ទុតិយកថា 20

20
ច្បាប់​អំពី​ការ​ចូល​បម្រើ​កង‌ទ័ព
1«ពេល​ណា​អ្នក​ចេញ​ទៅ​ធ្វើ​សឹក​សង្គ្រាម ហើយ​អ្នក​ឃើញ​ថា សត្រូវ​មាន​ទ័ព​សេះ រទេះ​ចម្បាំង និង​ពល​ទាហាន​ច្រើន​ជាង មិន​ត្រូវ​ខ្លាច​ពួក​គេ​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប ទ្រង់​គង់​នៅ​ជា​មួយ​អ្នក។ 2មុន​ពេល​ចូល​ប្រយុទ្ធ បូជា‌ចារ្យ*​ត្រូវ​ចេញ​ទៅ​ឈរ​នៅ​មុខ​ពល​ទាហាន ហើយ​និយាយ​ទៅ​កាន់​ពួក​គេ​ដូច​ត​ទៅ: 3“អ៊ីស្រា‌អែល​អើយ ចូរ​ស្ដាប់! ថ្ងៃ​នេះ អ្នក​រាល់​គ្នា​ត្រូវ​ចូល​ទៅ​ប្រយុទ្ធ​នឹង​ខ្មាំង​សត្រូវ។ មិន​ត្រូវ​បាក់​ទឹក​ចិត្ត ភ័យ​ខ្លាច ញ័រ​រន្ធត់ និង​តក់‌ស្លុត​នៅ​ចំពោះ​មុខ​ពួក​គេ​ឡើយ 4ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យាង​ទៅ​ច្បាំង​ជា​មួយ​អ្នក​រាល់​គ្នា ដើម្បី​វាយ​ប្រហារ​ខ្មាំង​សត្រូវ​ជំនួស​អ្នក​រាល់​គ្នា ហើយ​ប្រទាន​ឲ្យ​អ្នក​រាល់​គ្នា​មាន​ជ័យ‌ជម្នះ”។
5បន្ទាប់​មក ពួក​មេ‌ទ័ព​ត្រូវ​និយាយ​ទៅ​កាន់​ពល​ទាហាន​ថា: “ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​នរណា​ម្នាក់​ទើប​នឹង​សង់​ផ្ទះ​ថ្មី ហើយ​ពុំ​ទាន់​បាន​ឡើង​ផ្ទះ​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​ឡើង​ផ្ទះ​ជំនួស។ 6បើ​មាន​នរណា​ម្នាក់​ដាំ​ទំពាំង‌បាយជូរ ហើយ​ពុំ​ទាន់​បាន​ទទួល​ផល​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​ទទួល​ផល​ជំនួស។ 7បើ​នរណា​ម្នាក់​មាន​គូ‌ដណ្ដឹង តែ​មិន​ទាន់​បាន​រៀបការ​ជា​មួយ​នាង​នៅ​ឡើយ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​ត្រូវ​ស្លាប់​នៅ​សមរ‌ភូមិ រួច​មាន​ម្នាក់​ទៀត​រៀបការ​នឹង​នាង”។ 8នាយ​ទាហាន​ត្រូវ​និយាយ​ទៅ​កាន់​ពល​ទ័ព​ទៀត​ថា: “បើ​នរណា​ភ័យ​ខ្លាច ឬ​គ្មាន​ទឹក​ចិត្ត​ក្លាហាន​ទេ ចូរ​ឲ្យ​អ្នក​នោះ​វិល​ទៅ​ផ្ទះ​វិញ​ចុះ ក្រែង​លោ​គេ​នាំ​ឲ្យ​បងប្អូន​ឯ​ទៀតៗ​បាក់​ទឹក​ចិត្ត​ដូច​ខ្លួន​ដែរ”។ 9ពេល​មេ‌ទ័ព​និយាយ​បែប​នេះ​ទៅ​កាន់​ពល​ទាហាន​ហើយ ពួក​គេ​ក៏​ចាត់​តាំង​ឲ្យ​មាន​មេ​ក្រុម នាំ​មុខ​ពល​ទាហាន​ទាំង​នោះ»។
ច្បាប់​អំពី​ការ​ឡោម‌ព័ទ្ធ​ក្រុង
10«ពេល​ណា​អ្នក​ចូល​ទៅ​ជិត​ក្រុង​មួយ ដើម្បី​វាយ​យក​ក្រុង​នោះ ត្រូវ​ស្នើ​ឲ្យ​ពួក​គេ​ចុះ​ចូល​ជា​មុន​សិន។ 11ប្រសិន​បើ​អ្នក​ក្រុង​នោះ​យល់​ព្រម​ទទួល​សំណើ ហើយ​បើក​ទ្វារ​ក្រុង​ឲ្យ​អ្នក​ចូល ប្រជា‌ជន​ទាំង​មូល​ក្នុង​ក្រុង​នោះ​ត្រូវ​តែ​ចំណុះ​អ្នក ហើយ​ធ្វើ​ការ​បម្រើ​អ្នក។ 12ប្រសិន​បើ​អ្នក​ក្រុង​នោះ​មិន​ព្រម​ទទួល​សំណើ ហើយ​ចង់​ធ្វើ​សឹក​ជា​មួយ​អ្នក ត្រូវ​ឡោម‌ព័ទ្ធ​ទីក្រុង 13ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក នឹង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ហើយ​អ្នក​ត្រូវ​ប្រហារ​ប្រុសៗ​ទាំង​អស់​របស់​ពួក​គេ ដោយ​មុខ​ដាវ។ 14ចំណែក​ឯ​ស្រីៗ ក្មេងៗ ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ទាំង​ប៉ុន្មាន​នៅ​ក្នុង​ទីក្រុង អ្នក​អាច​រឹប​អូស​ជា​ជយ‌ភណ្ឌ អ្នក​អាច​បរិភោគ​សាច់​របស់​សត្វ​រឹប​អូស​យក​ពី​ខ្មាំង​សត្រូវ ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក។ 15អ្នក​ត្រូវ​ប្រព្រឹត្ត​បែប​នេះ​ចំពោះ​ក្រុង​ទាំង​អស់​ដែល​នៅ​ឆ្ងាយៗ​ពី​អ្នក ជា​ក្រុង​ដែល​មិន​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុង​របស់​ប្រជា‌ជាតិ​ទាំង​នេះ​ទេ។ 16រីឯ​ក្រុង​របស់​ជាតិ​សាសន៍​ទាំង‌ឡាយ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រគល់​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក ជា​កេរ‌មត៌ក អ្នក​មិន​ត្រូវ​ទុក​ជីវិត​ឲ្យ​នរណា​ម្នាក់​សោះ​ឡើយ 17គឺ​អ្នក​ត្រូវ​បំផ្លាញ​ជន‌ជាតិ​ហេត ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​កាណាន ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះអង្គ​បាន​បង្គាប់​ទុក។ 18ធ្វើ​ដូច្នេះ ពួក​គេ​នឹង​មិន​បង្រៀន​អ្នក​រាល់​គ្នា ឲ្យ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម ដែល​ពួក​គេ​ធ្លាប់​ប្រព្រឹត្ត​ចំពោះ​ព្រះ​របស់​ខ្លួន ជា​អំពើ​បាប​ទាស់​នឹង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។ 19ប្រសិន​បើ​អ្នក​ឡោម‌ព័ទ្ធ​ទីក្រុង​មួយ អស់​រយៈ​ពេល​យ៉ាង​យូរ ដើម្បី​វាយ​ដណ្ដើម​យក​ក្រុង​នោះ អ្នក​មិន​ត្រូវ​យក​ពូថៅ​កាប់​បំផ្លាញ​ដើម​ឈើ នៅ​ទី​នោះ​ឡើយ។ ត្រូវ​បរិភោគ​ផ្លែ​ឈើ​នោះ គឺ​កុំ​កាប់​វា​ចោល​ឲ្យ​សោះ ដ្បិត​ដើម​ឈើ​នៅ​តាម​ចម្ការ​មិន​មែន​ជា​មនុស្ស​ទេ ដូច្នេះ កុំ​ធ្វើ​សឹក​នឹង​ដើម​ឈើ​ទាំង​នោះ។ 20ក៏​ប៉ុន្តែ ដើម​ឈើ​ណា​ដែល​អ្នក​ឃើញ​ថា​មិន​មែន​ជា​ដើម​ឈើ​ស៊ី​ផ្លែ អ្នក​អាច​កាប់​ដើម​ឈើ​នោះ​យក​ទៅ​ធ្វើ​ជា​ប៉ម ដើម្បី​វាយ​លុក​ក្រុង​ដែល​អ្នក​ធ្វើ​សឹក រហូត​ដល់​អ្នក​វាយ​យក​ក្រុង​នោះ​បាន»។

ទើបបានជ្រើសរើសហើយ៖

ទុតិយកថា 20: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល