ទុតិយកថា 21
21
ករណីឃាតករដែលគេពុំស្គាល់មុខ
1«នៅក្នុងទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាកម្មសិទ្ធិ ប្រសិនបើគេប្រទះឃើញសាកសពនរណាម្នាក់នៅតាមចម្ការ ហើយគេមិនដឹងមុខឃាតករទេ 2ពួកព្រឹទ្ធាចារ្យ* និងពួកចៅក្រម ត្រូវវាស់ចម្ងាយពីកន្លែងសាកសពនោះ ទៅក្រុងនានាដែលនៅជុំវិញ។ 3កាលដឹងថា ក្រុងណាមួយនៅជិតសាកសពជាងគេ ពួកព្រឹទ្ធាចារ្យរបស់ក្រុងនោះត្រូវយកគោញីស្ទាវមួយមក គឺគោដែលគេពុំធ្លាប់ទឹម ឬប្រើឲ្យធ្វើការនៅឡើយ។ 4ពួកព្រឹទ្ធាចារ្យរបស់ទីក្រុងត្រូវនាំគោញីស្ទាវនោះចុះទៅកាន់ជ្រោះមួយ ដែលមានទឹកហូរមិនចេះរីង ហើយជាកន្លែងគ្មាននរណាសាបព្រោះ ឬដាំដំណាំទេ។ គេត្រូវវាយបំបាក់កគោញី នៅក្នុងជ្រោះ។ 5ពេលនោះ ពួកបូជាចារ្យ*ពីកុលសម្ព័ន្ធ*លេវីនាំគ្នាចូលមក - ព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសពួកបូជាចារ្យឲ្យនៅបម្រើព្រះអង្គ និងឲ្យពរប្រជាជន ក្នុងព្រះនាមព្រះអង្គ។ ពេលប្រជាជនមានជម្លោះ ឬវាយតប់គ្នារហូតដល់របួស ក៏ពួកបូជាចារ្យមានមុខងារអារកាត់រឿងរ៉ាវរបស់ពួកគេដែរ។ 6ព្រឹទ្ធាចារ្យរបស់ក្រុងដែលនៅជិតសាកសព ត្រូវនាំគ្នាលាងដៃពីលើគោញី ដែលគេវាយបំបាក់កនៅក្នុងជ្រោះ 7ទាំងប្រកាសថា “យើងខ្ញុំពុំបានធ្វើឃាតជនរងគ្រោះនេះទេ ហើយយើងខ្ញុំក៏ពុំបានឃើញនរណាធ្វើឃាតគេដែរ។ 8ព្រះអម្ចាស់អើយ សូមលើកលែងទោសអ៊ីស្រាអែល ដែលជាប្រជារាស្ត្ររបស់ព្រះអង្គ ឲ្យរួចពីបាបផង។ សូមកុំឲ្យអ៊ីស្រាអែលជាប្រជារាស្ត្រដែលព្រះអង្គបានរំដោះ ត្រូវទទួលទោស ព្រោះឃាតកម្មទៅលើជនស្លូតត្រង់នេះឡើយ”។ ធ្វើដូច្នេះ ពួកគេនឹងគ្មានទោស ព្រោះតែឃាតកម្មនេះទេ។
9រីឯអ្នកវិញ ត្រូវលុបបំបាត់ការសម្លាប់ជនស្លូតត្រង់ឲ្យអស់ពីចំណោមអ្នក ហើយប្រព្រឹត្តតែអំពើត្រឹមត្រូវដែលគាប់ព្រះហឫទ័យព្រះអម្ចាស់»។
ច្បាប់ស្ដីអំពីស្ត្រីដែលជាឈ្លើយសឹក
10«ពេលណាអ្នកចេញទៅច្បាំងនឹងខ្មាំងសត្រូវ ប្រសិនបើព្រះអម្ចាស់ប្រគល់ពួកគេមកក្នុងកណ្ដាប់ដៃរបស់អ្នក ហើយអ្នកចាប់ពួកគេមកជាឈ្លើយ 11ក្នុងចំណោមស្ត្រីៗដែលអ្នកចាប់មកជាឈ្លើយ អ្នកប្រហែលជាឃើញស្ត្រីម្នាក់មានរូបឆោមស្អាត ហើយអ្នកចាប់ចិត្តស្រឡាញ់ ចង់បាននាងមកធ្វើជាភរិយា 12ត្រូវយកនាងចូលមកក្នុងផ្ទះរបស់អ្នក ហើយឲ្យនាងកោរសក់ និងកាត់ក្រចកដៃ ក្រចកជើង 13នាងត្រូវប្ដូរសម្លៀកបំពាក់ ដែលនាងស្លៀក នៅពេលគេចាប់នាងមកជាឈ្លើយសឹកចេញ#២១.១៣ កោរសក់ កាត់ក្រចកដៃ ដូរសម្លៀកបំពាក់ ជាកាយវិការបញ្ជាក់ថា នាងលះបង់អតីតកាលរបស់ខ្លួន ហើយចាប់ផ្ដើមជីវិតថ្មី ដោយចូលរួមជាមួយជនជាតិអ៊ីស្រាអែល។ នាងត្រូវរស់នៅក្នុងផ្ទះរបស់អ្នក ហើយយំកាន់ទុក្ខឪពុកម្ដាយរបស់ខ្លួន អស់រយៈពេលមួយខែ។ បន្ទាប់មក អ្នកអាចចូលទៅជិតនាង រៀបការជាមួយនាង ហើយនាងនឹងទៅជាភរិយារបស់អ្នក។ 14ក្រោយមក ប្រសិនបើអ្នកលែងពេញចិត្តនឹងនាងទៀតហើយ នោះត្រូវដោះលែងនាងឲ្យមានសេរីភាពចុះ អ្នកមិនអាចលក់នាង ឬទុកនាងជាខ្ញុំបម្រើទេ ព្រោះអ្នកបានរួមរស់ជាមួយនាងរួចស្រេចទៅហើយ»។
ច្បាប់អំពីសិទ្ធិជាកូនច្បង
15«ប្រសិនបើបុរសម្នាក់មានភរិយាពីរ គាត់ស្រឡាញ់ភរិយាមួយខ្លាំងជាងភរិយាមួយទៀត#២១.១៥ ឃ្លាដើម «បុរសម្នាក់មានភរិយាពីរ គាត់ស្រឡាញ់មួយ ហើយស្អប់មួយ»។ ហើយនាងទាំងពីរមានកូនប្រុសដូចគ្នា តែកូនច្បងជាកូនរបស់នាងដែលគាត់មិនសូវស្រឡាញ់។ 16នៅពេលចែកកេរមត៌កឲ្យកូន គាត់មិនអាចយកចំណែកមត៌កដែលត្រូវបានទៅកូនច្បង ឲ្យកូនប្រុសរបស់ភរិយា ដែលគាត់ស្រឡាញ់ជាងនោះឡើយ ចំណែកនេះត្រូវតែបានទៅលើកូនរបស់ភរិយាដែលគាត់មិនសូវស្រឡាញ់ ព្រោះគេជាកូនច្បង។ 17គាត់ត្រូវតែទទួលស្គាល់ថា កូនច្បង គឺកូនប្រុសរបស់ភរិយាដែលគាត់មិនសូវស្រឡាញ់ ហើយប្រគល់ចំណែកមត៌កឲ្យកូននោះពីរដងច្រើនជាងកូនឯទៀតៗ ដ្បិតកូននេះជាផលដំបូងនៃកម្លាំងរបស់គាត់ ដូច្នេះ គេទទួលឯកសិទ្ធិជាកូនច្បង»។
ច្បាប់ស្ដីអំពីកូនមិនស្ដាប់បង្គាប់ឪពុកម្ដាយ
18«ប្រសិនបើបុរសម្នាក់មានកូនរឹងរូសបះបោរ មិនស្ដាប់បង្គាប់ឪពុកម្ដាយ ទោះបីឪពុកម្ដាយវាយប្រដៅ ក៏វានៅតែមិនស្ដាប់បង្គាប់ដដែល 19ឪពុកម្ដាយត្រូវចាប់វានាំទៅជួបពួកព្រឹទ្ធាចារ្យ*របស់ទីក្រុង នៅកន្លែងដែលគេកាត់ក្ដី។ 20ឪពុកម្ដាយពោលទៅកាន់ពួកព្រឹទ្ធាចារ្យរបស់ទីក្រុងថា “កូនប្រុសរបស់យើងខ្ញុំនេះជាមនុស្សរឹងរូស ហើយបះបោរមិនស្ដាប់បង្គាប់យើងខ្ញុំទេ។ វាជាមនុស្សខិលខូចជាមនុស្សប្រមឹក”។ 21ប្រជាជនទាំងអស់នៅក្នុងទីក្រុងត្រូវយកដុំថ្មគប់សម្លាប់កូននោះ។ ធ្វើដូច្នេះ អ្នកលុបបំបាត់អំពើអាក្រក់ចេញពីចំណោមអ្នក។ ជនជាតិអ៊ីស្រាអែលទាំងមូលដឹងរឿងនេះ ហើយគេនឹងភ័យខ្លាច»។
ច្បាប់ស្ដីអំពីអ្នកទោសដែលគេព្យួរ-ក
22«ប្រសិនបើជនណាម្នាក់មានទោសដល់ស្លាប់ ហើយត្រូវគេយកទៅប្រហារជីវិត ដោយព្យួរ-ក 23#កាឡ. ៣.១៣កុំទុកសាកសពអ្នកនោះជាប់នៅលើដើមឈើដែលគេព្យួរ-ក រហូតដល់យប់ឡើយ គឺត្រូវយកសពទៅបញ្ចុះក្នុងថ្ងៃដែលគេសម្លាប់នោះ ដ្បិតអ្នកដែលគេប្រហារជីវិតដោយព្យួរ-ក ទទួលបណ្ដាសាពីព្រះជាម្ចាស់#២១.២៣ ឬនាំបណ្ដាសាមកពីព្រះជាម្ចាស់។។ ដូច្នេះ មិនត្រូវធ្វើឲ្យទឹកដីដែលព្រះអម្ចាស់ ជាព្រះរបស់អ្នក ប្រទានឲ្យអ្នកទុកជាកេរមត៌ក ក្លាយទៅជាសៅហ្មងឡើយ»។
ទើបបានជ្រើសរើសហើយ៖
ទុតិយកថា 21: គខប
គំនូសចំណាំ
ចែករំលែក
ចម្លង

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល
Khmer Standard Version © 2005 United Bible Societies.