និក្ខមនំ 18:13-26

និក្ខមនំ 18:13-26 គខប

លុះ​ស្អែក​ឡើង លោក​ម៉ូសេ​អង្គុយ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន។ ប្រជា‌ជន​នាំ​គ្នា​ឈរ​នៅ​មុខ​លោក​តាំង​ពី​ព្រឹក​រហូត​ដល់​ល្ងាច។ ឪពុក​ក្មេក​របស់​លោក​ម៉ូសេ​ឃើញ​ការ​ទាំង​អស់ ដែល​លោក​ធ្វើ​ចំពោះ​ប្រជា‌ជន គាត់​ក៏​ពោល​ថា៖ «ម្ដេច​ក៏​កូន​ធ្វើ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​កូន​អង្គុយ​កាត់​ក្ដី​តែ​ម្នាក់​ឯង ទុក​ឲ្យ​ប្រជា‌ជន​ឈរ​ចាំ​នៅ​មុខ​កូន តាំង​ពី​ព្រឹក​ដល់​ល្ងាច​បែប​នេះ?»។ លោក​ម៉ូសេ​តប​ទៅ​គាត់​វិញ​ថា៖ «ប្រជា‌ជន​ទាំង​នេះ​មក​រក​ខ្ញុំ ដើម្បី​ទូល​សួរ​ព្រះ‌ជាម្ចាស់។ នៅ​ពេល​មាន​វិវាទ​នឹង​គ្នា ពួក​គេ​មក​រក​ខ្ញុំ។ ខ្ញុំ​ដោះ​ស្រាយ​រឿង​ពួក​គេ ហើយ​ណែ‌នាំ​ពួក​គេ​ឲ្យ​ស្គាល់​ច្បាប់ និង​ក្រឹត្យ‌វិន័យ*​របស់​ព្រះ‌ជាម្ចាស់»។ ឪពុក​ក្មេក​មាន​ប្រសាសន៍​មក​លោក​ម៉ូសេ​ទៀត​ថា៖ «របៀប​ដែល​កូន​ធ្វើ​នេះ មិន​ល្អ​ទេ! ធ្វើ​ដូច្នេះ​នាំ​ឲ្យ​កូន និង​ប្រជា‌ជន​ដែល​នៅ​ជា​មួយ​នឿយ‌ហត់​ទាំង​អស់​គ្នា។ ការ‌ងារ​នេះ​ធ្ងន់‌ធ្ងរ​ពេក កូន​មិន​អាច​ធ្វើ​តែ​ម្នាក់​ឯង​ទេ។ ឥឡូវ​នេះ ចូរ​ស្ដាប់​ដំបូន្មាន​របស់​ពុក ហើយ​សូម​ព្រះ‌ជាម្ចាស់​គង់​ជា​មួយ​កូន! ចូរ​កូន​ធ្វើ​ជា​តំណាង​របស់​ប្រជា‌ជន នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌ជាម្ចាស់ ចូរ​យក​រឿងរ៉ាវ​របស់​ពួក​គេ​ទៅ​ទូល​ថ្វាយ​ព្រះអង្គ។ ចូរ​បង្រៀន​ពួក​គេ អំពី​ច្បាប់ និង​វិន័យ​ទាំង‌ឡាយ ហើយ​បង្ហាញ​មាគ៌ា​ដែល​ពួក​គេ​ត្រូវ​ដើរ​តាម និង​កិច្ចការ​ដែល​ពួក​គេ​ត្រូវ​ធ្វើ។ ត្រូវ​ជ្រើស‌រើស​មនុស្ស​ដែល​មាន​សមត្ថ‌ភាព ពី​ក្នុង​ចំណោម​ប្រជា‌ជន ជា​អ្នក​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ជា​អ្នក​គួរ​ឲ្យ​ទុក​ចិត្ត មិន​ចេះ​ស៊ី​សំណូក។ ចូរ​តែង‌តាំង​ពួក​គេ​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហា‌សិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។ អ្នក​ទាំង​នោះ​ត្រូវ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា។ កិច្ចការ​ណា​សំខាន់ៗ​ឲ្យ​ពួក​គេ​បញ្ជូន​មក​កូន​ចុះ រីឯ​កិច្ចការ​តូច‌តាច ទុក​ឲ្យ​ពួក​គេ​កាត់​ក្ដី​ខ្លួន​ឯង​ទៅ។ ធ្វើ​ដូច្នេះ កូន​អាច​សម្រាល​ការ‌ងារ ដោយ​ឲ្យ​ពួក​គេ​ជួយ​រំលែក​បន្ទុក​របស់​កូន។ ប្រសិន​បើ​កូន​ធ្វើ​បែប​នេះ ហើយ​បើ​កូន​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ នោះ​កូន​នឹង​មាន​កម្លាំង​រឹង‌ប៉ឹង រីឯ​ប្រជា‌ជន​ទាំង​មូល​ក៏​វិល​ត្រឡប់​ទៅ​វិញ ដោយ​សុខ‌សាន្ត​ដែរ»។ លោក​ម៉ូសេ​ធ្វើ​តាម​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​ឪពុក​ក្មេក​ទូន្មាន។ ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល លោក​បាន​ជ្រើស‌រើស​មនុស្ស​មាន​សមត្ថ‌ភាព ហើយ​តែង‌តាំង​ពួក​គេ​ឲ្យ​ទទួល​ខុស​ត្រូវ​លើ​ប្រជា‌ជន គឺ​ឲ្យ​ធ្វើ​ជា​មេ​ក្រុម​លើ​មនុស្ស​មួយ​ពាន់​នាក់ មេ​ក្រុម​លើ​មនុស្ស​មួយ​រយ​នាក់ មេ​ក្រុម​លើ​មនុស្ស​ហា‌សិប​នាក់ និង​មេ​ក្រុម​លើ​មនុស្ស​ដប់​នាក់។ អ្នក​ទាំង​នោះ​កាត់​ក្ដី​ឲ្យ​ប្រជា‌ជន​គ្រប់​ពេល​វេលា។ កិច្ចការ​ណា​សំខាន់ៗ ពួក​គេ​បញ្ជូន​មក​លោក​ម៉ូសេ រីឯ​កិច្ចការ​តូច‌តាច ពួក​គេ​កាត់​ក្ដី​ខ្លួន​ឯង។