និក្ខមនំ 15:1-18

និក្ខមនំ 15:1-18 គខប

លោក​ម៉ូសេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​គ្នា​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់​ដូច​ត​ទៅ៖ ទូលបង្គំ​ច្រៀង​ថ្វាយ​ព្រះ‌អម្ចាស់ ព្រះអង្គ​មាន​ជ័យ‌ជម្នះ​ដ៏​ត្រចះ‌ត្រចង់ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​សេះ និង​ទាហាន​ដែល​ជិះ​លើ​វា លិច​លង់​ទៅ​ក្នុង​សមុទ្រ! ព្រះ‌អម្ចាស់​ជា​កម្លាំង​របស់​ទូលបង្គំ ទូលបង្គំ​សូម​ច្រៀង​ថ្វាយ​ព្រះអង្គ ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ ព្រះអង្គ​ជា​ព្រះ​របស់​ទូលបង្គំ ទូលបង្គំ​សូម​សរសើរ​តម្កើង​ព្រះអង្គ។ ព្រះអង្គ​ជា​ព្រះ​នៃ​ឪពុក​របស់​ទូលបង្គំ ទូលបង្គំ​សូម​លើក​តម្កើង​ព្រះអង្គ។ ព្រះ‌អម្ចាស់​ជា​វីរ‌បុរស​ដ៏​អង់‌អាច ព្រះអង្គ​មាន​ព្រះ‌នាម​ថា ព្រះ‌អម្ចាស់។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​រទេះ​ចម្បាំង និង​កង‌ទ័ព​របស់​ស្ដេច​ផារ៉ោន វិនាស​នៅ​ក្នុង​សមុទ្រ។ នាយ​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​ជន‌ជាតិ​អេស៊ីប បាន​លង់​ក្នុង​សមុទ្រ​កក់។ ទឹក​សមុទ្រ​ក៏​គ្រប​ពី​លើ​ពួក​គេ ពួក​គេ​ធ្លាក់​ទៅ​ក្នុង​បាត​សមុទ្រ ដូច​ដុំ​ថ្ម។ ព្រះ‌អម្ចាស់​អើយ! ព្រះអង្គ​មាន​ព្រះ‌បារមី ដ៏​ថ្កុំ‌ថ្កើង​អស្ចារ្យ! ព្រះអង្គ​កម្ទេច​ខ្មាំង​សត្រូវ ដោយ​ព្រះ‌បារមី​របស់​ព្រះអង្គ។ ព្រះអង្គ​ប្រកប​ដោយ​ព្រះ‌ចេស្ដា រុងរឿង‌ក្រៃ‌លែង ព្រះអង្គ​ផ្ដួល​រំលំ​អស់​អ្នក​ប្រឆាំង​នឹង​ព្រះអង្គ។ ពេល​ព្រះ‌ពិរោធ​របស់​ព្រះអង្គ​ឆាប‌ឆេះ​ឡើង នោះ​ពួក​គេ​ត្រូវ​ឆេះ ដូច​ភ្លើង​ឆេះ​គំនរ​ចំបើង។ ពេល​ខ្យល់​របស់​ព្រះអង្គ​បក់​បោក​មក ផ្ទៃ​ទឹក​ក៏​មក​មូល​ផ្ដុំ​គ្នា រលក​សមុទ្រ​ងើប​ឡើង ដូច​ទំនប់​ទឹក​ដែល​នៅ​ទី​ជម្រៅ ក៏​មក​កក‌កុញ​នៅ​បាត​សមុទ្រ​ដែរ។ ខ្មាំង​សត្រូវ​ពោល​ថា: ខ្ញុំ​ដេញ​តាម​គេ ខ្ញុំ​នឹង​តាម​គេ​ទាន់ ខ្ញុំ​នឹង​ទទួល​ចំណែក​ជយ‌ភណ្ឌ យ៉ាង​បរិបូណ៌​ហូរ‌ហៀរ ខ្ញុំ​នឹង​ហូត​ដាវ​ប្រហារ​ជីវិត​គេ។ ព្រះអង្គ​បាន​ផ្លុំ​ខ្យល់ ធ្វើ​ឲ្យ​ទឹក​សមុទ្រ គ្រប​ទៅ​លើ​ពួក​គេ! ពួក​គេ​លិច​ទៅ​ក្នុង​មហា​សាគរ ដូច​ជា​ដុំ​សំណ។ ព្រះ‌អម្ចាស់​អើយ តើ​មាន​ព្រះ​ណា​អាច​ផ្ទឹម​នឹង ព្រះអង្គ​បាន? តើ​នរណា​មាន​ភាព​ថ្កុំ‌ថ្កើង​ដ៏វិសុទ្ធ​ដូច​ព្រះអង្គ។ ព្រះអង្គ​ជា​ព្រះ​គួរ​ឲ្យ​កោត​ស្ញប់‌ស្ញែង គួរ​សរសើរ​តម្កើង ព្រះអង្គ​សម្តែង​ឫទ្ធិ‌បាដិ‌ហារិយ៍​ដ៏​អស្ចារ្យ។ ពេល​ព្រះអង្គ​លើក​ព្រះ‌ហស្ដ​ស្ដាំ​ឡើង ដី​ក៏​ស្រូប​ខ្មាំង​សត្រូវ​បាត់​អស់​ទៅ។ ព្រះអង្គ​បាន​លោះ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ! ហើយ​ដឹក​នាំ​ពួក​គេ ព្រះអង្គ​ប្រើ​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ នាំ​ពួក​គេ​ឆ្ពោះ​ទៅ​កាន់​ព្រះ‌ដំណាក់ ដ៏វិសុទ្ធ​របស់​ព្រះអង្គ។ ពេល​ឮ​ដំណឹង​នេះ ជាតិ​សាសន៍​នានា​ភ័យ​ញ័រ អ្នក​ស្រុក​ភីលីស្ទីន​នាំ​គ្នា​ភ័យ​តក់‌ស្លុត មេ‌ទ័ព​របស់​ស្រុក​អេដុម​នាំ​គ្នា​ញ័រ​រន្ធត់ ទាហាន​ដ៏​អង់‌អាច​នៅ​ស្រុក​ម៉ូអាប់​ភិត‌ភ័យ អ្នក​ស្រុក​កាណាន​ទាំង​អស់​ស្លុត​ស្មារតី។ ពួក​គេ​ព្រឺ​ខ្លាច និង​ភ័យ​រន្ធត់​យ៉ាង​ខ្លាំង។ ព្រះ‌អម្ចាស់​អើយ ពេល​ឃើញ​ព្រះអង្គ​សម្តែង​ព្រះ‌បារមី​ដ៏​ខ្លាំង‌ក្លា ពួក​គេ​ភាំង​ស្មារតី និយាយ​លែង​ចេញ រហូត​ទាល់​តែ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ឆ្លង​ផុត គឺ​ប្រជា‌រាស្ត្រ​ដែល​ព្រះអង្គ​បាន​លោះ​ឆ្លង​ផុត​ទៅ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ទៅ​ដាក់​លើ ភ្នំ​ដែល​ជា​ចំណែក​មត៌ក​របស់​ព្រះអង្គ ជា​កន្លែង​ដែល​ព្រះអង្គ​បាន​រៀបចំ​សម្រាប់​គង់​នៅ។ ព្រះ‌អម្ចាស់​អើយ ព្រះអង្គ​បាន​សង់​ទីសក្ការៈ​របស់​ព្រះអង្គ​ឡើង ដោយ​ព្រះ‌ហស្ដ​ព្រះអង្គ​ផ្ទាល់។ ព្រះ‌អម្ចាស់​នឹង​គ្រង​រាជ្យ​អស់‌កល្ប​ជានិច្ច រហូត​ត​រៀង​ទៅ។