ទុតិយកថា 34

34
លោក​ម៉ូសេ​ទទួល​មរណ‌ភាព
1លោក​ម៉ូសេ​ឡើង​ពី​វាល​ទំនាប​ស្រុក​ម៉ូអាប់​ឆ្ពោះ​ទៅ​ភ្នំ​នេបូ ត្រង់​កំពូល​ភ្នំ​ពីសកា ដែល​ស្ថិត​នៅ​ទល់​មុខ​ក្រុង​យេរីខូ ។ ព្រះ‌អម្ចាស់​បាន​បង្ហាញ​ឲ្យ​លោក​ឃើញ​ស្រុក​ទាំង​មូល គឺ​ទឹក​ដី​ស្រុក​កាឡាត​រហូត​ដល់​ក្រុង​ដាន់ 2ទឹក​ដី​ណែប‌ថាលី​ទាំង​មូល ទឹក​ដី​អេប្រាអ៊ីម និង​ម៉ាណា‌សេ ទឹក​ដី​ស្រុក​យូដា​ទាំង​មូល រហូត​ដល់​សមុទ្រ​មេឌី‌ទែរ៉ាណេ 3តំបន់​ណេកិប ព្រម​ទាំង​តំបន់​ជុំ‌វិញ​ទន្លេ​យ័រដាន់ ក្រុង​យេរីខូ​ដែល​ជា​ក្រុង​ដើម​លម៉ើ រហូត​ដល់​ក្រុង​សូអារ។ 4 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖ «នេះ​ជា​ស្រុក​ដែល​យើង​បាន​សន្យា​យ៉ាង​ម៉ឺង‌ម៉ាត់​ចំពោះ​អប្រាហាំ អ៊ីសាក និង​យ៉ាកុប​ថា “យើង​នឹង​ប្រគល់​ស្រុក​នេះ​ឲ្យ​ពូជ‌ពង្ស​របស់​អ្នក”។ យើង​បង្ហាញ​ឲ្យ​អ្នក​ឃើញ​ស្រុក​នេះ​ផ្ទាល់​នឹង​ភ្នែក តែ​អ្នក​នឹង​មិន​ចូល​ទៅ​ឡើយ»។
5លោក​ម៉ូសេ ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់ បាន​ទទួល​មរណ‌ភាព​នៅ​ទី​នោះ គឺ​នៅ​ក្នុង​ស្រុក​ម៉ូអាប់ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់6ព្រះ‌អម្ចាស់​បញ្ចុះ​សព​លោក​នៅ​ជ្រលង​ភ្នំ ក្នុង​ស្រុក​ម៉ូអាប់ ទល់​មុខ​នឹង​បេត‌ពេអ៊រ។ រហូត​មក​ទល់​សព្វ​ថ្ងៃ​នេះ ពុំ​មាន​នរណា​ម្នាក់​ស្គាល់​ផ្នូរ​របស់​លោក​ឡើយ។ 7ពេល​លោក​ម៉ូសេ​ទទួល​មរណ‌ភាព​នោះ លោក​មាន​អាយុ​មួយ​រយ​ម្ភៃ​ឆ្នាំ តែ​ភ្នែក​លោក​មិន​អន់​ទេ រីឯ​កម្លាំង​របស់​លោក ក៏​មិន​ចុះ​អន់‌ថយ​ដែរ។ 8ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​កាន់​ទុក្ខ​លោក​ម៉ូសេ អស់​រយៈ​ពេល​សាម‌សិប​ថ្ងៃ នៅ​វាល​ទំនាប​ស្រុក​ម៉ូអាប់ ពួក​គេ​យំ​កាន់​ទុក្ខ​លោក​រហូត​ទាល់​តែ​ផុត​កំណត់​ពេល​សាម‌សិប​ថ្ងៃ​នោះ។
9លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ពោរ‌ពេញ​ដោយ​ប្រាជ្ញា‌ញាណ ដ្បិត​លោក​ម៉ូសេ​បាន​ដាក់​ដៃ​លើ​លោក ។ ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​គ្នា​ស្ដាប់​បង្គាប់​លោក​យ៉ូស្វេ ដោយ​ធ្វើ​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ។
10 នៅ​ស្រុក​អ៊ីស្រា‌អែល​ពុំ​ដែល​មាន​ព្យាការី​ណា​ម្នាក់​ដូច​លោក​ម៉ូសេ​ទេ គឺ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ជា​មួយ​លោក មុខ​ទល់​នឹង​មុខ។ 11គ្មាន​នរណា​ម្នាក់​សម្តែង​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍ ដូច​ព្រះ‌អម្ចាស់​ចាត់​លោក​ឲ្យ​ទៅ​សម្តែង​នៅ​ស្រុក​អេស៊ីប ប្រឆាំង​នឹង​ព្រះចៅ​ផារ៉ោន ព្រម​ទាំង​រាជ​បម្រើ និង​ប្រជា‌ជន​ទាំង​មូល​នៅ​ស្រុក​នោះ​ឡើយ 12ហើយ​ក៏​គ្មាន​នរណា​ម្នាក់​អាច​សម្តែង​ឫទ្ធិ‌បារមី​គួរ​ឲ្យ​ស្ញែង​ខ្លាច នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល ដូច​លោក​ម៉ូសេ​ដែរ។

ទើបបានជ្រើសរើសហើយ៖

ទុតិយកថា 34: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ