ដានីយ៉ែល 4:1-9

ដានីយ៉ែល 4:1-9 គខប

«យើង នេប៊ូ‌ក្នេសា ជា​ព្រះ‌មហា‌ក្សត្រ ជូន​ចំពោះ​ប្រជា‌ជន​ទាំង​អស់ ចំពោះ​ប្រជា‌ជាតិ​នានា និង​ចំពោះ​មនុស្ស​គ្រប់​ភាសា​ដែល​រស់​នៅ​លើ​ផែនដី​ទាំង​មូល។ សូម​ឲ្យ​អ្នក​រាល់​គ្នា​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​យ៉ាង​បរិបូណ៌! យើង​យល់​ឃើញ​ថា គួរ​តែ​រៀប​រាប់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ពី​ទី​សម្គាល់ និង​ឫទ្ធិ‌បាដិហារិយ៍​ផ្សេងៗ​ដែល​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​សម្តែង​ចំពោះ​យើង។ ទី​សម្គាល់​របស់​ព្រះអង្គ​ធំ​ឧត្ដុង្គ‌ឧត្ដម​ណាស់ បាដិហារិយ៍​របស់​ព្រះអង្គ ក៏​ប្រកប​ដោយ​ឫទ្ធិ‌បារមី​ដែរ! ព្រះ‌រាជ្យ​របស់​ព្រះអង្គ​ជា​រាជ្យ​ស្ថិត‌ស្ថេរ អស់‌កល្ប​ជានិច្ច ហើយ​ព្រះអង្គ​គ្រង​រាជ្យ​អស់‌កល្ប ជា​អង្វែង​ត​រៀង​ទៅ។ យើង នេប៊ូ‌ក្នេសា កំពុង​តែ​រស់​នៅ​យ៉ាង​សុខ​ស្រួល ក្នុង​ព្រះ‌បរម‌រាជ​វាំង​ជា​មួយ​ក្រុម​គ្រួសារ​របស់​យើង។ យើង​បាន​សុបិន​ធ្វើ​ឲ្យ​យើង​ភ័យ​តក់‌ស្លុត​ជា​ខ្លាំង។ សូម្បី​តែ​នៅ​លើ​ក្រឡា‌បន្ទំ យើង​នៅ​តែ​នឹក​គិត​អំពី​សុបិន​នេះ​ជានិច្ច ហើយ​ចិត្ត​យើង​ខ្វាយ​ខ្វល់​ណាស់។ យើង​ឲ្យ​គេ​កោះ​ហៅ​អ្នក​ប្រាជ្ញ​ទាំង​ប៉ុន្មាន​នៅ​ស្រុក​បាប៊ី‌ឡូន​មក​ជួប​យើង ដើម្បី​កាត់​ស្រាយ​សុបិន​នេះ​ឲ្យ​យើង។ ពេល​នោះ ពួក​គ្រូ​មន្ត‌អាគម ពួក​ហោរា គ្រូ​ទាយ ព្រម​ទាំង​គ្រូ​ធ្មប់​ផ្សេងៗ​បាន​នាំ​គ្នា​មក។ យើង​រៀប​រាប់​ប្រាប់​ពួក​គេ​អំពី​សុបិន​របស់​យើង ប៉ុន្តែ ពួក​គេ​ពុំ​អាច​កាត់​ស្រាយ​អត្ថ‌ន័យ​ប្រាប់​យើង​បាន​ឡើយ។ នៅ​ទី​បំផុត លោក​ដានី‌យ៉ែល​ចូល​មក (លោក​ក៏​មាន​នាម​ថា “បេល‌ថិស្សា‌សារ” តាម​នាម​ព្រះ​របស់​យើង​ដែរ) ហើយ​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ នៅ​ក្នុង​ខ្លួន។ យើង​បាន​រៀប​រាប់​ឲ្យ​លោក​ដឹង​ពី​សុបិន​របស់​យើង ដូច​ត​ទៅ: “លោក​បេល‌ថិស្សា‌សារ ជា​ប្រមុខ​លើ​ពួក​គ្រូ​ទាំង​អស់​អើយ យើង​ដឹង​ថា លោក​មាន​វិញ្ញាណ​របស់​ព្រះ​ដ៏វិសុទ្ធ​នៅ​ក្នុង​ខ្លួន ហើយ​លោក​ដឹង​ការ​លាក់​កំបាំង​ទាំង​អស់។ ហេតុ​នេះ សុំ​លោក​កាត់​ស្រាយ​ន័យ​របស់​និមិត្ត‌ហេតុ​ដ៏​អស្ចារ្យ ដែល​យើង​បាន​ឃើញ​ក្នុង​សុបិន​ឲ្យ​យើង​ដឹង​ផង។