រីឯខ្ញុំវិញ នៅឆ្នាំទីមួយនៃរជ្ជកាលព្រះចៅដារីយុស ជាជនជាតិមេឌី ខ្ញុំបានស្ថិតនៅជាមួយមហាទេវតាមីកែល ដើម្បីជួយគាំទ្រលោក។ ឥឡូវនេះ ខ្ញុំសូមប្រាប់សេចក្ដីពិតជូនលោក ដូចតទៅ: ស្ដេចបីអង្គនឹងឡើងគ្រងរាជ្យលើចក្រភពពែរ្ស បន្ទាប់មក មានស្ដេចទីបួនដែលប្រមូលបានទ្រព្យសម្បត្តិច្រើនជាងស្ដេចឯទៀតៗ។ ពេលស្ដេចនោះមានអំណាចរឹងប៉ឹង ដោយសារទ្រព្យសម្បត្តិដ៏ច្រើន ស្ដេចក៏ប្រើគ្រប់មធ្យោបាយធ្វើសឹកនឹងអាណាចក្រក្រិក។ ប៉ុន្តែ នឹងមានស្ដេចមួយអង្គទៀតដ៏ពូកែឡើងគ្រងរាជ្យ ប្រកបដោយឫទ្ធិអំណាចជាខ្លាំង ហើយស្ដេចនេះធ្វើអ្វីៗបានស្រេចតែនឹងចិត្ត។ ពេលស្ដេចបានថ្កុំថ្កើងឡើង ចក្រភពរបស់ស្ដេចត្រូវបាក់បែកជាបួនចំណែក។ ព្រះរាជវង្សរបស់ស្ដេចនឹងមិនស្នងរាជសម្បត្តិឡើយ ដ្បិតរាជសម្បត្តិនោះត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់អ្នកផ្សេង តែអ្នកទាំងនោះពុំមានឫទ្ធិអំណាចដូចស្ដេចមុនទេ។ ស្ដេចរបស់អាណាចក្រខាងត្បូងនឹងមានឫទ្ធិអំណាចយ៉ាងខ្លាំង តែមេទ័ពមួយរូបរបស់ស្ដេចនឹងមានអំណាចខ្លាំងជាង ក៏ឡើងគ្រប់គ្រងស្រុកដែរ ហើយអាណាចក្ររបស់លោកមានអំណាចខ្លាំងជាងអាណាចក្ររបស់ស្ដេចនោះ។ ប៉ុន្មានឆ្នាំក្រោយមកទៀត គេនឹងចងស្ពានមេត្រីជាមួយគ្នាវិញ គឺបុត្រីរបស់ស្ដេចអាណាចក្រខាងត្បូង នឹងទៅនៅជាមួយស្ដេចរបស់អាណាចក្រខាងជើង ដើម្បីបញ្ជាក់អំពីចំណងនៃស្ពានមេត្រីនេះ។ ប៉ុន្តែ នាងរក្សាអំណាចមិនបានយូរទេ ហើយស្ដេចខាងត្បូង និងរាជវង្សក៏មិនស្ថិតស្ថេរដែរ គឺទាំងនាង ទាំងអស់អ្នកដែលហែហមនាង ទាំងបិតា ទាំងអ្នកដែលជួយគាំទ្រនាង នឹងត្រូវគេប្រហារជីវិតនៅពេលនោះ។ ពេលនោះ នឹងមានស្ដេចមួយអង្គដែលកើតចេញពីវង្សត្រកូលរបស់នាង ហើយស្នងរាជ្យជំនួសបិតា។ ស្ដេចនេះនឹងលើកទ័ពទៅវាយលុកបន្ទាយរបស់ស្ដេចខាងជើង ហើយមានជ័យជម្នះ។ ស្ដេចនាំយកជយភណ្ឌទៅស្រុកអេស៊ីប គឺមានរូបព្រះ រូបសំណាកផ្សេងៗ ដែលធ្វើពីលោហធាតុដ៏ភ្លឺៗ និងវត្ថុដ៏មានតម្លៃធ្វើពីប្រាក់ ពីមាសជាដើម។ បន្ទាប់មក ស្ដេចនេះនឹងឈប់ធ្វើសឹកសង្គ្រាមជាមួយស្ដេចខាងជើងមួយរយៈ។ ក្រោយមក ស្ដេចខាងជើងក៏ចេញទៅច្បាំងនឹងអាណាចក្ររបស់ស្ដេចខាងត្បូង រួចវិលត្រឡប់ទៅទឹកដីរបស់ខ្លួនវិញ។ បុត្ររបស់ស្ដេចនោះនាំគ្នាលើកទ័ពទៅច្បាំង ដោយប្រមូលកងពលយ៉ាងច្រើនឥតឧបមា។ បុត្រមួយអង្គវាយឆ្លងព្រំដែនដូចទឹកជំនន់ហូរយ៉ាងខ្លាំង រួចវិលត្រឡប់ទៅស្រុករបស់ខ្លួន ទាំងវាយលុកក្រុងមួយដែលមានកំពែងនៅតាមផ្លូវផង។ ពេលនោះ ស្ដេចខាងត្បូងក្ដៅក្រហាយយ៉ាងខ្លាំង ក៏លើកទ័ពយ៉ាងច្រើនទៅវាយលុកស្ដេចខាងជើង ហើយកងទ័ពដ៏ច្រើនរបស់ស្ដេចខាងជើង ត្រូវធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់ស្ដេចខាងត្បូង។ ដោយឃើញខ្មាំងយ៉ាងច្រើនធ្លាក់ក្នុងកណ្ដាប់ដៃខ្លួនដូច្នេះ ស្ដេចក៏មានចិត្តអួតបំប៉ោង ហើយប្រហារជីវិតពួកគេរាប់ម៉ឺនរាប់សែន។ ទោះបីយ៉ាងនេះក៏ដោយ ក៏ស្ដេចនៅតែយកជ័យជម្នះពុំបានដែរ។ ស្ដេចខាងជើងវិលត្រឡប់មកវិញ ទាំងលើកទ័ពច្រើនជាងមុន។ ប៉ុន្មានឆ្នាំក្រោយមក ស្ដេចខាងជើងនឹងលើកទ័ពយ៉ាងធំទាំងមានគ្រឿងសស្ត្រាវុធយ៉ាងច្រើនមកជាមួយផង។ នៅគ្រានោះ នឹងមានមនុស្សជាច្រើនប្រឆាំងនឹងស្ដេចខាងត្បូង ហើយមានមនុស្សឃោរឃៅជាច្រើនក្នុងចំណោមប្រជាជនរបស់លោក លើកគ្នាបះបោរ ស្របតាមនិមិត្តហេតុដ៏អស្ចារ្យនោះ តែពួកគេពុំអាចសម្រេចគម្រោងការរបស់ខ្លួនបានឡើយ។
អាន ដានីយ៉ែល 11
ស្ដាប់នូវ ដានីយ៉ែល 11
ចែករំលែក
ប្រៀបធៀបគ្រប់ជំនាន់បកប្រែ: ដានីយ៉ែល 11:1-14
រក្សាទុកខគម្ពីរ អានគម្ពីរពេលអត់មានអ៊ីនធឺណេត មើលឃ្លីបមេរៀន និងមានអ្វីៗជាច្រើនទៀត!
គេហ៍
ព្រះគម្ពីរ
គម្រោងអាន
វីដេអូ