ពេលឮពាក្យអ្នករាល់គ្នារអ៊ូរទាំ ព្រះអម្ចាស់ទ្រង់ព្រះពិរោធ ហើយមានព្រះបន្ទូលយ៉ាងម៉ឺងម៉ាត់ថា: “ក្នុងចំណោមមនុស្សដ៏អាក្រក់នៅជំនាន់នេះ គ្មាននរណាម្នាក់អាចឃើញស្រុកដ៏ល្អ ដែលយើងបានសន្យាយ៉ាងម៉ឺងម៉ាត់ថា នឹងប្រគល់ឲ្យបុព្វបុរសរបស់អ្នករាល់គ្នាឡើយ លើកលែងតែកាលែប ជាកូនរបស់យេភូនេ។ កាលែបនឹងឃើញស្រុក ហើយយើងប្រគល់ស្រុកដែលគាត់បានដើរកាត់នោះឲ្យគាត់ និងកូនចៅរបស់គាត់ ដ្បិតគាត់បានដើរតាមព្រះអម្ចាស់ ឥតល្អៀងត្រង់ណាឡើយ”។ ព្រោះតែអ្នករាល់គ្នា ព្រះអម្ចាស់ក៏ទ្រង់ព្រះពិរោធនឹងខ្ញុំ ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា “សូម្បីតែអ្នកក៏មិនចូលទៅស្រុកនោះដែរ។ សហការីរបស់អ្នក គឺយ៉ូស្វេ ជាកូនរបស់នូន នឹងចូលទៅក្នុងស្រុក។ ដូច្នេះ ចូរពង្រឹងកម្លាំងរបស់គាត់ ព្រោះគាត់នឹងនាំជនជាតិអ៊ីស្រាអែលចូលទៅកាន់កាប់ស្រុក ដែលជាចំណែកមត៌ករបស់ពួកគេ។ រីឯកូនតូចៗរបស់អ្នករាល់គ្នា ដែលអ្នករាល់គ្នាពោលថា ពួកគេមុខជាធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំង កូនរបស់អ្នករាល់គ្នាដែលសព្វថ្ងៃពុំទាន់ស្គាល់ការអាក្រក់ ឬល្អនៅឡើយ គឺពួកគេហើយដែលចូលទៅក្នុងស្រុកនោះ យើងនឹងប្រគល់ស្រុកឲ្យពួកគេ ហើយពួកគេនឹងកាន់កាប់ទឹកដីនោះ។ ចំណែកឯអ្នករាល់គ្នាវិញ ចូរចេញដំណើរត្រឡប់ទៅវាលរហោស្ថាន តម្រង់ឆ្ពោះទៅកាន់សមុទ្រកក់វិញ”។ ពេលនោះ អ្នករាល់គ្នាឆ្លើយមកខ្ញុំថា “យើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យព្រះអម្ចាស់ ហេតុនេះយើងខ្ញុំនឹងឡើងទៅវាយយកស្រុក តាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃយើងខ្ញុំ បានបង្គាប់យើងខ្ញុំ”។ ពេលនោះ អ្នករាល់គ្នាប្រដាប់អាវុធរៀងៗខ្លួន ព្រោះអ្នករាល់គ្នាគិតថាងាយស្រួលក្នុងការវាយយកតំបន់ភ្នំ។ ព្រះអម្ចាស់មានព្រះបន្ទូលមកខ្ញុំថា “ចូរប្រាប់ពួកគេកុំឲ្យឡើងទៅវាយយកស្រុកនោះឡើយ ដ្បិតយើងមិនស្ថិតនៅក្នុងចំណោមអ្នករាល់គ្នាទេ ខ្មាំងសត្រូវមុខជាវាយអ្នករាល់គ្នាឲ្យបរាជ័យមិនខាន”។ ខ្ញុំបានប្រាប់អ្នករាល់គ្នា តែអ្នករាល់គ្នាពុំស្ដាប់ឡើយ អ្នករាល់គ្នាបះបោរប្រឆាំងនឹងបញ្ជារបស់ព្រះអម្ចាស់ ហើយនាំគ្នាឡើងទៅលើភ្នំដោយអួតអាង។ ពេលនោះ ជនជាតិអាម៉ូរីដែលរស់នៅលើភ្នំ លើកទ័ពចេញមកតទល់នឹងអ្នករាល់គ្នា ហើយដេញតាមអ្នករាល់គ្នា ដូចឃ្មុំដេញទិច។ ពួកគេកម្ទេចអ្នករាល់គ្នានៅតំបន់ភ្នំសៀរ ហើយដេញតាមអ្នករាល់គ្នារហូតដល់ហោម៉ា។ ពេលត្រឡប់មកវិញ អ្នករាល់គ្នាយំសោកនៅចំពោះព្រះភ័ក្ត្រព្រះអម្ចាស់ ប៉ុន្តែ ព្រះអង្គពុំបានផ្ទៀងព្រះកាណ៌ស្ដាប់អ្នករាល់គ្នាទេ។ អ្នករាល់គ្នាក៏រស់នៅត្រង់កាដេសនោះអស់រយៈពេលជាយូរថ្ងៃ។
អាន ទុតិយកថា 1
ស្ដាប់នូវ ទុតិយកថា 1
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ទុតិយកថា 1:34-46
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
ទំព័រដើម
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ