លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ ពេញមួយយប់នោះ ព្រះអម្ចាស់ធ្វើឲ្យមានខ្យល់បក់ពីទិសខាងកើតយ៉ាងខ្លាំង រុញច្រានទឹកសមុទ្រ ធ្វើឲ្យទឹកសមុទ្ររីងស្ងួត។ ផ្ទៃទឹកក៏ញែកចេញពីគ្នា ហើយជនជាតិអ៊ីស្រាអែលនាំគ្នាដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងនៅសងខាងពួកគេ។ កងទ័ពអេស៊ីប ទាំងសេះរបស់ព្រះចៅផារ៉ោន ទាំងរទេះចម្បាំង និងទ័ពសេះទាំងប៉ុន្មាន ដែលដេញតាមពីក្រោយ ក៏ចូលទៅកណ្ដាលសមុទ្រដែរ។ លុះពេលទៀបភ្លឺ ព្រះអម្ចាស់ដែលគង់នៅក្នុងដុំភ្លើង និងដុំពពក ទតទៅកងទ័ពអេស៊ីប ធ្វើឲ្យកងទ័ពនោះជ្រួលច្របល់។ ព្រះអង្គធ្វើឲ្យរទេះចម្បាំងរបូតកង់ ហើយកឿងទៅមុខមិនរួច។ ជនជាតិអេស៊ីបស្រែកឡើងថា៖ «ចូរយើងនាំគ្នារត់ឲ្យឆ្ងាយពីជនជាតិអ៊ីស្រាអែលទៅ ដ្បិតព្រះអម្ចាស់រួមជាមួយពួកគេ ច្បាំងតទល់នឹងពួកយើងហើយ!»។ ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរលើកដៃតម្រង់ទៅសមុទ្រ ឲ្យទឹកសមុទ្រវិលមកគ្របលើជនជាតិអេស៊ីប រទេះចម្បាំង និងទ័ពសេះរបស់ពួកគេ»។ លោកម៉ូសេលើកដៃតម្រង់ទៅសមុទ្រ។ នៅពេលថ្ងៃរះ ទឹកសមុទ្រក៏ហូរត្រឡប់មកកន្លែងដើមវិញ។ ជនជាតិអេស៊ីបនាំគ្នារត់គេចមិនទាន់ ដ្បិតព្រះអម្ចាស់ធ្វើឲ្យពួកគេលិចលង់នៅកណ្ដាលសមុទ្រ។ ទឹកហូរត្រឡប់មកវិញ គ្របលើរទេះចម្បាំង ទ័ពសេះ និងកងទ័ពទាំងមូលរបស់ព្រះចៅផារ៉ោន ដែលដេញតាមជនជាតិអ៊ីស្រាអែល គ្មាននរណាម្នាក់រត់រួចឡើយ។ ចំណែកឯជនជាតិអ៊ីស្រាអែលវិញ គេបានដើរតាមបាតសមុទ្រ ដោយមានទឹកសមុទ្រដូចកំពែងអមសងខាងពួកគេ។ នៅថ្ងៃនោះ ព្រះអម្ចាស់បានសង្គ្រោះជនជាតិអ៊ីស្រាអែល ឲ្យរួចពីកណ្ដាប់ដៃរបស់ជនជាតិអេស៊ីប។ ជនជាតិអ៊ីស្រាអែលឃើញសាកសពជនជាតិអេស៊ីបនៅតាមឆ្នេរសមុទ្រ។ ជនជាតិអ៊ីស្រាអែលឃើញឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអម្ចាស់ ដែលបានប្រហារជនជាតិអេស៊ីប។ ហេតុនេះហើយបានជាប្រជាជនកោតខ្លាចព្រះអម្ចាស់។ ពួកគេជឿលើព្រះអម្ចាស់ និងលោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ។
អាន និក្ខមនំ 14
ស្ដាប់នូវ និក្ខមនំ 14
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 14:21-31
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ