បន្ត​ពី​គាត់ ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ទាំង​នេះ​អស់​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ បន្ទាប់​មក ទើប​គេ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​បំពេញ​មុខងារ​ក្នុង​ទីសក្ការៈ។
31ចូរ​យក​សាច់​របស់​ចៀម​ឈ្មោល ដែល​ប្រើ​សម្រាប់​ធ្វើ​ពិធី​តែង‌តាំង​បូជា‌ចារ្យ មក​ចម្អិន​នៅ​ក្នុង​ទីសក្ការៈ។ 32អើរ៉ុន និង​កូន​ប្រុស​របស់​គាត់​ត្រូវ​បរិភោគ​សាច់​នោះ ជា​មួយ​នំប៉័ង​ដែល​មាន​នៅ​ក្នុង​ល្អី ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ 33មាន​តែ​ពួក​គេ​ប៉ុណ្ណោះ ដែល​អាច​បរិភោគ​តង្វាយ​នេះ ក្នុង​ពិធី​តែង‌តាំង​ពួក​គេ​ឲ្យ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ ដើម្បី​សុំ​រំដោះ​បាប។ រីឯ​អ្នក​ឯ​ទៀត គ្មាន​សិទ្ធិ​បរិភោគ​តង្វាយ​នេះ​ទេ ដ្បិត​ជា​អាហារ​សក្ការៈ។ 34ប្រសិន​បើ​ព្រឹក​ស្អែក​មាន​នៅ​សល់​សាច់ ឬ​នំប៉័ង នោះ​ត្រូវ​យក​ទៅ​ដុត គឺ​មិន​ត្រូវ​បរិភោគ​ឡើយ ព្រោះ​ជា​អាហារ​សក្ការៈ។
35ត្រូវ​ប្រព្រឹត្ត​ចំពោះ​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ តាម​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​យើង​បង្គាប់​ដល់​អ្នក។ ពិធី​តែង‌តាំង​ពួក​គេ​ជា​បូជា‌ចារ្យ​នេះ ត្រូវ​ធ្វើ​ឲ្យ​គ្រប់​ប្រាំ‌ពីរ​ថ្ងៃ។ 36រៀង​រាល់​ថ្ងៃ ត្រូវ​ថ្វាយ​គោ​បា​មួយ​ជា​យញ្ញ‌បូជា​រំដោះ​បាប ដើម្បី​សុំ​លោះ​បាប។ ធ្វើ​ដូច្នេះ អ្នក​ជម្រះ​អាសនៈ​ឲ្យ​បាន​បរិសុទ្ធ រួច​អ្នក​ត្រូវ​ចាក់​ប្រេង​ពី​លើ ដើម្បី​ឲ្យ​អាសនៈ​នោះ​បាន​វិសុទ្ធ។ 37ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ អ្នក​ត្រូវ​ធ្វើ​ពិធី​ជម្រះ​អាសនៈ និង​ញែក​អាសនៈ​ទុក​ជា​សក្ការៈ។ ធ្វើ​ដូច្នេះ អាសនៈ​នេះ​នឹង​ទៅ​ជា​វិសុទ្ធ​បំផុត ហើយ​អ្វីៗ​ដែល​ប៉ះ​នឹង​អាសនៈ​ក៏​ទៅ​ជា​វិសុទ្ធ​ដែរ។
យញ្ញ‌បូជា​ប្រចាំ​ថ្ងៃ
38រៀង​រាល់​ថ្ងៃ ត្រូវ​យក​កូន​ចៀម​ពីរ ដែល​មាន​អាយុ​មួយ​ខួប ថ្វាយ​នៅ​លើ​អាសនៈ​ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ។ 39ត្រូវ​ថ្វាយ​កូន​ចៀម​មួយ​នៅ​ពេល​ព្រឹក ហើយ​កូន​ចៀម​មួយ​ទៀត​នៅ​ពេល​ល្ងាច។ 40ត្រូវ​យក​ម្សៅ​ដ៏​ម៉ដ្ដ​ចំនួន​មួយ​ភាគ​ដប់​នៃ​អេផា* លាយ​ជា​មួយ​ប្រេង​អូលីវ​ដ៏​ល្អ​មួយ​ភាគ​បួន​នៃ​ហ៊ីន* ព្រម​ទាំង​ស្រា​ទំពាំង‌បាយជូរ សម្រាប់​ធ្វើ​ពិធី​ច្រួច‌ស្រា​ចំនួន​មួយ​ភាគ​បួន​នៃ​ហ៊ីន* មក​ថ្វាយ​ជា​មួយ​កូន​ចៀម​ទី​មួយ។ 41រីឯ​កូន​ចៀម​មួយ​ទៀត​ត្រូវ​ថ្វាយ​នៅ​ពេល​ល្ងាច រួម​ជា​មួយ​តង្វាយ​ម្សៅ ប្រេង និង​ស្រា​ទំពាំង‌បាយជូរ ដូច​នៅ​ពេល​ព្រឹក​ដែរ។ ចូរ​ដុត​តង្វាយ​ទាំង​នេះ​ជា​យញ្ញ‌បូជា ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់42នេះ​ជា​តង្វាយ​ដុត​ជានិច្ច​និរន្តរ៍ ដែល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​គ្រប់​ជំនាន់​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ នៅ​ទី​នេះ យើង​នឹង​មក​ជួប​អ្នក​រាល់​គ្នា ហើយ​និយាយ​ជា​មួយ​អ្នក។ 43យើង​នឹង​មក​ជួប​កូន​ចៅ​អ៊ីស្រា‌អែល​នៅ​ទី​នេះ ហើយ​កន្លែង​នេះ​នឹង​បាន​វិសុទ្ធ ដោយ‌សារ​សិរី‌រុងរឿង​របស់​យើង។ 44យើង​នឹង​ញែក​ពន្លា​ជួប​ព្រះ‌អម្ចាស់ ព្រម​ទាំង​អាសនៈ​ឲ្យ​បាន​វិសុទ្ធ។ យើង​ក៏​ញែក​អើរ៉ុន ព្រម​ទាំង​កូន​ប្រុស​របស់​គាត់​ឲ្យ​បាន​វិសុទ្ធ​ដែរ ដើម្បី​ឲ្យ​ពួក​គេ​បំពេញ​មុខងារ​ជា​បូជា‌ចារ្យ*​បម្រើ​យើង។ 45យើង​នឹង​ស្ថិត​នៅ​ជា​មួយ​កូន​ចៅ​អ៊ីស្រា‌អែល យើង​នឹង​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ។ 46ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប ដើម្បី​ឲ្យ​យើង​បាន​នៅ​ជា​មួយ​ពួក​គេ។ យើង​ជា​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​ពួក​គេ។

ទើបបានជ្រើសរើសហើយ៖

និក្ខមនំ 29: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល