ដានីយ៉ែល 6:6-10

ដានីយ៉ែល 6:6-10 គខប

បន្ទាប់​មក ពួក​មហា‌មន្ត្រី និង​ចៅហ្វាយ​ខេត្ត បាន​លើក​គ្នា​ចូល​ទៅ​គាល់​ព្រះ‌មហា‌ក្សត្រ​ទូល​ថា៖ «បពិត្រ​ព្រះ‌មហា‌ក្សត្រ ដារី‌យូស សូម​ទ្រង់​មាន​ព្រះ‌ជន្ម​គង់​នៅ​រហូត​ត​ទៅ! មហា‌មន្ត្រី​ទាំង​អស់​ក្នុង​រាជា‌ណាចក្រ ព្រម​ទាំង​មន្ត្រី​រដ្ឋ‌បាល មេ‌ទ័ព​ក្រុម​ប្រឹក្សា​ព្រះ‌រាជ​បល្ល័ង្ក និង​ចៅហ្វាយ​ខេត្ត​ទាំង​ប៉ុន្មាន​បាន​មូល​មតិ​គ្នា សូម​ឲ្យ​ស្ដេច​ចេញ​រាជ‌ក្រឹត្យ​មួយ ដើម្បី​ប្រកាស​បំរាម​ដូច​ត​ទៅ: “បពិត្រ​ព្រះ‌រាជា ក្នុង​អំឡុង​ពេល​សាម‌សិប​ថ្ងៃ បើ​អ្នក​ណា​ទូល‌អង្វរ​សូម​អ្វី​ពី​ព្រះ​ណា​មួយ ឬ​ពី​មនុស្ស​ណា​ម្នាក់ ក្រៅ​ពី​ព្រះ‌ករុណា អ្នក​នោះ​នឹង​ត្រូវ​បោះ​ទៅ​ក្នុង​រូង​តោ”។ បពិត្រ​ព្រះ‌រាជា ឥឡូវ​នេះ សូម​ទ្រង់​ឡាយ​ព្រះ‌ហស្ដ​លេខា​បញ្ជាក់​បំរាម​នេះ ដើម្បី​ឲ្យ​បាន​ស្រប​តាម​ច្បាប់​របស់​ជន‌ជាតិ​មេឌី និង​ជន‌ជាតិ​ពែរ្ស​ដែល​ឥត​ផ្លាស់​ប្ដូរ ឬ​ប្រែ​ក្រឡាស់​បាន​ឡើយ»។ ព្រះចៅ​ដារី‌យូស​ក៏​ឡាយ​ព្រះ‌ហស្ដ​លេខា​លើ​រាជ‌ក្រឹត្យ​ប្រកាស​បំរាម​នោះ។ កាល​លោក​ដានី‌យ៉ែល​បាន​ជ្រាប​អំពី​រាជ‌ក្រឹត្យ​នេះ លោក​ក៏​ឡើង​ទៅ​លើ​បន្ទប់​មួយ ក្នុង​ផ្ទះ​របស់​លោក​ដែល​មាន​បង្អួច​ចំហ បែរ​ទៅ​រក​ក្រុង​យេរូ‌សាឡឹម។ លោក​លុត​ជង្គង់​អធិស្ឋាន និង​សរសើរ​ព្រះ​របស់​លោក​ដូច​សព្វ​ដង គឺ​ក្នុង​មួយ​ថ្ងៃ​បី​ដង។