ទុតិយកថា 13:6-18

ទុតិយកថា 13:6-18 គខប

ប្រសិន​បើ​បងប្អូន​បង្កើត​របស់​អ្នក ឬ​កូន​ប្រុស កូន​ស្រី ឬ​ភរិយា​ជា​ទី​ស្រឡាញ់​របស់​អ្នក ឬ​ក៏​មិត្ត‌ភក្ដិ​ដ៏​ជិត​ស្និទ្ធ​របស់​អ្នក មក​បបួល​អ្នក​ដោយ​ស្ងាត់ៗ​ឲ្យ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក និង​ដូនតា​របស់​អ្នក​ពុំ​ស្គាល់ គឺ​ព្រះ​របស់​ជាតិ​សាសន៍​នានា​ដែល​នៅ​ជុំ‌វិញ​អ្នក ទោះ​បី​នៅ​ជិត ឬ​ឆ្ងាយ​ដាច់​ស្រយាល​ក្ដី កុំ​យល់​ស្រប​ជា​មួយ​គេ កុំ​ស្ដាប់​តាម​គេ​ឡើយ។ កុំ​អាណិត​អាសូរ ឬ​ត្រា​ប្រណី​ជន​នោះ​ឲ្យ​សោះ ហើយ​ក៏​មិន​ត្រូវ​ការពារ​គេ​ដែរ។ ផ្ទុយ​ទៅ​វិញ ត្រូវ​តែ​ប្រហារ​ជីវិត​ជន​នោះ គឺ​អ្នក​លើក​ដៃ​ប្រហារ​មុន​គេ បន្ទាប់​មក ទើប​ប្រជា‌ជន​ប្រហារ​តាម​ក្រោយ។ ត្រូវ​យក​ដុំ​ថ្ម​គប់​សម្លាប់​ជន​នេះ ព្រោះ​គេ​ចង់​ទាក់‌ទាញ​អ្នក​ឲ្យ​ចេញ​ឆ្ងាយ​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដែល​បាន​នាំ​អ្នក​ចេញ​ពី​ស្រុក​អេស៊ីប គឺ​ស្រុក​ដែល​អ្នក​ធ្វើ​ជា​ទាសករ។ ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល​នឹង​ដឹង​រឿង​នេះ នាំ​គ្នា​ភ័យ​ខ្លាច ហើយ​លែង​ប្រព្រឹត្ត​អំពើ​ដ៏​អាក្រក់​ដូច្នេះ នៅ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា។ ក្នុង​បណ្ដា​ក្រុង​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ប្រទាន​ឲ្យ​អ្នក​រស់​នៅ ប្រសិន​បើ​អ្នក​ឮ​ដំណឹង​ថា មាន​ជន​ពាល​ក្នុង​ចំណោម​ប្រជា‌ជន​របស់​អ្នក នាំ​គ្នា​បបួល​អ្នក​ក្រុង​ឲ្យ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ដទៃ​ទៀត ជា​ព្រះ​ដែល​អ្នក​រាល់​គ្នា​ពុំ​ស្គាល់។ ពេល​នោះ អ្នក​ត្រូវ​ស៊ើប‌សួរ និង​តាម​ដាន​មើល ព្រម​ទាំង​សាក​សួរ​ដំណឹង​ឲ្យ​ច្បាស់​លាស់​ថា តើ​ការ​នោះ​ពិត ឬ​មិន​ពិត។ ប្រសិន​បើ​មាន​ភស្ដុតាង​ថា អំពើ​ដ៏​គួរ​ស្អប់​ខ្ពើម​នោះ​ពិត​ជា​កើត​មាន​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មែន ត្រូវ​ប្រហារ​អ្នក​ក្រុង​ទាំង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ក្រុង​នោះ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គឺ​ត្រូវ​កម្ទេច​របស់​របរ​នៅ​ក្នុង​ទីក្រុង និង​សម្លាប់​ហ្វូង​សត្វ​ដោយ​មុខ​ដាវ ឥត​ទុក​អ្វី​ឲ្យ​នៅ​សល់​ឡើយ។ ចូរ​ប្រមូល​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ មក​ដាក់​នៅ​ចំ​កណ្ដាល​ទី‌លាន​ក្រុង រួច​ដុត​កម្ទេច​ក្រុង​ជា​មួយ​ទ្រព្យ‌សម្បត្តិ​ទាំង​អស់​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក។ ក្រុង​នោះ​នឹង​ក្លាយ​ទៅ​ជា​ទី​ស្ម‌សាន​រហូត​ត​ទៅ ឥត​មាន​នរណា​សង់​ឡើង​វិញ​ឡើយ។ កុំ​យក​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ថ្វាយ​ផ្ដាច់*​ដល់​ព្រះ‌អម្ចាស់​ឡើយ ដើម្បី​ឲ្យ​ព្រះ‌អម្ចាស់​លែង​ព្រះ‌ពិរោធ។ ព្រះអង្គ​នឹង​សម្តែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​អ្នក ព្រម​ទាំង​ប្រទាន​ឲ្យ​អ្នក​កើន​ចំនួន​ច្រើន​ឡើង ដូច​ព្រះអង្គ​បាន​សន្យា​ជា​មួយ​បុព្វបុរស​របស់​អ្នក ដ្បិត​អ្នក​ស្ដាប់​បង្គាប់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក ដោយ​កាន់​តាម​បទ‌បញ្ជា​ទាំង​ប៉ុន្មាន ដែល​ខ្ញុំ​ប្រគល់​ឲ្យ​អ្នក នៅ​ថ្ងៃ​នេះ ហើយ​ប្រព្រឹត្ត​អំពើ​ត្រឹម​ត្រូវ​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក»។