និក្ខមនំ 2:16-22

និក្ខមនំ 2:16-22 គខប

លោក​បូជា‌ចារ្យ​នៅ​ស្រុក​ម៉ាឌាន​មាន​កូន​ស្រី​ប្រាំ‌ពីរ​នាក់។ នាង​នាំ​គ្នា​មក​ដង​ទឹក​បំពេញ​ស្នូក​ឲ្យ​ហ្វូង​សត្វ​របស់​ឪពុក​នាង​ផឹក។ ប៉ុន្តែ មាន​ពួក​គង្វាល​មក​ដេញ​ពួក​នាង។ ពេល​នោះ លោក​ម៉ូសេ​ក្រោក​ឡើង ជួយ​ពួក​នាង ព្រម​ទាំង​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​ពួក​នាង​ផឹក​ទៀត​ផង។ នាង​ទាំង​អស់​នាំ​គ្នា​ត្រឡប់​ទៅ​ផ្ទះ​វិញ លោក​រេហួល​ជា​ឪពុក​សួរ​ថា៖ «ថ្ងៃ​នេះ​ហេតុ​អ្វី​បាន​ជា​កូន​ត្រឡប់​មក​ផ្ទះ​ឆាប់​ម៉្លេះ?»។ ពួក​នាង​ឆ្លើយ​ថា៖ «មាន​បុរស​ជន‌ជាតិ​អេស៊ីប​ម្នាក់​បាន​ជួយ​ពួក​យើង ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ពួក​គង្វាល ហើយ​គាត់​បាន​ដង​ទឹក​ឲ្យ​ហ្វូង​សត្វ​របស់​យើង​ផឹក​ទៀត​ផង»។ ឪពុក​សួរ​ទៅ​ពួក​នាង​ទៀត​ថា៖ «បុរស​នោះ​នៅ​ឯ​ណា? ហេតុ​អ្វី​បាន​ជា​កូន​មក​ចោល​គាត់​ដូច្នេះ? ចូរ​ទៅ​អញ្ជើញ​គាត់​មក ដើម្បី​ឲ្យ​គាត់​បរិភោគ​ជា​មួយ​យើង»។ លោក​ម៉ូសេ​យល់​ព្រម​រស់​នៅ​ជា​មួយ​លោក​បូជា‌ចារ្យ។ លោក​បូជា‌ចារ្យ​លើក​នាង​សេផូ‌រ៉ា ជា​កូន​ស្រី ឲ្យ​លោក​ធ្វើ​ជា​ភរិយា។ នាង​បង្កើត​បាន​កូន​ប្រុស​ម្នាក់ ដែល​លោក​ម៉ូសេ​ឲ្យ​ឈ្មោះ​ថា គើ‌សម ដ្បិត​លោក​គិត​ថា ខ្ញុំ​ជា​ជន​បរទេស​ដែល​រស់​នៅ​ក្នុង​ស្រុក​ដទៃ។