អេភេសូ 6:13-20

អេភេសូ 6:13-20 គខប

ហេតុ​នេះ ចូរ​បងប្អូន​ប្រើ​គ្រឿង​សស្ត្រា‌វុធ​ទាំង​ប៉ុន្មាន​របស់​ព្រះ‌ជាម្ចាស់​ទៅ ដើម្បី​ឲ្យ​បងប្អូន​អាច​តទល់​នៅ​ថ្ងៃ​អពមង្គល ហើយ​មាន​ជំហរ​រឹង‌ប៉ឹង​ដដែល ដោយ​បាន​ប្រើ​គ្រប់​មធ្យោ‌បាយ។ ដូច្នេះ ចូរ​មាន​ជំហរ​រឹង‌ប៉ឹង​ឡើង ចូរ​យក​សេចក្ដី​ពិត​មក​ក្រវាត់​ចង្កេះ យក​សេចក្ដី​សុចរិត​ធ្វើ​ជា​អាវ‌ក្រោះ យក​ចិត្ត​ប្រុង​ប្រៀប​ផ្សាយ​ដំណឹង‌ល្អ​អំពី​សេចក្ដី​សុខ‌សាន្ត មក​ពាក់​ជា​ស្បែក​ជើង។ ជា​ពិសេស ចូរ​យក​ជំនឿ​ធ្វើ​ជា​ខែល ដើម្បី​ឲ្យ​បងប្អូន​អាច​ពន្លត់​ព្រួញ​ភ្លើង​ទាំង​ប៉ុន្មាន​របស់​មារ*​កំណាច។ ចូរ​ទទួល​ការ​សង្គ្រោះ​យក​មក​ធ្វើ​ជា​មួក​ដែក និង​យក​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់​មក​ធ្វើ​ជា​ដាវ​របស់​ព្រះ‌វិញ្ញាណ។ ចូរ​អធិស្ឋាន*​គ្រប់​ពេល​វេលា តាម​ការ​ណែ‌នាំ​របស់​ព្រះ‌វិញ្ញាណ ដោយ​ប្រើ​ទាំង​ពាក្យ​អធិស្ឋាន ទាំង​ពាក្យ​អង្វរ​គ្រប់​យ៉ាង ហើយ​ប្រុង​ស្មារតី​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់ ដោយ​ចិត្ត​ព្យាយាម​បំផុត សម្រាប់​ប្រជា‌ជន​ដ៏វិសុទ្ធ*​ទាំង​អស់។ ចូរ​អង្វរ​ព្រះអង្គ​សម្រាប់​ខ្ញុំ​ផង សូម​ព្រះអង្គ​ប្រទាន​ឲ្យ​ខ្ញុំ​រក​បាន​ពាក្យ​ត្រឹម​ត្រូវ នៅ​ពេល​ណា​ខ្ញុំ​ហា​មាត់​និយាយ សូម​ប្រទាន​ឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់‌អាច នាំ​គេ​ឲ្យ​ស្គាល់​គម្រោង‌ការ​ដ៏​លាក់​កំបាំង​នៃ​ដំណឹង‌ល្អ* ទោះ​បី​ខ្ញុំ​ជាប់​ឃុំ‌ឃាំង​ក៏​ដោយ ក៏​ខ្ញុំ​នៅ​តែ​ជា​ទូត​នៃ​ដំណឹង‌ល្អ​នេះ​ដែរ ដូច្នេះ សូម​ទូល‌អង្វរ​ព្រះអង្គ​ឲ្យ​ខ្ញុំ​មាន​ចិត្ត​អង់‌អាច និយាយ​តាម​ដែល​ខ្ញុំ​ត្រូវ​និយាយ។