និក្ខមនំ 17:8-13

និក្ខមនំ 17:8-13 គខប

ជន‌ជាតិ​អាម៉ា‌ឡេក ​នាំ​គ្នា​មក​វាយ​ជន‌ជាតិ​អ៊ីស្រា‌អែល​នៅ​រេផិ‌ឌីម។ លោក​ម៉ូសេ​ពោល​ទៅ​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​ជ្រើស‌រើស​មនុស្ស​មួយ​ចំនួន ហើយ​ចេញ​ទៅ​ច្បាំង​ជា​មួយ​ជន‌ជាតិ​អាម៉ា‌ឡេក​ចុះ។ ស្អែក ខ្ញុំ​នឹង​ឡើង​ទៅ​ឈរ​លើ​កំពូល​ភ្នំ ទាំង​កាន់​ដំបង​របស់​ព្រះ‌ជាម្ចាស់»។ លោក​យ៉ូស្វេ​ក៏​ចេញ​ទៅ​ប្រយុទ្ធ​ជា​មួយ​ជន‌ជាតិ​អាម៉ា‌ឡេក តាម​បង្គាប់​របស់​លោក​ម៉ូសេ។ ចំណែក​លោក​ម៉ូសេ លោក​អើរ៉ុន និង​លោក​ហ៊ើរ ក៏​នាំ​គ្នា​ឡើង​ទៅ​លើ​កំពូល​ភ្នំ។ កាល​ណា​លោក​ម៉ូសេ​លើក​ដៃ​ឡើង​លើ ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ប្រៀប​ជាង ប៉ុន្តែ កាល​ណា​លោក​ទម្លាក់​ដៃ​ចុះ ជន‌ជាតិ​អាម៉ា‌ឡេក​មាន​ប្រៀប​ជាង។ ដោយ​ដៃ​របស់​លោក​ម៉ូសេ​ចុក​ស្រពន់ ពួក​គេ​ក៏​យក​ថ្ម​មក​ជូន​លោក​អង្គុយ។ លោក​អើរ៉ុន និង​លោក​ហ៊ើរ ទ្រ​ដៃ​លោក​ម្ខាង​ម្នាក់ ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ម៉ូសេ​អាច​លើក​ដៃ​បាន រហូត​ដល់​ថ្ងៃ​លិច។ ដូច្នេះ លោក​យ៉ូស្វេ​មាន​ជ័យ‌ជម្នះ​លើ​កង‌ទ័ព​អាម៉ា‌ឡេក ហើយ​ប្រហារ​ពួក​គេ​ដោយ​មុខ​ដាវ។