និក្ខមនំ 12:37-51

និក្ខមនំ 12:37-51 គខប

ជន‌ជាតិ​អ៊ីស្រា‌អែល​ធ្វើ​ដំណើរ​ពី​ក្រុង​រ៉ាម‌សេស​ទៅ​ក្រុង​សិកូត។ ពួក​គេ​មាន​ចំនួន​ប្រមាណ​ប្រាំ​មួយ​សែន​នាក់ ដោយ​មិន​រាប់​ក្មេងៗ​ទេ។ មាន​ប្រជា‌ជន​ដទៃ​ទៀត​ជា​ច្រើន​ចេញ​ដំណើរ​ទៅ​ជា​មួយ​ពួក​គេ​ដែរ ព្រម​ទាំង​មាន​ហ្វូង​ចៀម និង​ហ្វូង​គោ យ៉ាង​ច្រើន​សន្ធឹក​សន្ធាប់​ទៀត​ផង។ ពួក​គេ​ប្រើ​ម្សៅ​មិន​ទាន់​ដោរ ដែល​គេ​បាន​យក​ពី​ស្រុក​អេស៊ីប​មក​នោះ ដុត​ជា​នំប៉័ង​ឥត​មេ ដ្បិត​ជន‌ជាតិ​អេស៊ីប​បាន​ដេញ​ពួក​គេ​ចេញ​មក​យ៉ាង​តក់‌ក្រហល់ គ្មាន​ពេល​នឹង​រៀបចំ​ស្បៀង សម្រាប់​បរិភោគ​តាម​ផ្លូវ​ឡើយ។ ជន‌ជាតិ​អ៊ីស្រា‌អែល​ស្នាក់​នៅ​ស្រុក​អេស៊ីប អស់​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ។ លុះ​ផុត​រយៈ​ពេល​បួន​រយ​សាម‌សិប​ឆ្នាំ​ហើយ នៅ​ពេល​កំណត់​នេះ ប្រជា‌ជន​ទាំង​មូល​របស់​ព្រះ‌អម្ចាស់​ក៏​នាំ​គ្នា​ចាក​ចេញ​ពី​ស្រុក​អេស៊ីប។ នៅ​យប់​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​គ្រប់​ដំណ​ត​រៀង​ទៅ ត្រូវ​តែ​ចាំ​យាម ដើម្បី​នឹក​គុណ​ព្រះ‌អម្ចាស់​ដែល​បាន​នាំ​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ និង​លោក​អើរ៉ុន​ថា៖ «ក្បួន​តម្រា​សម្រាប់​ពិធី​បុណ្យ​ចម្លង*​មាន​ដូច​ត​ទៅ: ជន​បរទេស​គ្មាន​សិទ្ធិ​ចូល​រួម​បរិភោគ​អាហារ​នៃ​ពិធី​បុណ្យ​ចម្លង​ទេ។ ទាសករ​ដែល​អ្នក​រាល់​គ្នា​ទិញ​មក អាច​បរិភោគ​អាហារ​នៃ​បុណ្យ​នេះ​បាន លុះ​ត្រា​តែ​អ្នក​រាល់​គ្នា​ធ្វើ​ពិធី​កាត់​ស្បែក*​ឲ្យ​ជា​មុន​សិន។ សាសន៍​ដទៃ​ដែល​មក​រស់​នៅ​ជា​បណ្ដោះ‌អាសន្ន​ជា​មួយ​អ្នក​រាល់​គ្នា និង​ជន​បរទេស​ដែល​ស៊ី​ឈ្នួល​អ្នក​រាល់​គ្នា ក៏​គ្មាន​សិទ្ធិ​បរិភោគ​អាហារ​នៃ​ពិធី​បុណ្យ​នេះ​ដែរ។ ត្រូវ​បរិភោគ​នៅ​ក្នុង​ផ្ទះ គឺ​មិន​ត្រូវ​យក​សាច់​ចេញ​ទៅ​ក្រៅ​ផ្ទះ​ជា​ដាច់​ខាត ហើយ​មិន​ត្រូវ​បំបាក់​ឆ្អឹង​សត្វ​ឡើយ។ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ត្រូវ​ប្រារព្ធ​ពិធី​បុណ្យ​នេះ។ ប្រសិន​បើ​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ចង់​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ចម្លង​ថ្វាយ​ព្រះ‌អម្ចាស់​ដែរ នោះ​ត្រូវ​ឲ្យ​ប្រុសៗ​របស់​ពួក​គេ​ទទួល​ពិធី​កាត់​ស្បែក​ជា​មុន​សិន ទើប​គេ​អាច​ចូល​រួម​ប្រារព្ធ​ពិធី​បុណ្យ​ដូច​ម្ចាស់​ស្រុក​ដែរ។ ជន​មិន​កាត់​ស្បែក​ពុំ​អាច​ចូល​រួម​បរិភោគ​អាហារ​នៃ​បុណ្យ​ចម្លង​ជា​ដាច់​ខាត។ មាន​ក្រឹត្យ‌វិន័យ​តែ​មួយ​សម្រាប់​ម្ចាស់​ស្រុក និង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា»។ ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​អស់​នាំ​គ្នា​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ និង​លោក​អើរ៉ុន។ នៅ​ថ្ងៃ​កំណត់​នោះ ព្រះ‌អម្ចាស់​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាក​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​មាន​របៀប​រៀប​រយ​ដូច​កង‌ទ័ព។