និក្ខមនំ 16:1-21

និក្ខមនំ 16:1-21 គខប

សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ចេញ​ដំណើរ​ពី​អេលីម ទៅ​ដល់​វាល​រហោ‌ស្ថាន​ស៊ីន ដែល​នៅ​ចន្លោះ​អេលីម និង​ភ្នំ​ស៊ីណៃ។ ពួក​គេ​ទៅ​ដល់​ទី​នោះ នៅ​ថ្ងៃ​ទី​ដប់​ប្រាំ ក្នុង​ខែ​ទី​ពីរ ក្រោយ​ពេល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ នៅ​វាល​រហោ‌ស្ថាន​នោះ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអ៊ូ‌រទាំ​ដាក់​លោក​ម៉ូសេ និង​លោក​អើរ៉ុន។ ជន‌ជាតិ​អ៊ីស្រា‌អែល​ពោល​ទៅ​កាន់​លោក​ទាំង​ពីរ​ថា៖ «កាល​នៅ​ស្រុក​អេស៊ីប ពួក​យើង​ធ្លាប់​អង្គុយ​ជុំ‌វិញ​ឆ្នាំង​ដែល​មាន​សាច់ និង​មាន​អាហារ​ដ៏​បរិបូណ៌! ប្រសិន​បើ​ព្រះ‌អម្ចាស់​ប្រហារ​ពួក​យើង​នៅ​ទី​នោះ ប្រសើរ​ជាង​ឲ្យ​លោក​ទាំង​ពីរ​នាំ​ពួក​យើង​ទាំង​អស់​គ្នា​មក​ស្លាប់​ដោយ​អត់​ឃ្លាន ក្នុង​វាល​រហោ‌ស្ថាន​នេះ!»។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​នឹង​ផ្ដល់​អាហារ​ពី​លើ​មេឃ​មក​ឲ្យ​អ្នក​រាល់​គ្នា ដូច​បង្អុរ​ភ្លៀង។ រៀង​រាល់​ថ្ងៃ ប្រជា‌ជន​ទាំង​អស់​ត្រូវ​ចេញ​ទៅ​រើស​អាហារ សម្រាប់​បរិភោគ​ក្នុង​មួយ​ថ្ងៃ។ ធ្វើ​បែប​នេះ យើង​នឹង​ល្បង‌ល​មើល​ចិត្ត​ប្រជា‌ជន ដើម្បី​ឲ្យ​ដឹង​ថា គេ​គោរព​ក្រឹត្យ‌វិន័យ​របស់​យើង​ឬ​ទេ? នៅ​ថ្ងៃ​ទី​ប្រាំ​មួយ ពេល​គេ​រៀបចំ​ម្ហូប​អាហារ​ដែល​គេ​រើស​មក​នោះ គេ​នឹង​ឃើញ​មាន​អាហារ​លើស​ថ្ងៃ​ធម្មតា មួយ​ជា​ពីរ»។ លោក​ម៉ូសេ និង​លោក​អើរ៉ុន ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​ថា៖ «ល្ងាច​នេះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា គឺ​ព្រះ‌អម្ចាស់​ទេ​តើ​ដែល​បាន​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។ ព្រឹក​ស្អែក អ្នក​រាល់​គ្នា​នឹង​ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ព្រះអង្គ។ តើ​យើង​ទាំង​ពីរ​នាក់​នេះ​ជា​អ្វី បាន​ជា​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​យើង​ដូច្នេះ?»។ លោក​ម៉ូសេ​មាន​ប្រសាសន៍​ទៀត​ថា៖ «ល្ងាច​នេះ ព្រះ‌អម្ចាស់​នឹង​ប្រទាន​សាច់​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ ហើយ​ព្រឹក​ស្អែក ព្រះអង្គ​នឹង​ប្រទាន​នំប៉័ង​ឲ្យ​អ្នក​រាល់​គ្នា​យ៉ាង​បរិបូណ៌ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​ដែល​អ្នក​រាល់​គ្នា​រអ៊ូ‌រទាំ​ដាក់​ព្រះអង្គ។ តើ​យើង​ទាំង​ពីរ​ជា​អ្វី? អ្នក​រាល់​គ្នា​មិន​មែន​រអ៊ូ‌រទាំ​ដាក់​យើង​ទេ តែ​រអ៊ូ‌រទាំ​ដាក់​ព្រះ‌អម្ចាស់​វិញ»។ លោក​ម៉ូសេ​ប្រាប់​លោក​អើរ៉ុន​ថា៖ «សូម​បង្គាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ឲ្យ​ចូល​មក​គាល់​ព្រះ‌អម្ចាស់ ដ្បិត​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​ពួក​គេ​ហើយ»។ នៅ​ពេល​លោក​អើរ៉ុន​កំពុង​តែ​មាន​ប្រសាសន៍​ទៅ​កាន់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល ពួក​គេ​នាំ​គ្នា​បែរ​មើល​ទៅ​វាល​រហោ‌ស្ថាន ឃើញ​សិរី‌រុងរឿង​របស់​ព្រះ‌អម្ចាស់​លេច​មក​នៅ​ក្នុង​ពពក។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «យើង​បាន​ឮ​ពាក្យ​រអ៊ូ‌រទាំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ហើយ ចូរ​ប្រាប់​ពួក​គេ​ដូច​ត​ទៅ: នៅ​ពេល​ព្រលប់ អ្នក​រាល់​គ្នា​នឹង​បរិភោគ​សាច់ ហើយ​នៅ​ពេល​ព្រឹក​អ្នក​រាល់​គ្នា​នឹង​មាន​នំប៉័ង​បរិភោគ​យ៉ាង​បរិបូណ៌។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា»។ ពេល​ល្ងាច មាន​សត្វ​ក្រួច​ហើរ​មក​ពាស‌ពេញ​ជំរំ ហើយ​ព្រលឹម​ឡើង មាន​សន្សើម​ធ្លាក់​ជុំ‌វិញ​ជំរំ​ផង។ នៅ​ពេល​សន្សើម​ស្ងួត មាន​គ្រាប់​ល្អិតៗ​ដូច​ព្រឹល នៅ​ពាស‌ពេញ​វាល​រហោ‌ស្ថាន។ ឃើញ​ដូច្នេះ ជន‌ជាតិ​អ៊ីស្រា‌អែល​សួរ​គ្នា​ទៅ​វិញ​ទៅ​មក​ថា «នេះ​ជា​អ្វី?» ដ្បិត​ពួក​គេ​មិន​ដឹង​ថា​ជា​អ្វី​ទេ។ លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា៖ «នេះ​ជា​អាហារ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​បរិភោគ។ ព្រះ‌អម្ចាស់​បាន​បង្គាប់​ថា: ចូរ​នាំ​គ្នា​រើស​អាហារ​នេះ ល្មម​ដែល​អ្នក​រាល់​គ្នា​អាច​បរិភោគ​ឆ្អែត។ ត្រូវ​រើស​តាម​ចំនួន​មនុស្ស​ដែល​ស្ថិត​នៅ​ក្នុង​គ្រួសារ​របស់​ខ្លួន គឺ​មួយ​កូន​ល្អី​សម្រាប់​ម្នាក់»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ក៏​ធ្វើ​តាម ពួក​គេ​រើស​អាហារ អ្នក​ខ្លះ​រើស​បាន​ច្រើន ហើយ​អ្នក​ខ្លះ​ទៀត​បាន​តិច។ បន្ទាប់​មក ពួក​គេ​យក​អាហារ​នោះ​ទៅ​វាល់ អស់​អ្នក​ដែល​រើស​បាន​ច្រើន ក៏​មិន​បាន​លើស​គេ ហើយ​អស់​អ្នក​ដែល​រើស​បាន​តិច ក៏​មិន​ខ្វះ​ដែរ គឺ​ម្នាក់ៗ​ទទួល​អាហារ​ល្មម​ដែល​ខ្លួន​ត្រូវ​ការ​ប៉ុណ្ណោះ។ លោក​ម៉ូសេ​ប្រាប់​ពួក​គេ​ថា៖ «មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ទុក​អាហារ​នេះ រហូត​ដល់​ព្រឹក​ស្អែក​ឡើយ»។ ប៉ុន្តែ មាន​អ្នក​ខ្លះ​មិន​ព្រម​ស្ដាប់​តាម​លោក​ម៉ូសេ​ទេ គឺ​គេ​ទុក​អាហារ​រហូត​ដល់​ព្រឹក​ស្អែក។ ដង្កូវ​ក៏​មក​ចោះ​អាហារ​ទាំង​នោះ ដែល​បណ្ដាល​ឲ្យ​ទៅ​ជា​ស្អុយ​រលួយ។ លោក​ម៉ូសេ​ខឹង​នឹង​ពួក​គេ។ ចាប់​ពី​ពេល​នោះ​មក រៀង​រាល់​ព្រឹក ពួក​គេ​រើស​អាហារ​ល្មម​ដែល​ខ្លួន​អាច​បរិភោគ​ឆ្អែត។ ពេល​ថ្ងៃ​រះ​ពេញ​កម្ដៅ អាហារ​ដែល​នៅ​សល់​ក៏​រលាយ​បាត់​អស់។