ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ត្រូវញែកកូនច្បងទាំងអស់ ទោះបីមនុស្ស ឬសត្វក្ដី ទុកជាសក្ការៈសម្រាប់យើង។ កូនដំបូងទាំងអស់នៃជនជាតិអ៊ីស្រាអែលជាកម្មសិទ្ធិរបស់យើង»។ លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនថា៖ «ចូរអ្នករាល់គ្នានឹកចាំពីថ្ងៃនេះ គឺថ្ងៃដែលអ្នករាល់គ្នាចេញពីស្រុកអេស៊ីប ជាកន្លែងដែលអ្នករាល់គ្នាជាប់ជាទាសករ។ ព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ នាំអ្នករាល់គ្នាចេញពីស្រុកនោះមក។ ហេតុនេះ អ្នករាល់គ្នាមិនត្រូវបរិភោគនំប៉័ងមានមេទេ។ ថ្ងៃនេះ នៅក្នុងខែចេត្រ អ្នករាល់គ្នាចេញដំណើរ។ ពេលព្រះអម្ចាស់នាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជនជាតិហេត ជនជាតិអាម៉ូរី ជនជាតិហេវី និងជនជាតិយេប៊ូស ជាទឹកដីដ៏សម្បូណ៌សប្បាយ ដែលព្រះអង្គសន្យាជាមួយពួកបុព្វបុរសថា នឹងប្រទានឲ្យអ្នករាល់គ្នា នោះត្រូវនាំគ្នាគោរពបម្រើព្រះអម្ចាស់ ដោយធ្វើពិធីបុណ្យចម្លងក្នុងខែនេះ។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃ អ្នករាល់គ្នាត្រូវបរិភោគនំប៉័ងឥតមេ ហើយនៅថ្ងៃទីប្រាំពីរ ចូរធ្វើពិធីបុណ្យមួយថ្វាយព្រះអម្ចាស់។ ក្នុងអំឡុងពេលប្រាំពីរថ្ងៃនោះ ត្រូវបរិភោគតែនំប៉័ងឥតមេ មិនត្រូវឲ្យមាននំប៉័ងមានមេស្ថិតនៅក្នុងផ្ទះរបស់អ្នក ហើយក៏មិនត្រូវមានមេនំប៉័ងនៅលើទឹកដីរបស់អ្នកដែរ។ នៅថ្ងៃបុណ្យនោះ អ្នករាល់គ្នាត្រូវរៀបរាប់ប្រាប់កូនចៅរបស់អ្នករាល់គ្នាថា: “ពួកយើងធ្វើបុណ្យនេះ ដ្បិតព្រះអម្ចាស់បានជួយពួកយើងឲ្យចាកចេញពីស្រុកអេស៊ីប”។ ពិធីបុណ្យនេះជាសេចក្ដីរំឭកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដើម្បីឲ្យអ្នករាល់គ្នាចងចាំ ហើយប្រកាសក្រឹត្យវិន័យរបស់ព្រះអម្ចាស់ ដ្បិតព្រះអង្គបានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែ នាំអ្នករាល់គ្នាចេញពីស្រុកអេស៊ីប។ ដូច្នេះ រៀងរាល់ឆ្នាំ ពេលដល់ថ្ងៃកំណត់ អ្នករាល់គ្នាត្រូវធ្វើតាមច្បាប់នេះ។ ពេលព្រះអម្ចាស់នាំអ្នករាល់គ្នាចូលទៅក្នុងទឹកដីរបស់ជនជាតិកាណាន ជាទឹកដីដែលព្រះអង្គប្រគល់ឲ្យអ្នករាល់គ្នា ស្របតាមព្រះបន្ទូលដែលព្រះអង្គបានសន្យាជាមួយអ្នករាល់គ្នា និងបុព្វបុរសរបស់អ្នករាល់គ្នានោះ អ្នករាល់គ្នាត្រូវថ្វាយកូនប្រុសច្បង និងកូនឈ្មោលដំបូងរបស់ហ្វូងសត្វទៅព្រះអម្ចាស់ ដ្បិតកូនច្បងទាំងអស់ជាកម្មសិទ្ធិរបស់ព្រះអម្ចាស់។ ចំណែកឯកូនដំបូងរបស់សត្វលា នោះអ្នករាល់គ្នាត្រូវយកកូនចៀមមកថ្វាយជំនួសវិញ។ ប្រសិនបើអ្នករាល់គ្នាមិនលោះវាទេ ត្រូវវាយបំបាក់កកូនលានោះ។ អ្នករាល់គ្នាក៏ត្រូវលោះកូនប្រុសច្បងរបស់អ្នករាល់គ្នាដែរ។ នៅពេលអនាគត ប្រសិនបើកូនចៅរបស់អ្នករាល់គ្នាសួរថា ហេតុអ្វីបានជាធ្វើដូច្នេះ? ត្រូវឆ្លើយថា: ព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែនាំពួកយើងចេញពីស្រុកអេស៊ីប ជាកន្លែងដែលពួកយើងជាប់ជាទាសករ។ ពេលនោះ ស្ដេចផារ៉ោនមិនព្រមអនុញ្ញាតឲ្យពួកយើងចេញមកទេ។ ដូច្នេះ ព្រះអម្ចាស់បានប្រហារកូនច្បងទាំងអស់នៅស្រុកអេស៊ីប គឺទាំងកូនច្បងរបស់មនុស្ស ទាំងកូនដំបូងរបស់សត្វ។ ហេតុនេះហើយបានជាពួកយើងយកកូនឈ្មោលដំបូងទាំងអស់របស់សត្វបូជាថ្វាយព្រះអម្ចាស់ តែពួកយើងលោះកូនប្រុសច្បងរបស់ពួកយើងវិញ។ យញ្ញបូជានេះជាសេចក្ដីរំឭកមួយ ប្រៀបដូចសញ្ញាដែលមានចារទុកនៅលើដៃ និងនៅលើថ្ងាស ដ្បិតព្រះអម្ចាស់បានប្រើឫទ្ធិបារមីដ៏ខ្លាំងពូកែ នាំពួកយើងចេញពីស្រុកអេស៊ីប»។
អាន និក្ខមនំ 13
ស្ដាប់នូវ និក្ខមនំ 13
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: និក្ខមនំ 13:1-16
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ