«ពួកបូជាចារ្យលេវី និងកុលសម្ព័ន្ធលេវីទាំងមូល គ្មានទឹកដីជាចំណែកមត៌កនៅស្រុកអ៊ីស្រាអែលទេ គឺពួកគេមានតែអាហារពីយញ្ញបូជា និងតង្វាយផ្សេងៗ ដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់ប៉ុណ្ណោះ។ ពួកគេនឹងមិនទទួលចំណែកមត៌កអ្វីក្នុងចំណោមបងប្អូនរបស់ខ្លួនឡើយ ដ្បិតព្រះអម្ចាស់ផ្ទាល់ ជាចំណែកមត៌ករបស់ពួកគេ ដូចព្រះអង្គមានព្រះបន្ទូលស្រាប់។ ពេលប្រជាជនយកគោ និងចៀមមកថ្វាយជាយញ្ញបូជា ពួកគេត្រូវយកសាច់ស្មា សាច់ថ្គាម និងក្រពះ ជូនបូជាចារ្យ។ ត្រូវយកផលដំបូងនៃស្រូវរបស់អ្នក ព្រមទាំងស្រាទំពាំងបាយជូរថ្មី ប្រេង និងរោមចៀមដែលអ្នកកាត់មុនគេ ជូនបូជាចារ្យ ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នក បានជ្រើសរើសបូជាចារ្យ និងពូជពង្សរបស់លោក ពីចំណោមកុលសម្ព័ន្ធនានានៃជនជាតិអ៊ីស្រាអែល ឲ្យនៅបម្រើព្រះអង្គជារៀងរាល់ថ្ងៃ។ ប្រសិនបើពួកលេវីម្នាក់ចាកចេញពីក្រុងណាមួយក្នុងស្រុកអ៊ីស្រាអែល ជាកន្លែងដែលខ្លួនរស់នៅ ហើយមានបំណងទៅនៅកន្លែងដែលព្រះអម្ចាស់ជ្រើសរើស គាត់អាចបំពេញមុខងារបម្រើព្រះអម្ចាស់ ជាព្រះរបស់អ្នក ដូចពួកលេវីឯទៀតៗជាបងប្អូនរបស់ខ្លួន ដែលធ្វើការនៅទីសក្ការៈនោះ ហើយគាត់ក៏អាចទទួលអាហារមួយចំណែកស្មើនឹងពួកលេវីឯទៀតៗ ថែមពីលើអ្វីៗដែលគាត់លក់បាន»។ «កាលណាអ្នកចូលទៅក្នុងស្រុកដែលព្រះអម្ចាស់ ជាព្រះរបស់អ្នកប្រទានឲ្យ មិនត្រូវរៀនយកតម្រាប់តាមអំពើគួរស្អប់ខ្ពើមរបស់ប្រជាជាតិទាំងនោះឡើយ។ ក្នុងចំណោមអ្នករាល់គ្នា មិនត្រូវឲ្យនរណាម្នាក់យកកូនប្រុស កូនស្រីរបស់ខ្លួនទៅបូជាក្នុងភ្លើង ។ មិនត្រូវឲ្យមាននរណាម្នាក់ បញ្ជាន់រូប ទស្សន៍ទាយ ប្រព្រឹត្តមន្តអាគម ឬអំពើអាបធ្មប់ ធ្វើអំពើ ហើយក៏មិនត្រូវឲ្យនរណាម្នាក់ទៅរកគ្រូអន្ទងខ្មោច ទៅរកគ្រូទាយ មើលជោគរាសី និងខាបព្រលឹងដែរ ដ្បិតព្រះអម្ចាស់ចាត់ទុកអ្នកដែលប្រព្រឹត្តអំពើទាំងនេះ ជាមនុស្សគួរស្អប់ខ្ពើម។ ព្រោះតែប្រជាជាតិនានាប្រព្រឹត្តអំពើគួរស្អប់ខ្ពើមទាំងនេះហើយ បានជាព្រះអម្ចាស់ ជាព្រះរបស់អ្នកបណ្ដេញពួកគេចេញពីមុខអ្នក។ អ្នកត្រូវស្មោះត្រង់ចំពោះព្រះអម្ចាស់ ជាព្រះរបស់អ្នកជានិច្ច។ ប្រជាជាតិទាំងឡាយដែលអ្នកនឹងដេញចេញពីទឹកដី តែងតែស្ដាប់ពាក្យរបស់គ្រូទស្សន៍ទាយ និងគ្រូធ្មប់។ ចំណែកឯអ្នកវិញ ព្រះអម្ចាស់ ជាព្រះរបស់អ្នក មិនឲ្យអ្នកប្រព្រឹត្តដូច្នេះឡើយ។
អាន ទុតិយកថា 18
ស្ដាប់នូវ ទុតិយកថា 18
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទុតិយកថា 18:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ