នាងអេសធើរ 6:10-14

នាងអេសធើរ 6:10-14 គខប

ព្រះ‌រាជា​មាន​រាជ‌ឱង្ការ​ទៅ​កាន់​លោក​ហាម៉ាន​ថា៖ «បើ​ដូច្នេះ សុំ​លោក​ប្រញាប់​យក​ព្រះ‌ភូសា​ទៅ​បំពាក់​ជូន​លោក​ម៉ាដេ‌កាយ ជា​ជន‌ជាតិ​យូដា ដែល​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​រាជ‌វាំង ហើយ​ឲ្យ​គាត់​ឡើង​ជិះ​សេះ ដូច​លោក​មាន​ប្រសាសន៍​ចុះ! ចូរ​ប្រព្រឹត្ត​ចំពោះ​គាត់ ឲ្យ​បាន​ដូច​ពាក្យ​របស់​លោក ឥត​ចន្លោះ​ត្រង់​ណា​ឡើយ»។ លោក​ហាម៉ាន​ក៏​យក​ព្រះ‌ភូសា​ទៅ​បំពាក់​ជូន​លោក​ម៉ាដេ‌កាយ ហើយ​ឲ្យ​លោក​ឡើង​ជិះ​សេះ ដង្ហែ​កាត់​តាម​ផ្លូវ​នានា​នៅ​ក្នុង​ទីក្រុង ទាំង​ប្រកាស​ថា «ព្រះ‌រាជា​ប្រព្រឹត្ត​បែប​នេះ ចំពោះ​អ្នក​ដែល​ស្ដេច​សព្វ​ព្រះ‌ហឫទ័យ​ផ្ដល់​កិត្តិយស!»។ បន្ទាប់​មក លោក​ម៉ាដេ‌កាយ​វិល​ត្រឡប់​ទៅ​ប្រចាំ​ការ​នៅ​មាត់​ទ្វារ​រាជ‌វាំង រីឯ​លោក​ហាម៉ាន​ក៏​ប្រញាប់​វិល​ត្រឡប់​ទៅ​ផ្ទះ​វិញ ទាំង​មួហ្មង និង​បាក់​មុខ​យ៉ាង​ខ្លាំង។ លោក​ហាម៉ាន​រៀប​រាប់​ប្រាប់​លោក​ស្រី​សេរែស ជា​ភរិយា និង​មិត្ត‌ភក្ដិ​ជិត​ស្និទ្ធ​អំពី​ហេតុ‌ការណ៍​ដែល​កើត​មាន​ចំពោះ​លោក។ ទី​ប្រឹក្សា​របស់​លោក ព្រម​ទាំង​លោក​ស្រី​សេរែស ជា​ភរិយា ពោល​ទៅ​កាន់​លោក​ថា៖ «ម៉ាដេ‌កាយ​ដែល​លោក​កំពុង​តែ​ចាញ់​ប្រៀប​នោះ ជា​សាសន៍​យូដា ដូច្នេះ លោក​ពុំ​អាច​តទល់​នឹង​គាត់​បាន​ឡើយ គឺ​លោក​មុខ​ជា​ចាញ់​ប្រៀប​គាត់​រហូត​មិន​ខាន»។ អ្នក​ទាំង​នោះ​និយាយ​មិន​ទាន់​ផុត​ពី​មាត់​ផង ស្រាប់​តែ​ពួក​មហា‌តលិក​របស់​ស្ដេច​ចូល​មក​ដល់ ហើយ​រូត‌រះ​នាំ​លោក​ហាម៉ាន​ទៅ​ចូល​រួម​ក្នុង​ពិធី​ជប់‌លៀង​ដែល​ព្រះ‌នាង​អេសធើរ​បាន​រៀបចំ។