ទុតិយកថា 2

2
1 បន្ទាប់​មក ពួក​យើង​ក៏​ចេញ​ដំណើរ​ទៅ​វាល​រហោ‌ស្ថាន តាម​ផ្លូវ​សមុទ្រ​កក់​ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ។ ពួក​យើង​ធ្វើ​ដំណើរ​ចុះ​ឡើង​ក្នុង​តំបន់​ភ្នំ​សៀរ​ជា​ច្រើន​ថ្ងៃ»។
ជន‌ជាតិ​អ៊ីស្រា‌អែល​ដើរ​វាង​ស្រុក​អេដុម ស្រុក​ម៉ូអាប់ និង​ស្រុក​អាំម៉ូន
2«ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា 3“អ្នក​រាល់​គ្នា​ស្ថិត​នៅ​ក្នុង​តំបន់​ភ្នំ​នេះ​យូរ​ហើយ ដូច្នេះ ចូរ​ចេញ​ដំណើរ​តម្រង់​ទៅ​ទិស​ខាង​ជើង។ 4 ចូរ​បង្គាប់​ប្រជា‌ជន​ថា: អ្នក​រាល់​គ្នា​ត្រូវ​ដើរ​កាត់​តាម​ទឹក​ដី​របស់​កូន​ចៅ​អេសាវ ជា​បងប្អូន​របស់​អ្នក​រាល់​គ្នា ដែល​រស់​នៅ​តំបន់​សៀរ។ ពួក​គេ​នឹង​ភ័យ​ខ្លាច​អ្នក​រាល់​គ្នា ក៏​ប៉ុន្តែ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន។ 5កុំ​ច្បាំង​នឹង​ពួក​គេ​ឡើយ យើង​មិន​ប្រគល់​ស្រុក​របស់​ពួក​គេ​ឲ្យ​អ្នក​រាល់​គ្នា​ទេ សូម្បី​តែ​ប៉ុន​បាត​ជើង​ក៏​យើង​មិន​ឲ្យ​ដែរ ដ្បិត​យើង​បាន​ប្រគល់​តំបន់​ភ្នំ​សៀរ​ឲ្យ​អេសាវ​កាន់​កាប់។ 6ត្រូវ​យក​ប្រាក់​ទិញ​ម្ហូប​អាហារ​ពី​ពួក​គេ​មក​បរិភោគ ហើយ​សូម្បី​តែ​ទឹក​ដែល​អ្នក​រាល់​គ្នា​ផឹក ក៏​ត្រូវ​បង់​ប្រាក់​ដែរ 7ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ពរ​ដល់​អ្នក ក្នុង​គ្រប់​កិច្ចការ​ដែល​អ្នក​ធ្វើ។ ព្រះអង្គ​តាម​ថែ‌រក្សា​អ្នក ក្នុង​ពេល​អ្នក​ធ្វើ​ដំណើរ​នៅ​វាល​រហោ‌ស្ថាន​ដ៏​ធំ​នេះ។ ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក គង់​នៅ​ជា​មួយ​អ្នក អស់​រយៈ​ពេល​សែ‌សិប​ឆ្នាំ​មក​ហើយ អ្នក​មិន​ខ្វះ​ខាត​អ្វី​ទាល់​តែ​សោះ”។
8ពួក​យើង​បាន​ដើរ​វាង​ស្រុក​របស់​កូន​ចៅ​លោក​អេសាវ ជា​បងប្អូន​របស់​យើង ដែល​រស់​នៅ​ក្នុង​តំបន់​ភ្នំ​សៀរ ហើយ​ពួក​យើង​ក៏​បាន​ដើរ​វាង​ឆ្ងាយ​ពី​ផ្លូវ​ទៅ​តំបន់​អារ៉ា‌បា អេឡាត និង​អេស៊ាន-គេប៊ើរ ដែរ។ បន្ទាប់​មក ពួក​យើង​ប្ដូរ​ទិស​ចេញ​ដំណើរ​តាម​ផ្លូវ​ទៅ​វាល​រហោ‌ស្ថាន​ស្រុក​ម៉ូអាប់។
9 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “មិន​ត្រូវ​វាយ​លុក​ស្រុក​ម៉ូអាប់​ឡើយ កុំ​ធ្វើ​សឹក​សង្គ្រាម​ជា​មួយ​ពួក​គេ​ឲ្យ​សោះ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​របស់​គេ​ឲ្យ​អ្នក​ទុក​ជា​កម្មសិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ក្រុង​អើរ ឲ្យ​កូន​ចៅ​របស់​ឡុត ទុក​ជា​កម្មសិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។
10ពី​មុន ជន‌ជាតិ​អេមីម​រស់​នៅ​ក្នុង​ស្រុក​នោះ ពួក​គេ​ជា​ជាតិ​សាសន៍​មួយ​ខ្លាំង​ពូកែ មាន​គ្នា​ច្រើន និង​មាន​មាឌ​ខ្ពស់ៗ ដូច​ជន‌ជាតិ​អណាក់​ដែរ។ 11អ្នក​ឯ​ទៀតៗ​ចាត់​ទុក​ពួក​នោះ​ជា​ជន‌ជាតិ​រេផែម ដូច​ជន‌ជាតិ​អណាក់​ដែរ។ ក៏​ប៉ុន្តែ ជន‌ជាតិ​ម៉ូអាប់​ហៅ​ពួក​គេ​ថា ជន‌ជាតិ​អេមីម។ 12ពី​មុន ជន‌ជាតិ​ហូរី​រស់​នៅ​ស្រុក​សៀរ តែ​កូន​ចៅ​របស់​លោក​អេសាវ​បាន​ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ព្រម​ទាំង​កម្ទេច​ពួក​គេ​ចោល ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ ដូច​ជន‌ជាតិ​អ៊ីស្រា‌អែល​ចាប់​យក​ស្រុក​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ ដោយ​ដេញ​អ្នក​ស្រុក​នោះ​ចេញ​ពី​ស្រុក​ដែរ។
13“ឥឡូវ​នេះ ចូរ​ក្រោក​ឡើង នាំ​គ្នា​ឆ្លង​កាត់​ជ្រោះ​សេរេដ”។ ពួក​យើង​ក៏​ឆ្លង​កាត់​ជ្រោះ​សេរេដ។ 14 ចាប់​ពី​ពេល​ពួក​យើង​ធ្វើ​ដំណើរ​ពី​កាដេស-‌បារនា​មក​ទល់​ពេល​ឆ្លង​កាត់​ជ្រោះ​សេរេដ មាន​រយៈ​ពេល​ទាំង​អស់​សាម‌សិប​ប្រាំ​បី​ឆ្នាំ គឺ​រហូត​ដល់​អស់​អ្នក​ដែល​មាន​អាយុ​ពេញ​វ័យ​ធ្វើ​សឹក​សង្គ្រាម​នៅ​ជំនាន់​នោះ បាន​បាត់​បង់​ជីវិត​អស់ ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​យ៉ាង​ម៉ឺង‌ម៉ាត់​ជា​មួយ​ពួក​គេ។ 15ព្រះ‌អម្ចាស់​បាន​ប្រហារ​ពួក​គេ​អស់​ពី​ជំរំ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល រហូត​ទាល់​តែ​គ្មាន​នៅ​សល់​នរណា​ម្នាក់​ឡើយ។
16ពេល​អស់​អ្នក​ដែល​មាន​អាយុ​ពេញ​វ័យ​ធ្វើ​សឹក​សង្គ្រាម បាន​ស្លាប់​បាត់​អស់​ពី​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល 17ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: 18“ថ្ងៃ​នេះ អ្នក​ត្រូវ​ឆ្លង​កាត់​ព្រំ‌ដែន​ស្រុក​ម៉ូអាប់ ហើយ​ឆ្លង​កាត់​ក្រុង​អើរ 19 ឆ្ពោះ​ទៅ​កាន់​ស្រុក​អាំម៉ូន។ ប៉ុន្តែ កុំ​វាយ​លុក​ពួក​គេ កុំ​ធ្វើ​សឹក​ជា​មួយ​ពួក​គេ​ឡើយ ដ្បិត​យើង​មិន​ប្រគល់​ស្រុក​អាំម៉ូន​ឲ្យ​អ្នក​ធ្វើ​ជា​កម្មសិទ្ធិ​ទេ។ យើង​បាន​ប្រគល់​ស្រុក​នោះ​ឲ្យ​កូន​ចៅ​របស់​ឡុត ធ្វើ​ជា​កម្មសិទ្ធិ​រួច​ស្រេច​ទៅ​ហើយ”។
20គេ​ក៏​ចាត់​ទុក​តំបន់​នោះ​ថា​ជា​ស្រុក​របស់​ជន‌ជាតិ​រេផែម​ដែរ។ ពី​មុន ជន‌ជាតិ​រេផែម​រស់​នៅ​ក្នុង​ស្រុក​នោះ ហើយ​ជន‌ជាតិ​អាំម៉ូន​ហៅ​ពួក​គេ​ថា ជន‌ជាតិ​សាំស៊ូ‌មីម។ 21ពួក​គេ​ជា​ជាតិ​សាសន៍​មួយ​ខ្លាំង​ពូកែ មាន​គ្នា​ច្រើន និង​មាន​មាឌ​ខ្ពស់ៗ ដូច​ជន‌ជាតិ​អណាក់។ ព្រះ‌អម្ចាស់​បាន​កម្ទេច​ពួក​គេ​នៅ​ចំពោះ​មុខ​ជន‌ជាតិ​អាំម៉ូន។ ជន‌ជាតិ​អាំម៉ូន​បាន​បណ្ដេញ​ពួក​គេ​ចេញ​ពី​ស្រុក​នោះ ហើយ​តាំង​ទី​លំ‌នៅ​ជំនួស​ពួក​គេ។ 22ព្រះ‌អម្ចាស់​ធ្វើ​ដូច្នេះ សម្រាប់​កូន​ចៅ​លោក​អេសាវ នៅ​ស្រុក​សៀរ​ដែរ គឺ​ព្រះអង្គ​បាន​កម្ទេច​ជន‌ជាតិ​ហូរី ដែល​នៅ​ក្នុង​ស្រុក​នោះ។ កូន​ចៅ​លោក​អេសាវ​បាន​បណ្ដេញ​ពួក​គេ​ចេញ ហើយ​តាំង​ទី​លំ‌នៅ ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ រហូត​មក​ដល់​សព្វ​ថ្ងៃ។ 23ជន‌ជាតិ​អាវីម​ដែល​រស់​នៅ​តាម​ភូមិ​នានា រហូត​ដល់​ក្រុង​កាសា បាន​ត្រូវ​ជន‌ជាតិ​កាប់‌ថោរ ចេញ​មក​ពី​ស្រុក​កាប់‌ថោរ កម្ទេច​អស់ ហើយ​តាំង​ទី​លំ‌នៅ​ក្នុង​ស្រុក​នោះ​ជំនួស​ពួក​គេ។
24“ចូរ​ក្រោក​ឡើង នាំ​គ្នា​ចេញ​ដំណើរ ហើយ​ឆ្លង​កាត់​ស្ទឹង​អើ‌ណូន។ មើល៍ យើង​បាន​ប្រគល់​ស៊ីហុន​ជា​ជន‌ជាតិ​អាម៉ូរី និង​ជា​ស្ដេច​ក្រុង​ហែស‌បូន ព្រម​ទាំង​ទឹក​ដី​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។ ចូរ​រៀបចំ​ទ័ព​វាយ​លុក​ស្រុក​គេ​ឥឡូវ​នេះ ហើយ​កាន់​កាប់​ស្រុក​នោះ​ចុះ! 25ចាប់​ពី​ថ្ងៃ​នេះ​ទៅ យើង​នឹង​ធ្វើ​ឲ្យ​ជាតិ​សាសន៍​នៅ​គ្រប់​ទី​កន្លែង​ភ័យ​ខ្លាច និង​កោត​ស្ញប់‌ស្ញែង​អ្នក។ ពេល​ណា​ឮ​សូរ​ឈ្មោះ​អ្នក គេ​នឹង​ភ័យ​ញាប់​ញ័រ ហើយ​តក់‌ស្លុត​នៅ​ចំពោះ​មុខ​អ្នក”»។
ជន‌ជាតិ​អ៊ីស្រា‌អែល​វាយ​យក​នគរ​របស់​ស្ដេច​ស៊ីហុន
26«ខ្ញុំ​បាន​ចាត់​អ្នក​នាំ​សារ​ពី​វាល​រហោ‌ស្ថាន​ក្ដេម៉ូត ឲ្យ​ទៅ​ជួប​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហែស‌បូន ដើម្បី​ទូល​ស្ដេច​ដោយ​សម្រួល គឺ​ខ្ញុំ​ឲ្យ​គេ​ទូល​ថា: 27“យើង​ខ្ញុំ​ចង់​ឆ្លង​កាត់​ស្រុក​របស់​ព្រះ‌ករុណា យើង​ខ្ញុំ​គ្រាន់​តែ​ដើរ​តាម​ផ្លូវ​ប៉ុណ្ណោះ យើង​ខ្ញុំ​មិន​ងាក​ទៅ​ស្ដាំ ឬ​ទៅ​ឆ្វេង​ទេ។ 28បើ​ព្រះ‌ករុណា​ផ្គត់‌ផ្គង់​ម្ហូប​អាហារ និង​ទឹក​ដល់​យើង​ខ្ញុំ​បរិភោគ យើង​ខ្ញុំ​នឹង​បង់​ប្រាក់​ថ្វាយ​ព្រះ‌ករុណា យើង​ខ្ញុំ​សូម​ដើរ​កាត់​ស្រុក​របស់​ព្រះ‌ករុណា​តែ​ប៉ុណ្ណោះ។ 29កូន​ចៅ​លោក​អេសាវ​ដែល​រស់​នៅ​ស្រុក​សៀរ បាន​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​គេ ហើយ​ជន‌ជាតិ​ម៉ូអាប់​ដែល​រស់​នៅ​ក្រុង​អើរ ក៏​បាន​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​គេ​ដែរ។ ហេតុ​នេះ សូម​ព្រះ‌ករុណា​មេត្តា​អនុញ្ញាត​ឲ្យ​យើង​ខ្ញុំ​ដើរ​កាត់​ស្រុក​របស់​ព្រះ‌ករុណា រហូត​ដល់​យើង​ខ្ញុំ​ឆ្លង​ទន្លេ​យ័រដាន់​ចូល​ទៅ​ក្នុង​ស្រុក​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ខ្ញុំ ប្រទាន​ឲ្យ​យើង​ខ្ញុំ​នោះ​ផង”។ 30ប៉ុន្តែ ព្រះ‌បាទ​ស៊ីហុន​ជា​ស្ដេច​ក្រុង​ហែស‌បូន ពុំ​ព្រម​ឲ្យ​ពួក​យើង​ឆ្លង​កាត់​ស្រុក​របស់​ខ្លួន​ទេ ព្រោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​អ្នក ធ្វើ​ឲ្យ​ស្ដេច​នោះ​មាន​ចិត្ត​មានះ និង​រឹង‌រូស ដើម្បី​ប្រគល់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក ដូច​អ្នក​ឃើញ​នៅ​ថ្ងៃ​នេះ​ស្រាប់។
31 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​ខ្ញុំ​ថា: “មើល៍ យើង​បាន​ប្រគល់​ស៊ីហុន និង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ឥឡូវ​នេះ​ហើយ។ ដូច្នេះ ចូរ​ទៅ​ចាប់​យក​ស្រុក​នោះ​ឥឡូវ​នេះ​ចុះ”។ 32ស្ដេច​ស៊ីហុន​បាន​លើក​ទ័ព​ទាំង​មូល​ចេញ​មក​រក​ពួក​យើង ដើម្បី​វាយ​លុក​ពួក​យើង នៅ​យ៉ាហាស់។ 33ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ប្រគល់​ស្ដេច​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ពួក​យើង។ ពួក​យើង​បាន​ប្រហារ​ស្ដេច​ស៊ីហុន និង​កូន​របស់​ស្ដេច ព្រម​ទាំង​កង‌ទ័ព​ទាំង​មូល។ 34នៅ​គ្រា​នោះ ពួក​យើង​ដណ្ដើម​យក​បាន​ក្រុង​ទាំង​ប៉ុន្មាន​របស់​ស្ដេច​ស៊ីហុន ហើយ​កម្ទេច​ពួក​គេ ទាំង​ប្រុស​ទាំង​ស្រី និង​ក្មេង​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់ ឥត​ទុក​ជីវិត​នរណា​ម្នាក់​សោះ​ឡើយ។ 35ពួក​យើង​រឹប​អូស​តែ​ហ្វូង​សត្វ និង​ទ្រព្យ​សម្បត្តិ​ពី​ក្រុង​នានា​ដែល​ពួក​យើង​ដណ្ដើម​យក​បាន​ប៉ុណ្ណោះ។ 36ចាប់​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​នៅ​តាម​មាត់​ស្ទឹង​អើ‌ណូន និង​ក្រុង​ឯ​ទៀតៗ​នៅ​ក្នុង​ជ្រលង​ភ្នំ​រហូត​ដល់​ស្រុក​កាឡាដ គ្មាន​ក្រុង​ណា​មួយ​អាច​តទល់​នឹង​ពួក​យើង​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រគល់​ក្រុង​ទាំង​នោះ​មក​ឲ្យ​ពួក​យើង។ 37ប៉ុន្តែ ពួក​យើង​មិន​បាន​ចូល​ទៅ​ជិត​ស្រុក​របស់​ជន‌ជាតិ​អាំម៉ូន ឬ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​មាត់​ស្ទឹង​យ៉ាបុក ឬ​ក្រុង​ទាំង​ប៉ុន្មាន​នៅ​តាម​តំបន់​ភ្នំ និង​ក្រុង​ឯ​ទៀតៗ​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង បាន​ហាម​ឃាត់​នោះ​ឡើយ»។

ទើបបានជ្រើសរើសហើយ៖

ទុតិយកថា 2: គខប

គំនូស​ចំណាំ

ចែក​រំលែក

ចម្លង

None

ចង់ឱ្យគំនូសពណ៌ដែលបានរក្សាទុករបស់អ្នក មាននៅលើគ្រប់ឧបករណ៍ទាំងអស់មែនទេ? ចុះឈ្មោះប្រើ ឬចុះឈ្មោះចូល